ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្ដើម​បើកសវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ប្រមាណ ១៥០ ​នាក់​ ចាប់ពី​ថ្ងៃ​ទី​ ២៥ និង​ ២៦ វិច្ឆិកា ពាក់ព័ន្ធ​នឹង​បទ​ចោទ «​ឧបឃាត​» «​រួមគំនិត​ក្បត់​» និង​ «​ញុះញង់​» ដែល​ជនជាប់ចោទ​មាន​ទាំង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្ក្រោះជាតិ និង​អ្នកគាំទ្រ ដែល​ប្រកាស​គាំទ្រ​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី នា​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។

បើតាម​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​តំណាង​រដ្ឋាភិបាល​លោក​ សួង ចាន់ថន សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​សំណុំរឿង​ «​ឧបឃាត​» នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា បន្ទាប់ពី​បាន​លើក​ពេល​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា​។ ក្នុង​សំណុំ​រឿង​នេះ​មាន​ជនជាប់ចោទ​ ៩ ​រូប​ដែល​ជា​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ដែល​រួមមាន​លោក​ សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ ជាដើម​។

ប៉ុន្តែ​បើតាម​លោក សំ សុគង់ ដែលជា​មេធាវី​ការពារ​ជនជាប់ចោទ​ឱ្យដឹងថា ដីកា​ដែល​សមត្ថកិច្ច​យកទៅ​បិទ​នៅ​កន្លែង​អតីត​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​នៅ​ចាក់អង្រែ​ក្រោម​ក្នុង​ខណ្ឌ​មានជ័យ​គឺ​សំណុំរឿង​លើ​អតីតមន្ត្រី និង​អ្នកគាំទ្រ​បក្សប្រឆាំង​មាន ​៣ ​ប្រភេទ​ ដែល​រួមមាន​បទ​ចោទ​ឧបឃាត រួមគំនិត​ក្បត់ និង​ញុះញង់​។ សម្រាប់​ជនជាប់ចោទ​ ១១៤ ​នាក់​ទៀត ​ដែល​នឹង​បើកសវនាការ​នៅ​ថ្ងៃទី​ ២៦ ខែវិច្ឆិកា គឺពាក់ព័ន្ធ​នឹង​បទចោទ​ «​រួមគំនិត​ក្បត់​» ​និង​ «​ញុះញង់​»​។

លោក​ សំ សុគង់ ថ្លែង​ដូច្នេះ​ថា​៖ «​មកទល់​ពេលនេះ យើង​អត់​ទាន់​មាន​ចំនួន​មនុស្ស​ដែល​ត្រូវបាន​ចោទប្រកាន់​ពិតប្រាកដ​ទេ ដោយសារតែ​កូនក្ដី​គាត់​បាន​ទទួល​ដីកាកោះ​ចូល​សវនាការ​មាន​ជា​ហូរហែ វា​មិនទាន់​បាន​ទាំងអស់​គ្នា​ទេ​។ អ្នក​ដែល​ទទួល​បាន​ដីកា​កោះហៅ​ឱ្យចូល​សវនាការ​មាន​ភាគតិច​ទេ ភាគច្រើន​មិនទាន់​បាន​ទទួល​ទេ​។ អ៊ីចឹង ចំនួន​ដែល​ត្រូវ​បាន​កោះហៅ​មាន​ជិត​ ១៥០​ នាក់​»​។

លោក​មេធាវី​ឱ្យដឹងថា កូនក្ដី​លោក​ជាង​ ១០០ ​នាក់​ ជាប់ចោទ​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ លោក​ថា ចំនួន​កូនក្ដី​ច្រើន​បែបនេះ ហើយ​ចូល​សវនាការ​ក្នុង​ថ្ងៃ​តែ​ ១ វា​ជា​ការលំបាក​សម្រាប់​លោក​។ ទោះយ៉ាងណា បើ​តាម​លោក​មេធាវី​កូនក្ដី​លោក​ភាគច្រើន​បាន​រត់​ទៅ​ក្រៅប្រទេស​ដើម្បី​គេច​ពី​ការចាប់ខ្លួន​។ សម្រាប់​អ្នក​នៅក្នុង​ប្រទេស អ្នកខ្លះ​មិនបាន​ដឹងថា​តុលាការ​បាន​ចោទប្រកាន់​នោះទេ ហើយ​ទើបតែ​ទទួលបាន​ដីកា​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​មេធាវី​មាន​ការលំបាក​ក្នុងការ​ត្រៀមខ្លួន​ការពារ​ពួកគាត់​។ មួយទៀត​ទាក់ទង​នឹង​ការពិគ្រោះ​យោបល់​ផ្លូវច្បាប់​ជាមួយ​ពួកគាត់ ដោយសារ​តែ​យើង​ប្រើ​ប្រព័ន្ធ​អនឡាញ និង​ទូរស័ព្ទ​។ ពួកគាត់​មាន​ចំនួន​ច្រើន ដែល​យើង​មិនអាច​ជួប​គាត់​ទាំងអស់​បាន​។ ការលំបាក​មួយទៀត​គឺ​យើង​មិនបាន​សិក្សា​សំណុំរឿង​ឱ្យបាន​ច្បាស់​ចំនួន​កូនក្ដី​ច្រើន ហើយ​បទ​ចោទ​សុទ្ធតែ​បទឧក្រិដ្ឋ​»​។

