ភ្នំពេញៈ តុលាការ​បារាំង​បាន​សម្រេច​ចោទប្រកាន់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ចំពោះ​បុគ្គល​តាម​បណ្ដឹង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌី វិជ្ជា ជុំវិញ​ការចោទប្រកាន់​លោក ហ៊ុន សែន ថា​ជា​អ្នកបញ្ជា​ឱ្យ​មាន​ការសម្លាប់​លោក ហុក ឡង់ឌី អតីត​ស្នងការ​នគរបាលជាតិ​។

លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​រដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា យោងតាម​លិខិត​មួយ​ដែល​ទទួលបាន​ពី​ក្រុម​មេធាវី​នៅ​បារាំង​បញ្ជាក់​ថា កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​ប៉ារីស​បាន​សម្រេច​ដាក់​លោក សម រង្ស៊ី ឱ្យ​ស្ថិត​នៅ​ក្រោម​ការចោទប្រកាន់​អំពី​បទបរិហារកេរ្តិ៍​។

លោក​ថា​៖ «​សូមបញ្ជាក់​ជូន​ថា មេធាវី​រដ្ឋាភិបាល​កម្ពុជា​យើង​បាន​ទទួល​ព័ត៌មាន​នេះ តាម​លិខិត​ជា​ភាសា​បារាំង​មាន​ប្រថាប់ត្រា​ច្បាស់លាស់​អំពី​ការិយាល័យ​មេធាវី​នៅ​បារាំង​អំពី​ការចោទប្រកាន់​ទៅលើ​បុគ្គល សម រង្ស៊ី ហើយ​នេះ​គឺជា​ការពិត​»​។

នៅក្នុង​លិខិត​មួយ​ទំព័រ ដែល​បកប្រែ​ពី​ភាសា​បារាំង​បញ្ជាក់ដែរថា ការចោទប្រកាន់​លោក សម រង្ស៊ី នេះ ត្រូវ​បាន​ធ្វើ​ចំពោះ​គ្រប់​ពាក្យសម្ដី​ចោទប្រកាន់​ទាំងអស់​ដែល​បានលើកឡើង​នៅក្នុង​ពាក្យបណ្ដឹង​របស់​លោក ហ៊ុន សែន ចុះ​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​ ២០១៩​។ លិខិត​បន្តថា ការបញ្ជូន​ខ្លួន​លោក សម រង្ស៊ី ទៅ​តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​ប៉ារីស ដើម្បី​កាត់ទោស គឺជា​រឿង​មិនអាច​ចៀសផុត​ឡើយ​។ «​ចៅក្រម​ស៊ើបសួរ​បារាំង​បាន​ចាត់ទុកថា មាន​តម្រុយ​ និង​ភ័ស្ដុតាង​គ្រប់គ្រាន់​ និង​ស៊ីសង្វាក់ ដែល​អាច​បញ្ជាក់​ថា​បុគ្គល សម រង្ស៊ី បាន​ប្រព្រឹត្ត​បទល្មើស​ដែល​បាន​ចោទប្រកាន់​ខាងលើ​។ សូមបញ្ជាក់ថា បុគ្គល​ សម រង្ស៊ី​ មិន​បាន​ធ្វើការ​ជំទាស់​នឹង​ពាក្យសម្ដី​របស់​ខ្លួន ដែល​ត្រូវបាន​ចោទប្រកាន់​នោះទេ​»​។

លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​កូនប្រសា​លោក ហ៊ុន សែន បាន​ប្ដឹង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ទៅ​តុលាការ​បារាំង បន្ទាប់ពី​លោក សម រង្ស៊ី បាន​លើកឡើងថា លោក ហ៊ុន សែន គឺជា​អ្នកសម្លាប់​លោក ហុក ឡង់ឌី តាមរយៈ​ការបញ្ជា​ឱ្យ​បំផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​លោក ហុក ឡង់ឌី បាន​ជិះ​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ខេត្ត​ស្វាយរៀង​កាលពី​ឆ្នាំ​ ២០០៨​។

លោក សម រង្ស៊ី ថែមទាំង​បានលើកឡើង​ទៀតថា លោក​ ឌី វិជ្ជា កូនប្រុស​របស់​លោក ហុក ឡង់ឌី និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ​ផែនការ ដើម្បី​សងសឹក​លោក ហ៊ុន សែន​។

នៅក្នុង​សារ​តាមរយៈ​អ៊ីមែល​ផ្ញើមក​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ម្សិលមិញ​លោក សម រង្ស៊ី មិន​ឆ្លើយតប​ទៅនឹង​ការសម្រេច​របស់​តុលាការ​ទីក្រុង​ប៉ារីស ដែល​បានសម្រេច​ចោទប្រកាន់​លោក​តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា ឡើយ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា លោក​ ហ៊ុន សែន ​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​លោក​ហើយ​បានផ្ដល់​ឱកាស​មាស​ដ៏កម្រ​ឱ្យ​លោក​បាន​លាតត្រដាង​អំពី​អំពើ​ឧក្រិដ្ឋ​របស់​លោក ហ៊ុន សែន និង​ក្រុមគ្រួសារ​លោក​ ហ៊ុន សែន នៅ​ចំពោះមុខ​តុលាការ​ឯករាជ្យ​មួយ​។

លោក សម រង្ស៊ី បញ្ជាក់​ថា​អំពើ​ឧក្រិដ្ឋ​ដែល​លោក​ត្រូវ​លាតត្រដាង​នោះ ដូចជា​អំពើ​ភេរវកម្ម​គប់​គ្រាប់បែកដៃ​នៅ​ភ្នំពេញ​នៅ​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ១៩៩៧ ការលួច​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពិលិកា កាលពី​ឆ្នាំ​ ១៩៩៩ ពី​សំណាក់​ភរិយា​លោក ហ៊ុន សែន ​គឺ​លោកស្រី ប៊ុន រ៉ានី ការធ្វើឃាត​លោក ជា វិជ្ជា លោក​ឈុត វុទ្ធី និង​លោក កែម ឡី ជាដើម​។ «​តាម​ការពិត ពាក្យបណ្តឹង​របស់​ ហ៊ុន សែន នេះ​នាំ​មក​នូវ​ក្តីសង្ឃឹម​ឲ្យ​យើង​វិញ​ទេ ក្នុង​ការតស៊ូ​របស់​យើង ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បញ្ជាក់​ថា អ្វីដែល​លោក​ សម រង្ស៊ី ចង់​លាតត្រដាង​នោះ គឺជា​រឿង​បំភ្លៃ ដើម្បី​ធ្វើឱ្យ​មាន​ការយល់ច្រឡំ ខណៈ​លោក​ថា អ្វី​ដែល​តុលាការ​បារាំង​បាន​ចោទប្រកាន់​នៅពេល​នេះ​គឺ​ឈរ​នៅលើ​អង្គហេតុ​។ «​ឥរិយាបថ​របស់​ សម រង្ស៊ី គឺជា​អ្នក​នយោបាយ​មួយ​ដែល​គ្មាន​កិត្តិយស ក្រៅតែ​ពី​ការបំភ្លៃ និង​ប្រឌិត​ដើម្បី​ធ្វើ​ឱ្យគេ​យល់ច្រឡំ អាហ្នឹង​គឺជា​ជំនាញ​របស់​គាត់​ហើយ ហើយ​គាត់​និយាយ​ថា ជា​ឱកាស​មាស​នោះ​ហើយ​គឺជា​ឱកាស​មាស​ប៉ុណ្ណោះឯង​!»៕

វីដេអូ៖