កណ្តាលៈ សាលាដំបូង​ខេត្តកណ្តាល​ប្រកាស​ដាក់​លក់​ឡាយឡុង​ជា​សាធារណៈ​នូវ​ចលនទ្រព្យ​របស់​រោងចក្រ​ចំនួន​ ២ ​គឺ​រោងចក្រ ឌឹកនីធើរ លីមីធីត និង​រោងចក្រ អ៊ីខូ បេស ហ្វេកធើរី ដែលមាន​ទីតាំងនៅ​ភូមិ​ព្រែកតាព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ក្នុង​តម្លៃ​ ១ ៧៧៧ ០០០ ​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​សាលាដំបូង​ខេត្ត​កណ្តាល​ពី​ថ្ងៃ​ទី​ ១៤ ធ្នូ​។

សេចក្តី​ជូនដំណឹង​ដែល​ចុះហត្ថលេខា ដោយ​លោក​ យឹម កេតធី អាជ្ញាសាលា​នៃ​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​ ១៤ ធ្នូ ឆ្នាំ​ ២០២០ ហើយ​ដែល​ ភ្នំពេញ​ ប៉ុសិ៍​ ទទួល​បាន​ពី​ម្សិលមិញ ឱ្យ​ដឹងថា​វិធី​នៃ​ការលក់​ឡាយឡុង​ធ្វើឡើង​ដោយ​ផ្ទាល់​មាត់ ឬ​ដោយ​ដាក់​ស្រោម​សំបុត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៩ ខែធ្នូ នៅ​វេលា​ម៉ោង​ ៩ ​ព្រឹក​ នៅ​បន្ទប់​សវនាការ​បឋម​នៃ​សាលាដំបូង​ខេត្តកណ្តាល​។

សេចក្តី​ជូនដំណឹង​បន្តថា​៖ «​អំឡុងពេល​សម្រាប់​ឱ្យ​សាធារណជន​មើល​អំពី “​ឯកសារ​លម្អិត​នៃ​ចលនវត្ថុ និង​របាយកាណ៍​ស្តីពី​ការវាយតម្លៃ និង​ការចុះ​ពិនិត្យមើល​ចលនវត្ថុ​ជាក់ស្តែង​នៅក្នុង​រោងចក្រ​” ​គឺ​ចាប់​ពីថ្ងៃ​ប្រកាស​ផ្សាយ​សាធារណៈ​នេះ​រហូត​ដល់​មុន​រយៈពេល​ ៣ ​ថ្ងៃ​នៃ​កាលបរិច្ឆេទ​នៃ​ការលក់​»​។

លោក​ សូ សារិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កណ្តាល​បញ្ជាក់​ថា មូលហេតុ​ដែលមាន​ការប្រកាស​ដាក់លក់​ឡាយឡុង​នូវ​ចលនវត្ថុ​ក្នុង​រោងចក្រ​ទាំង​ ២ ​នេះ បន្ទាប់ពី​មាន​សេចក្តី​សម្រេច​រឹបអូស​ពី​សាលាដំបូង​ខេត្ត ដើម្បី​សង​ដល់​ម្ចាស់បំណុល​ដែល​ជា​កម្មករ និង​កម្មការិនី​ដែល​បាន​ប្តឹង​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ​មិន​បាន​បញ្ជាក់​ពី​ចំនួន​កម្មករ និង​កម្មការិនី​ដែល​បានដាក់​ពាក្យ​ប្តឹង​នោះទេ ដោយសារ​មិនមាន​ឯកសារ និង​សំណុំរឿង​នៅក្នុង​ដៃ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ទទួលបាន​ថវិកា​ពី​ការលក់​ឡាយឡុង​នេះ​នឹង​យក​ទៅ​សង​ម្ចាស់បំណុល​»​។

បើតាម​លោក​ សូ សារិន សំណុំ​រឿង​នេះ លោក​មិន​បានដឹង​ពី​ពេលវេលា​ជាក់លាក់​នៃ​ការប្តឹង​ពី​ម្ចាស់បំណុល​នោះទេ ព្រោះ​មាន​សំណុំរឿង​ច្រើន​ចូលមក​សាលា​ដំបូង​ខេត្ត​។ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​អាច​ថៅកែ​នៃ​រោងចក្រ​ទាំង​ ២ មិនបាន​បើកប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ-កម្មការិនី​។

