ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​សំណុំ​រឿង​ «​សូកប៉ាន់​សាក្សី​» ​របស់​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក ៥ រូប​ពាក់ព័ន្ធ​នឹង​ករណី​ផ្តល់​សេវា​គាំទ្រ​របស់​អង្គការ​ដែល​ល្បីឈ្មោះ​មួយ​នេះ​ទៅ​កញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ ស្រី មុំ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ចុងចោទ​ទាំង ៥ រូប​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ណែនាំ​កញ្ញា ស្រីមុំ ឲ្យ​កុហក​អំពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយ​លោក​ កឹម សុខា​។

មន្ត្រី​អង្គការ​អាដហុក​ទាំង​ ៥ ​រូប​រួមមាន​លោក ណៃ វង់ដា លោក នី សុខា លោក​ យី សុខសាន លោកស្រី លឹម មុនី និង​អតីត​បុគ្គលិក​អង្គការ​អាដហុក លោក នី ចរិយា ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

អ្នក​ទាំង​ ៥ ​បាន​ចូលរួម​សវនាការ​នេះ​។ សវនាការ​ពេញ​ ១ ​ថ្ងៃ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​សាក្សី​គឺ កញ្ញា ស្រីមុំ និង​មេធាវី​របស់​នាង ទ្រី ឈួន នោះ​ទេ​ដែល​ចុងចោទ​ទាំង​ ៥ ​រូប​ និង មេធាវី​ទាមទារ​ឲ្យ​មាន​វត្តមាន​របស់​ពួកគេ​នៅក្នុង​សវនាការ​។

លោកស្រី ​ទ្រី ឈួន ​ធ្លាប់​ជា​មេធាវី​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក ប៉ុន្តែ​ក្រោយ​មក​បាន​ប្រឆាំង​នឹង​អង្គការ​ដែល​តែងតែ​ជួយ​គាំពារ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ​វិញ​។

ប្រធាន​ចៅក្រម​ជំនុំជម្រះ ឌុច សុខ សារីន បាន​ថ្លែង​ថា​តុលាការ​បាន​កោះហៅ​សាក្សី​ទាំង​ ២ ​ទៅ​តាម​នីតិវិធី​ ប៉ុន្តែ​កញ្ញា​ ស្រីមុំ បាន​ផ្លាស់ប្តូរ​អាសយដ្ឋាន ខណៈ​លោកស្រី ទ្រី ឈួន បាន​ស្នើសុំ​អវត្តមាន​ដោយសារ​បញ្ហា​សុខភាព​។ ចុងចោទ​បាន​ថ្លែង​ថា​សាក្សី​ទាំង​ ២ ​មាន​ចេតនា​អាក្រក់​គេច​ពី​សវនាការ​របស់​តុលាការ​។

មន្ត្រី​អាដហុក​ទាំង ៥ ​រូប​ត្រូវ​បាន​ឃុំខ្លួន​មុន​ការជំនុំជម្រះ​អស់​រយៈពេល​ជាង ១៤ ខែ​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​មេសា ឆ្នាំ​ ២០១៦ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ហើយ​បន្ទាប់មក​តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​សូកប៉ាន់​សាក្សី កញ្ញា​ ស្រីមុំ ទៅ​តាម​មាត្រា ៥៤៨ ដែល​ពួកគេ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ ១០ ​ឆ្នាំ​។ ពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៧​។

ទឡ្ហីករណ៍​កាលពី​ម្សិលមិញ​ដំបូង​ផ្តោត​ទៅ​លើ​ហេតុផល​ថា មូលហេតុ​អ្វី​អង្គការ​អាដហុក​សម្រេច​ចិត្ត​ជួយ​កញ្ញា ស្រីមុំ និង​ហេតុអ្វី​អង្គការ​អាដហុក​ផ្តល់​ប្រាក់​ចំនួន ២០៤ ​ដុល្លារ​ដល់​កញ្ញា ស្រីមុំ​។

លោក ណៃ វង់ដា ដែល​ជា​អ្នក​ទី​មួយ​ដែល​ត្រូវ​ឆ្លើយ​បាន​ស្នើសុំ​នៅ​ស្ងៀម ដោយសារ​បញ្ហា​សុខភាព​ខ្សោយ និង​បាន​ប្រាប់​តុលាការ​ឲ្យ​ផ្អែក​ទៅ​លើ​ចម្លើយ​របស់​លោក​ក្នុង​អំឡុង​ការស៊ើបអង្កេត​។

