ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី ១៨ មេសានេះ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ទៅលើបុរសម្នាក់ ដែលបានយកកាំបិតកាត់ខ្សែរបាំងរាំងផ្លូវរបស់សមត្ថកិច្ច ហាមប្រជាពលរដ្ឋធ្វើចរាចរណ៍ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី ១៥ ខែមេសា។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ព្រះរាជអាជ្ញារង លោក ឡុង ជៀប បានសម្រេចចោទប្រកាន់ជនរូបនេះ តាមមាត្រា ៤ និងមាត្រា ១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ ១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ។
លោកបានប្រាប់ថា៖ «ចៅក្រមជំនុំជម្រះ លោក ឡុង វណ្ណា បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ (ជននេះ) រយៈពេល ០១ ឆ្នាំ»។
ជនជាប់ចោទមានឈ្មោះ ដារ៉ា រ័ត្នសុគុន អាយុ ២៧ ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជាក់ស្ដែងពីបទប្រឆាំងនឹងការអនុវត្តការងារសារធារណ: ដោយជននេះ បានយកកូនកាំបិតចុងស្រួចមកកាត់ខ្សែការពារ ហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចរាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ករណីដោយឡែកមួយទៀត បុរសម្នាក់ដែលបានក្លែងខ្លួនជាឧត្តមសេនីយ៍ ហើយបើកឡានថតវីដេអូបំពានទៅនឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែមេសា នៅក្នុងខណ្ឌជ្រោយចង្វារ ត្រូវបានព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារនៅថ្ងៃអាទិត្យ ទី ១៨ មេសានេះ។
លោក គុជ គឹមឡុង បានប្រាប់ថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង ជៀប បានសម្រេចចោទប្រកាន់ជននេះ តាមមាត្រា ៤ និង មាត្រា ១១ នៃច្បាប់ពីការទប់ស្កាត់ជំងឺកូវីដ ១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ។
លោកបានបញ្ជាក់ថា ចៅក្រមជំនុំជម្រះ លោក អ៊ុក សុវណ្ណារិទ្ធ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយសារជនជាប់ចោទ បានស្នើសិទ្ធិសុំពឹងពាក់រកមេធាវី ហើយសវនាការនឹងធ្វើឡើងក្នុងរយៈពេល ២ សប្តាហ៍ទៀត។
គួរបញ្ជាក់ផងដែរថា ជនជាប់ចោទ សៀង រង្សី អាយុ ៣៥ ឆ្នាំ បានក្លែងបន្លំជានគរបាលជាតិ និងបើកបររថយន្តថតវីដេអូល្មើសនឹងសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន៕