ភ្នំពេញៈ សាលា​ដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​បាន​ប្រ​កាស​សាល​ក្រម​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ ​ថោង​ សារ៉ាត់​ និង​បក្ខពួក​ ៤ នាក់​ទៀត​ដែល​ត្រូវ​ជា​អង្គ​រក្ស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជី​វិត​សម្រាប់​ម្នាក់ៗ។​ ជន​ជាប់​ចោទ​ទាំង ៥ នាក់​បាន​ពាក់​ព័ន្ធ​ក្នុង​សំ​ណុំ​រឿង​បាញ់​សម្លាប់​លោក​​ឧក​ញ៉ា ​អ៊ឹង ​​ម៉េង​ជឺ ​កាល​ពី​ខែ ​វិច្ឆិកា​​ ឆ្នាំ ២០១៤ នៅ​ជិត​អាង​ទឹក​អូឡាំពិក ។

​លោក​​ចៅ​ក្រម ​តុប​​ ឈុនហេង​ បាន​អាន​សាល​ក្រម​នៅ​ចំ​ពោះ​មុខ​ជន​ជាប់​ចោទ​​ថា​៖​ «​ក្រោយ​ពី​បាន​ជំ​នុំ​ជម្រះ​មក​តុលា​ការ​យល់​ឃើញ​និង​សម្រេច​ថា​ ជន​ជាប់​ចោទ​ឈ្មោះ​ ថោង​​ សា ​រ៉ាត់​, ​ទី​២​-​ឈ្មោះ​ ស៊ា​ង ​វាសនា, ​ទី​៣​-ឈ្មោះ​ មាស ​សម្បត្តិ​,​ ទី​៤​-ឈ្មោះ​ កុយ​ ចា​ន់​ថុល​​ និ​ង​ទី​៥-ឈ្មោះ​ ឈុំ​​ ចិត្រា​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​អស់​មួយ​ជី​វិត​តាម​បញ្ញត្តិ​មាត្រា​ ២​០​០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ឯ​ឈ្មោះ ​ឌី​ សៅ​ ត្រូវ​រំលត់​បណ្តឹ​ង​អាជ្ញា​ ព្រោះ​ជន ម្នាក់​នេះ​បាន​ស្លាប់​ហើយ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​បន្ទប់​សវនា​ការ​ ក្រុម​គ្រួសារ​អ​តី​ត​អង្គរក្ស​របស់​លោក​ ថោង ​សា​រ៉ាត់​ ប្រមាណ​ជិត ​២​០ ​នាក់​រួម​នឹង​ប្រពន្ធ​​របស់​លោក​ ថោង​ សារ៉ាត់​ ផង បាន​ស្រែក​ប្រឆាំង​ភ្លាម​ទៅ​លើ​សាល​ក្រម​របស់​ចៅក្រម​ ​តុប​ ​ឈុន​ហេង​ ថា ​តុលាការ​អយុត្តិធម៌។

​អ្នក​ស្រី ​ទាវ ​ធី​តា ​ជា​ភ​រិ​យា​របស់​ជន​ជាប់​ចោទ ​ថោង ​សារ៉ាត់ ​បាន​ស្រែក​ដោយ​អះ​អាង​​ថា​ប្តី​របស់​អ្នក​ស្រី​មិន​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​​ឧក​ញ៉ា​ អ៊ឹង ​ម៉េង​ជឺ ​នោះ​ទេ។

​ដោយ​សារ​នៅ​ក្នុង​បន្ទប់​សវនា​ការ​មាន​ស​​ភាព​រញ៉េ​រញ៉ៃ​​មិន​អាច​ស្តាប់​គ្នា​បាន ពេល​នោះ​​លោក​ចៅ​ក្រម ​​តុ​ប ​ឈុន​ហេង​ បាន​ប្រ​កាស​បិទ​សវនា​ការ​ហើយ​នគរ​បាល​ដែល​យាម​ការពារ​នៅ​សាលា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​ ក៏​បាន​បង្ខំ​ឲ្យ​អ្នក​ស្រែក​តវ៉ា​ចេញ​ពី​បន្ទប់​សវនាការ។