លោក វង់ដា បាន​ថ្លែង​ថា ការចោទប្រកាន់​លើ​រូបលោក​គឺ​អយុត្តិធម៌​ដោយសារ ស្រីមុំ បាន​មក​សុំ​ការជួយ​ពី​អង្គការ​អាដហុក​។

លោក​ យី សុខសាន បាន​ផ្តល់​សក្ខីកម្ម​ថា​លោក និង​លោក ណៃ វង់ដា បាន​ទៅ​យក​ ស្រីមុំ ពី​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង​ បន្ទាប់ពី​ ស្រីមុំ បាន​មក​សុំ​ការជួយ​ពី​អង្គការ​អាដហុក​។

លោក​បាន​ថ្លែង​ថា ​លោក​បាន​ជួប​ជាមួយ​ស្រីមុំ ៣ ​ដង ប៉ុន្តែ​លោក​មិន​បាន​ដឹង​ច្បាស់​អំពី​ប្រាក់ ២០៤ ដុល្លារ​ទេ​។ លោក​គ្រាន់តែ​ដឹង​ថា អង្គការ​អាដហុក​មាន​គោលនយោបាយ ឧបត្ថម្ភ​ដល់​ជនក្រីក្រ​ដែល​សុំ​ជំនួយ​ដោយ​ផ្តល់​ប្រាក់​ក្នុង​មួយ​ថ្ងៃ ៧ ដុល្លារ​សម្រាប់​អាហារ និង ៧ ដុល្លារ​ទៀត សម្រាប់​កន្លែង​ស្នាក់នៅ​បូក​នឹង​ការចំណាយ​ធ្វើ​ដំណើរ​ដោយ​មិន​បាន​បញ្ជាក់​។

ចុងចោទ​ទាំង​ ៥ ​រូប​របស់​អង្គការ​អាដហុក​ថ្លែង​ថា ស្រី មុំ បាន​មក​ការិយាល័យ​អង្គការ​អាដហុក និង​ថ្លែង​ថា​នាង​មាន​ការ​-«​ភ័យខ្លាច​» ​ដោយសារ​នាង​ត្រូវ​បាន​ហៅ​ដោយ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ជា​លើក​ទី​ ២ បន្ទាប់ពី​មាន​បណ្តឹង​ពី​បទ​បរិហារកេរ្តិ៍​ដែល​ដាក់​ដោយ​កញ្ញា​ ធី សុវណ្ណថា​។

លោក នី សុខា បាន​បង្ហាញ​ការសង្ស័យ​របស់​លោក​អំពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ ស្រីមុំ និង​មេធាវី​ ទ្រី ឈួន​។ «​វា​ចម្លែក​ចំពោះ​ខ្ញុំ​ដែល​ឃើញ​មេធាវី និង​កូនក្តី​របស់​នាង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​គ្នា​ដែល​ពួកគេ​ទៅ​ខេត្ត​ជាមួយ​គ្នា​។ លោកស្រី ទ្រី ឈួន មាន​បេសកកម្ម​ទៅ​ខេត្ត​ព្រៃវែង​ហើយ​លោកស្រី​បាន​នាំ​យក​កញ្ញា ស្រីមុំ ទៅ​ជាមួយ​»​។

លោក នី ចរិយា ដែល​ជា​មន្ត្រី គ.ជ.ប ថ្លែង​ថា​លោក​មិន​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​អង្គការ​អាដហុក​ទៀត​ទេ បន្ទាប់ពី​លោក​បាន​បញ្ចប់​ការងារ​ពី​ទី​នោះ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៦​។

ប៉ុន្តែ​លោក​ធ្លាប់​ជួប​លោក កឹម សុខា ម្តង​ដែល​បាន​ប្រាប់​លោក​ឲ្យ​នាំ​ពាក្យ​សម្តី​របស់​លោក​ទៅ​មេធាវី ទ្រី ឈួន​។ លោក​បាន​សួរថា​៖ «​លោក​ [​កឹម សុខា​] ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ប្រាប់ ទ្រី ឈួន ថា​មិន​គួរ​មាន​សន្និសីទ​កាសែត​ច្រើន​ពេក​»​។ «​ខ្ញុំ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​ការ​សូកប៉ាន់​សាក្សី តើ​នរណា​ជា​សាក្សី និង​ក្នុង​សំណុំ​រឿង​អ្វី​»​។

