ភ្នំពេញៈសាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ទី​ ២២​ មីនា​​នេះ​ បាន​បើក​សវនាការ​ ជំនុំ​ជម្រះ​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដា​រ បាន​ប្តឹង​ម្ចាស់​កាសែត Cambodia Daily។ ប៉ុន្តែ​​ សវនាការ​បាន​ផ្អាក​រង់​ចាំ​ឯកសារ​បកប្រែ​បន្ថែម។

សំណុំ​រៀង​បរិហាកេរ្តិ៍​នេះ​ ត្រូវ​បាន​ប្តឹង​ដោយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ តំណាង​ដោយ​លោក វ៉ាន់ ពុទ្ធិពល អគ្គ​នាយក​រង​នៃ​​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ ដោយ​ប្តឹង​ឈ្មោះ Deborah Krisher Steele​ ម្ចាស់​កាសែត​ Cambodia Daily។

បណ្ដឹង​នេះ​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​អ្នក​ស្រី​​ Deborah Krisher Steele ដែល​បាន​និយាយ​​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​ពាក់​ព័ន្ធ​ប្រាក់​ពន្ធ​ដែល​កាសែត ​Cambodia Daily ត្រូវ​បង់​ គឺ​​មាន​ចំនួន​សរុប​ជាង​ ៦​ លាន​ដុល្លារ បូក​ទាំង​ការ​ពិន័យ​ថយ​ក្រោយ​រយៈពេល​ ១០​ ឆ្នាំ និង​ការ​អះអាង​ដែល​​ថា​ ការ​បិទ​កាសែត​នេះ​ ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ។

ក្នុង​សវនាការ​ព្រឹក​មិញ លោក ហេង ណារិទ្ធ អនុប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​អ្ន​ក​ជាប់​ពន្ធ​ធំ ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​អគ្គនាយកដ្ឋាន​ដារ បាន​ថ្លែង​ថា៖​​ «ការ​ប្តឹង​នេះ​ ដោយ​សារ​តែ​លោក​ស្រី​ Deborah Krisher Steele កាល​ពី​ថ្ងៃទី​ ២៣ សីហា ២០១៧ បាន​និយាយ​តាម​វិទ្យុ​អាស៊ី​សេរី​​ដោយ​បាន​ចោទ​ប្រកាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា​ បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ»។

លោក​ថ្លែង​បន្ត​ថា៖ «អគ្គនាយក​ដ្ឋានពន្ធដារ​ ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ ហើយ​មិន​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​ទេ។ ការ​ថ្លែង​របស់​លោក​ស្រី​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ»។

លោក សេង លាង ចៅក្រម​ជំនុំជម្រះ​ បាន​សម្រេច​ផ្អាក​សវនាការ​​ ដោយ​រង់ចាំ​មេធាវី​នៃ​ភាគី​ទាំង​ពីរ​ ដាក់​លិខិត​ពាក់​ព័ន្ធ​ជា​ភាសា​ខ្មែរ ហើយ​សវនាការ​នឹង​បន្ត​នៅ​ថ្ងៃទី​ ១២ ខែ​មេសា។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​ ៤​ ខែ​កញ្ញា ឆ្នាំ​ ២០១៧ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយ​ករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដោយ​ស្នើ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​លោក​ស្រី Deborah Krisher Steele តាម​ច្បាប់​នឹង​ទាម​ទារ​សំណង​ ៨០០ ​លាន​រៀល៕