ក្រោយ​ចេញ​ពី​តុលាការ​អ្នក​ស្រី​ ទាវ ​ធី​តា​ បាន​មក​បន្ត​ស្រែក​ទ្រ​ហោ​យំ​នៅ​ក្រៅ​​របង​តុលាការ​​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អតីត​អង្គ​រក្ស​ជន​ជាប់​ចោទ​ ថោង​ សា​រ៉ាត់​ ថា​៖ ​«​ឯ​ណា​ទៅ​យុត្តិធម៌​​សម្រាប់​លោក ​​ថោង​ សា​រ៉ាត់​ ប្តី​របស់​ខ្ញុំ​ (គាត់) មិន​បាន​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អឹុង ​ម៉េង​ជឺ​ ទេ​ ។ ​សម្តេច ​ហ៊ុន​ សែន​ បាន​ស្រែក​ប្រាប់​មន្រ្តី​របស់​លោក​ថា​ឲ្យ​មើល​រឿង​ប៉ាវ​ចិន​ សម្តេច ​ប៊ុនរ៉ា​នី ជា​ម៉ែ​ជា​ឪរបស់​កូន​ចៅ​ឥ​ឡូវ​នៅ​ឯ​ណា​ចុះ​មក​ជួយ​កូន​ចៅ​ផង​​ចំ​ពោះ​នៅ​ថ្ងៃ​ទី​ ២​២ ​នោះ ​ប្តី​ខ្ញុំ​នៅ​ជា​មួយ​ខ្ញុំ​ ហើយ​ខ្ញុំ​ និង​ប្តី​ខ្ញុំ​មិន​ដែល​ស្គាល់​លោក​ អ៊ឹង ​ម៉េង​ជឺ នោះ​ទេ»។

​អ្នក​ស្រី​ ស្រែក​បន្ត​ដោយ​អះអាង​ថា៖ «​ថ្ងៃ​ទី​ ១​ មុន​កើត​ហេតុ​លោក​ពូ​ ជួន​ សុវណ្ណ​ ហៅ​ ប្តី​ខ្ញុំ​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ភ្នំ​ពេញ​​ដើម្បី​ប្រជុំ​បក្ស​ ហើយ​ពេល​ប្តី​ខ្ញុំ​ត្រ​ឡប់​មក​វិញ​លោក​ពូ​ ជួន ​សុ​វណ្ណ​ គាត់​ឲ្យ​ប៉េ​អឹម​តែង​ខ្លួន​ជា​ស៊ី​វិល​ ដើម្បី​ទៅ​ចាប់​ប្តី​ខ្ញុំ​ហើយ​ភ្ជង់​ដាក់​ឡាន​​។ ពេល​ប្តី​ខ្ញុំ​ទៅ​ដល់​ស្នង​ការ​គឺ​ពូ​ ជួន ​​សុ​វណ្ណ ​ទះ​ស្មា​ប្តី​ខ្ញុំ​ហើយ​ប្រាប់​ប្តី​ខ្ញុំ​ថា​ខ្ញុំ​ (ជួន​​សុ​វណ្ណ​)​ សុំ​ទោស​គេ​ចាប់​ច្រ​ឡំ​ទេ​។​ រឿង​នេះ​អយុត្តិធម៌​ណាស់​សម្តេច​ ហ៊ុន ​សែន ​ត្រូវ​តែ​ធ្វើ​រឿង​នេះ​ឲ្យ​មាន​យុត្តិ​ធម៌​ឡើង​វិញ​ផង​។​ បើ​មិន​អ៊ីចឹង​មិន​អាច​មាន​នរណា​ជ្រក​កោន​បាន​ទេ»។​

​ស្រ្តី​ម្នាក់​ទៀត​ដែល​ជា​ប្រ​ពន្ធ​របស់​ឈ្មោះ​ សៀង ​វាស​នា ​ជា​អ​តី​ត​អង្គ​រក្ស​លោក ថោង​ សា​រ៉ាត់ ​ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​អស់​ ១ ​ជី​វិត​ដែរ​នោះ ​បាន​ស្រែក​យំ​នៅ​ក្រៅ​របង​តុលា​ការ​ផង​ដែរ​ថា​ សាល​ក្រម​ដែល​តុលា​ការ​កាត់​ទោស​ប្តី​គាត់​ឲ្យ​ជាប់​ពន្ធនា​គារ​ ១ ​ជី​វិត​នោះ​វា​ជា​រឿង​អយុត្តិ​ធម៌​ណាស់​ ព្រោះ​ប្តី​គាត់​មិន​បាន​ចូល​រួម​បាញ់​សម្លាប់​លោក​ឧក​ញ៉ា​​ អ៊ឹង ​ម៉េងជឺ ទេ។

​គួរ​បញ្ជាក់​ថា​ សំ​ណុំ​រឿង​បាញ់​សម្លាប់​លោក​ឧក​ញ៉ា ​អឹុង ​ម៉េង​ជឺ​ នេះ​ត្រូវ​បាន​សា​លា​ដំបូ​ង​រា​ជ​ធា​នី​ភ្នំ​ពេញ​បើក​សវនា​ការ​ជំ​នុំ​ជម្រះ​សួរ​ដេញ​ដោល​ជន​ជាប់ចោទ​និង​ពី​ការ​ទាញ​ហេតុ​ផល​របស់​មេ​ធា​វី​​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​ជា​បន្ត​បន្ទាប់​ចំ​នួន ​៦ ​លើក​រួច​មក​ហើយ ចាប់​ពី​ខែ ​មករា​ ឆ្នាំ​ ២​០​១​៩​ ដល់​ខែ ​មី​​នា​ ឆ្នាំ​ ២​០​១​៩ ​និង​បាន​ប្រកាស​សាល​ក្រម​នៅ​​ថ្ងៃ​ទី​ ២​៦​ មី​​នា ក្នុងខែ​​ដដែល​នេះ​ដែរ។