ប្រសិន​បើ​សវនាការ​បើក​នៅ​ថ្ងៃទី​ ២៦ វិច្ឆិកា សម្រាប់​ជនជាប់ចោទ​ទាំង​ជាង​ ១០០ ​នាក់​នោះ វា​ពិបាក​ក្នុង​ការធានា​នូវ​យុត្តិធម៌​សម្រាប់​ជនជាប់ចោទ ដោយសារ​តែ​សវនាការ​សាធារណៈ​ត្រូវ​រៀបចំ​ឱ្យមាន​ស្តង់ដា​មួយ រួមមាន​ទាំង​វត្តមាន​របស់​សាធារណជន​។ ការ​សួរដេញដោល​ក៏​នឹង​ជួប​ការលំបាក​។ នេះ​បើតាម​លោក​ សំ សុគង់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​សវនាការ​អាចទៅរួច ប៉ុន្តែ​ប្រហែល​ជា​មាន​ការជជែក​គ្នាច្រើន​អំពី​ការរៀបចំ​សវនាការ​ដែលមាន​ស្តង់ដា​ទៅតាម​សាលាក្ដី​ខ្មែរ​ក្រហម​។ យើង​អាច​កំណត់​កាលវិភាគ និង​ពេលវេលា​ថា សវនាការ​សប្ដាហ៍​នេះ​មាន​ជនជាប់ចោទ​ប៉ុន្មាន​នាក់ និង​សាក្សី​ប៉ុន្មាន​នាក់ ដែល​ត្រូវ​ចូលរួម ដើម្បី​កុំឱ្យ​យក​ពួកគាត់​មកឱ្យ​អង្គុយចាំ ហើយ​សវនាការ​សួរ​បាន​ម្នាក់​ ឬ​ ២ ​នាក់ ហើយ​ឱ្យ​គាត់​ត្រឡប់​ទៅវិញ ដែល​ធ្វើឱ្យ​គាត់​ខាត​ពេល​»​។

លោក​ ឌឹម សារឿន មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្តបាត់ដំបង ដែល​ជា​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​ជនជាប់ចោទ​ ៦៧ ​នាក់​ បាន​ថ្លែង​ពីថ្ងៃ​ទី​ ២៣ វិច្ឆិកា ថា​ លោក​នឹង​ចូល​សវនាការ​តាម​ការកោះហៅ​របស់​តុលាការ​។

ភ្នំពេញ ​ប៉ុស្តិ៍ ​មិនអាច​ទាក់ទង​លោក គុជ គឹមឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការបញ្ជាក់​ពី​ចំនួន​ជនជាប់ចោទ​សរុប​ដែល​នឹងត្រូវ​ចូលមក​សវនាការ​ទេ​កាលពី​ថ្ងៃទី​ ២៣ វិច្ឆិកា​។

អ្នកវិភាគ​នយោបាយ​ចាស់វស្សា​លោក​ ឡៅ ម៉ុងហៃ ថ្លែងថា ការចាប់​ខ្លួន​អ្នក​តវ៉ា​ថ្មីៗ​នេះ និង​ការកោះហៅ​សកម្មជន​អតីត​បក្សប្រឆាំង​ឱ្យចូល​សវនាការ គឺមាន​សភាព​ដូច​កាលពី​ឆ្នាំ​ ២០១៤​។ ពេលនោះ​អ្នក​រាយការណ៍​ពិសេស​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក Surya Subedi បានបង្ហាញ​ក្ដី​ទុក្ខព្រួយ​នៅពេល​លោក​ឃើញ​តុលាការ​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍​របស់​អង្គ​នីតិប្រតិបត្តិ​ម្ដង​ហើយ​ម្ដងទៀត​។

លោក​ ម៉ុងហៃ បាន​ថ្លែងថា​៖ «​ស្ថានភាព​នៃ​តុលាការ​មិនបាន​ផ្លាស់ប្ដូរ​ទេ តាំងពី​ពេលនោះ​មក ហើយ​ការសង្ឃឹម​ថា​នឹង​បាន​យុត្តិធម៌​ពី​តុលាការ គឺ​ហាក់ដូចជា​គិត​ដោយ​ក្ដី​បំណង​ប៉ុណ្ណោះ​»​។

ទោះយ៉ាងណា​លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែងថា វា​មិនមែនជា​រឿង​ចម្លែក​ទេ ដែល​បទចោទ​ទាំង​ ៣ ​នេះ​មាន​ជនជាប់ចោទ​ច្រើន​ដូច្នេះ​។ លោក​ពន្យល់ថា បទល្មើស​ខ្លះ​មាន​ជនជាប់ចោទ​តែ​ម្នាក់​ទេ ប៉ុន្តែ​បទល្មើស​ខ្លះ​មាន​ជនជាប់ចោទ​ច្រើន ដោយសារ​តែ​ការប្រព្រឹត្ត​ធ្វើឡើង​ជា​ប្រព័ន្ធ និង​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​សម្រាប់​នីតិវិធី​តុលាការ មិន​ថា​អ្នក​ជាប់​ពាក់ព័ន្ធ​តិច​ ឬ​ច្រើន​ទេ ឱ្យ​តែមាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​រឹងមាំ​បង្ហាញថា មាន​អ្នក​ជាប់​ពាក់ព័ន្ធ អ្នកផ្ដើមគំនិត និង​អ្នក​សមគំនិត អ្នក​ទាំងអស់​នោះ​ត្រូវ​ទទួល​ខុសត្រូវ​លើ​អំពើ​ល្មើស​របស់ខ្លួន​ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​»៕