លោក​បន្ថែមថា​៖ «​បើ​គ្មាន​មូលហេតុ កម្មករ និង​កម្មការិនី លោក​មិនអាច​ប្តឹង​ឱ្យមាន​ការ​រឹបអូស​ទ្រព្យសម្បត្តិ​បានទេ​។ ចំពោះ​ករណី​នេះ​គឺ​លក់​ទៅតាម​នីតិវិធី​ច្បាប់​ដែល​មាន​គណៈកម្មការ​ដែល​មាន​សាលាដំបូង​ខេត្តកណ្តាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​ក្នុង​ការដោះស្រាយ​ជូន​ដល់​ម្ចាស់បំណុល​ដែលជា​កម្មករ និង​កម្មការិនី​»​។

លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ និយាយ​ថា​តាម​អ្វីដែល​លោក​ដឹង​កន្លង​មក ថៅកែ​រោងចក្រ​ទាំង​ ២ ​បាន​រត់ចោល​ដោយ​មិនបាន​បើកប្រាក់​ឈ្នួល និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ដល់​កម្មករ-ការិនី​ដែល​ធ្វើឱ្យមាន​ការទាមទារ​អស់​ជាច្រើន​ខែ​។

លោក​ថា អ្វីដែល​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ដាក់លក់​ឡាយឡុង​ចលនវត្ថុ​របស់​រោងចក្រ​ទាំង​ ២ ​នេះ ដោយសារ​ម្ចាស់​រោងចក្រ​មិន​ចេញមុខ​មក​ទទួលខុស​ត្រូវ​ក្នុង​ការដោះស្រាយ​ដើម្បី​បាន​លុយ​ខ្លះ​សង​សំណង ជូន​ដល់​កម្មករ-ការិនី​។ ប៉ុន្តែ​លោក​មិនមាន​តួលេខ​កម្មករ​ប៉ុន្មាន​នាក់​នោះទេ​ដែល​មិន​បាន​ទទួល​សំណង និង​តវ៉ា​កន្លង​មក​នេះ​។

ទោះជា​យ៉ាងណា​បើតាម​លោក​ ស៊ីណា ការដោះស្រាយ​តាមរយៈ​ការលក់​ឡាយឡុង​នេះ វា​គ្រាន់តែ​ជា​ការជួយ​សម្រាលទុក្ខ​ជូន​ដល់​កម្មករ-ការិនី​មួយកម្រិត​តូច​ប៉ុណ្ណោះ​។ វា​មិនអាច​ធានា​បាន​នូវ​ការទូទាត់​គ្រប់គ្រាន់​ស្របតាម​ផ្លូវច្បាប់​ដែល​បានចែង​ពី​ការផ្តល់​សំណង និង​អត្ថប្រយោជន៍​ផ្សេងៗ ជូន​ដល់​កម្មករ-ការិនី​បាន​ច្រើន​នោះទេ​។

លោក​ថ្លែងថា​៖ «​ការសម្រេច​លក់​ឡាយឡុង​នេះ​នឹង​ធ្វើឱ្យ​រោងចក្រ​មួយចំនួន​ទៀត​អាច​នឹង​យក​គំរូ​តាម​ដោយ​គេចវេះ​ពី​ការទទួល​ខុសត្រូវ​របស់​ខ្លួន ហើយ​មិន​ខ្វល់ខ្វាយ​ពី​ការដោះស្រាយ បែរ​ជា​រត់ចោល ហើយ​ទុក​លទ្ធភាព​ឱ្យ​តុលាការ​ជា​អ្នកសម្រេច​។ នេះ​វា​មិនល្អ​នោះទេ​នាពេល​ខាង​មុខ ហើយ​បើ​ករណី​នេះ​បន្ត​កើតឡើង​វា​នឹង​ធ្វើឱ្យ​បាត់បង់​អត្ថប្រយោជន៍​ជាច្រើន​របស់​កម្មករ​»៕