លោក ធាង សេង មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​ផ្តល់​សក្តីកម្ម​នៅក្នុង​សវនាការ​កាលពី​ម្សិលមិញ​ដែរ​ថា សំណុំ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​ក្រុម​ ២ ​គឺ​ក្រុម​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​បុគ្គលិក​អង្គការ​អាដហុក​។ លោក​ថ្លែង​ថា​៖ «​ក្រុម​តំណាងរាស្ត្រ​បាន​សូកប៉ាន់ ស្រីមុំ មិន​ឲ្យ​ប្រាប់​ការពិត​»​។

ទោះបី​យ៉ាង​ណា​ក្តី​ចម្លើយ​ទាំងអស់​របស់​ចុងចោទ​មាន​លក្ខណៈ​ផ្ទុយ​នឹង​ចម្លើយ​របស់​កញ្ញា​ ស្រីមុំ និង​មេធាវី ទ្រី ឈួន ដែល​អះអាង​ថា​បុគ្គលិក​អាដហុក​បាន​ប្រាប់​ ស្រីមុំ ឲ្យ​កុហក​អំពី​ករណី​នេះ​។ យោង​តាម​ចម្លើយ​របស់​នាង​ក្នុង​អំឡុង​ការស៊ើបអង្កេត ស្រីមុំ ថ្លែង​ថា​នាង​ពិត​ជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា មែន ប៉ុន្តែ​នាង​បាន​អះអាង​ថា បុគ្គលិក​អង្គការ​អាដហុក​បាន​ប្រាប់​នាង​ឲ្យ​និយាយ​ផ្ទុយ​។

នាង​ថ្លែង​ក្នុង​របាយការណ៍​របស់​តុលាការ​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​អង្គការ​អាដហុក​ថា​សំឡេង​ដែល​លេច​ធ្លាយ​នោះ​គឺជា​ការពិត​។ ប៉ុន្តែ​អង្គការ​អាដហុក​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ប្រកាន់​ជំហរ​រឹងមាំ ហើយ​ការពារ​កេរ្តិ៍ឈ្មោះ​របស់​ខ្ញុំ​»​។

ដូចគ្នា​ដែរ​មេធាវី ទ្រី ឈួន អះអាង​ថា​បុគ្គលិក​អង្គការ​អាដហុក​តែងតែ​ពិគ្រោះ​យោបល់​ជាមួយ​កញ្ញា ស្រីមុំ ពី​មុន​ពេល​នាង​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឬ​តុលាការ​។

ចុងចោទ​ទាំង​ ៥ ​រូប​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​ដោយ​ថ្លែងថា អវត្តមាន​របស់​សាក្សី​ទាំង​ ២ ​នាក់​គឺ​បង្ហាញ​អំពី​ចេតនា​អាក្រក់​។ លោក សុខសាន ថ្លែង​ថា​៖ «​ចម្លើយ​របស់​ ស្រីមុំ ដែល​និយាយ​ថា ខ្ញុំ​បាន​ណែនាំ​នាង​អំពី​អ្វី​ដែល​ត្រូវ​និយាយ​គឺ​មិន​ពិត​នោះ​ហើយ​ជា​មូលហេតុ​ដែល​នាង​មិន​អាច​ចូលរួម​សវនាការ​នៅ​ថ្ងៃ​នេះ​»​។

នៅ​ចុងបញ្ចប់​មេធាវី ៥ រូប​របស់​ចុងចោទ​ទាំង ៥ ​រូប​បាន​ថ្លែងថា ការចោទប្រកាន់​នេះ​គឺ​មិន​ច្បាស់លាស់​។ មេធាវី​បាន​សួរ​ថា​៖ «​តើ​កញ្ញា ស្រីមុំ ជា​សាក្សី​សម្រាប់​ករណី​អ្វី?»​។

មន្ត្រី​អង្គការ​អាដហុក​ទាំង ៥ ​រូប និង​មេធាវី​បាន​ស្នើសុំ​តុលាការ​ទម្លាក់​បទចោទប្រកាន់​។ ប៉ុន្តែ​ព្រះរាជអាជ្ញា សេង ហៀង បាន​ស្នើសុំ​ក្រុមប្រឹក្សា​ចៅក្រម​ឲ្យ​តម្កល់​បទចោទប្រកាន់​ និង​កាត់ទោស​ពួកគេ​ទៅ​តាម​ច្បាប់​។

ចៅក្រម​ ឌុច សុខសារិន ​បាន​បញ្ចប់​សវនាការ​បន្ទាប់ពី​ម៉ោង​ ៦ ​ល្ងាច និង​កំណត់​យក​រសៀល​ថ្ងៃទី​ ២៦ ខែ​កញ្ញា សម្រាប់​ការចេញ​សាលក្រម​៕ PS