គួ​ររំឭកដែរ​ថា​ កាល​​ថ្ងៃ​ទី​ ២​២ ​ខែ ​វិច្ឆិកា​ឆ្នាំ​ ២​០​១​៤ ​​លោក​​ឧក​ញ៉ា​ អឹុង ​ម៉េង​ជឺ ​ត្រូវ​បាន​ជន​ម្នាក់​បាញ់​ជា​ច្រើន​គ្រាប់​ដោយ​កាំ​ភ្លើង​ខ្លី​ ខណៈ​ជន​រង​គ្រោះ​ចុះ​ពី​លើ​រថ​យន្ត​បម្រុង​ដើរ​ចូល​ទៅ​ទិញ​ផ្លែ​​ឈើ​​នៅ​ហាង​លក់​ផ្លែ​​ឈើ​មួយ​កន្លែង​ជិត​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

​លោក​ ទួត​ លុច មេ​​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​​ជន​ជាប់​ចោទ​​ ថោង ​​សា​រ៉ាត់​​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​​ ចំពោះ​លោ​ក​ផ្ទាល់​ក៏​ដូច​ជា​កូន​ក្តី​របស់​លោក​ដែរ​មាន​ការ​រន្ធត់​ចិត្ត​ខ្លាំង​ណាស់​ពេល​ឮ​សេច​ក្តីស​ម្រេច​របស់​សា​លា​ដំ​បូង​រា​ជ​ធា​នី​ភ្នំពេញ​ ព្រោះ​ថា ​បើ​តាម​ភ័ស្តុតាង​និង​សាក្សី​ដែល​បាន​ដាក់​បង្ហាញ​នៅ​តុលា​កា​រ​ គឺ​មាន​ភ័ស្តុតាង​ដោះ​បន្ទុក​ទាំង​អស់​ ហើយ​ជាគោល​ការណ៍​កាល​ណា​តុលា​ការ​គាត់​ចង់​សម្រេច​ចំ​ពោះ​ការ​ផ្តន្ទា​ទោស​ដាក់​គុក​គឺ​គាត់​ត្រូវ​មាន​សំអាង​ហេតុ។​

​លោក​បញ្ជាក់​ថា​៖​ «​ប៉ុន្តែ​តុលា​​ការ​អត់​មាន​អាន​សំ​អាង​ហេតុ​ទេ​ហើយ​សម្រេច​ដាក់​គុក​កូន​ក្តី​ខ្ញុំ​តែ​ម្តង។ ​ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ​ ហើ​យ​ទណ្ឌ​កម្ម​ទោស​ ១​ ជី​វិត​នេះ​ជា​ទោស​ធ្ងន់ធ្ងរ​ណាស់​ ដូច្នេះ​ហើយ​ការ​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់​នោះ​គួរ​តែ​បង្ហាញ​ឲ្យ​អស់​ចិត្ត​ថា​ ភ័ស្តុ​តាង​ណា​ដែល​យើង​ដាក់​ជា​ភ័ស្តុ​​តាង​ដោះ​បន្ទុក​ហ្នឹង​ ដែល​តុលា​ការ​ទាត់​ចោល​គឺ​សំអាង​លើអី។

ប៉ុន្តែ​តុលាការ​អត់បាន​ធ្វើ​អ៊ីចឹង​ទេ​ ខ្ញុំ​យល់​ថា ​រឿង​នេះ​វា​អយុត្តិ​ធម៌​ពេក​ខ្ញុំ​នឹ​ង​ពិភាក្សា​ជា​មួយ​កូន​ក្តី​ថា​ តើ​ត្រូវ​ប្តឹង​ទាស់​បន្ត​ទៅ​សា​លា​ឧទ្ធរណ៍​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​បង្ហាញ​នូវ​ភ័ស្តុតាង​ដាក់​បន្ទុក​ដែល​តុលា​ការ​មាន​ ពី​ព្រោះ​កន្លង​មក​ គ្មាន​ភ័ស្តុ​តាង​ដាក់​បន្ទុក​ទេ​។​ ក្រោយ​ពី​កើត​មាន​ហេតុ​ការណ៍​នេះ​មក ​​លោក ​ថោង ​សារ៉ាត់​ ​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស ​វៀត​ណាម ​ជា​ច្រើន​ខែ​ បន្ទាប់​មក​​ ត្រូវ​បាន​អាជ្ញា​ធរ​វៀត​ណាម​ចាប់​បញ្ជូន​មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា​វិញ៕​