តាកែវ៖ តុលាការ​ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃទី ២០ ខែ​មេសា បាន​សម្រេច​ផ្តន្ទាទោស​បុរស​ចំនួន ៤ នាក់ ដាក់​ពន្ធនាគារ​រយៈពេល ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ ១ លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ មិន​គោរព​វិធាន​រដ្ឋបាល និង​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ។

លោក ង៉ែត ដាវុធ លេខាធិការដ្ឋាន​សាលា​ដំបូង​ខេត្ត​តាកែវ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ទី ២១ ខែ​មេសា​នេះ​ថា តាម​កំណត់ហេតុ​នៃ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​របស់​ព្រះរាជអជ្ញា​រង ស៊្រីវ គឹមស្រស់ បាន​ចោទ​ប្រកាន់​ជនល្មើស​ទាំង ៤ រូប​នេះ តាម​បទប្បញ្ញត្តិ​មាត្រា ៤ មាត្រា ១០ និង​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីត ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ដែល​ហាម​ការ​ជួបជុំ​គ្នា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​សហគមន៍។

បើ​តាម លោក ង៉ែត ដាវុធ មនុស្ស​ទាំង ៤ នាក់​មាន ឈ្មោះ ជីប តូនី អាយុ ២៤ ឆ្នាំ ជីប ដារាជ អាយុ ២៦ ឆ្នាំ ផែន សុខន អាយុ ២៦ ឆ្នាំ និង​ឈ្មោះ ខៀវ ជិន អាយុ ៤៥ ឆ្នាំ។ អ្នក​ទាំង ៤ រស់នៅ​ក្នុង​ឃុំ​បឹងក្រាញ​ខាង​ជើញ ស្រុក​សំរោង ខេត្ត​តាកែវ ។

ក្នុង​ពេល​ឃាត់​ខ្លួន​សមត្ថកិច្ច​ក៏​បាន​រឹប​អូស​ឧបករណ៍​បំពង​សំឡេង (ធុងបាស់) ទុក​ជា​សម្បត្តិរដ្ឋ។ ចំណែក​វត្ថុតាង​មាន​ម៉ូតូ ៣ គ្រឿង ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​គ្រួសារ​ជន​ទាំង​នេះ​វិញ។

លោក ង៉ែត ដាវុធ បញ្ជាក់​ថា កាល​ពី​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ បុរស​ទាំង ៤ រូប​នេះ បាន​ជួបជុំ​ផឹកស៊ី​ចាក់​ធុងបាស់ ប្រឆាំង​ទៅ​នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ការ​រីក​រាលដាល​នូវ​ជំងឺ​កូវីដ ១៩។ ដូច្នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ពួក​គេ​មក​តំណាង​អយ្យការ ធ្វើ​កំណត់​ហេតុ និង​ចៅក្រម​ក៏​បាន​បើក​សវនាការ នៅ​ថ្ងៃទី ២០ ខែ​មេសា។

អង្គ​សវនាការ​ជំនុំ​ជម្រះ មាន​សមាសភាព ចៅក្រម​ជំនុំ​ជម្រះ គឺ​លោក នូ ដារ៉ា និង​តំណាង​អយ្យការ លោក ស៊្រីវ គឹមស្រស់ ហើយ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់ ០១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ០១ លាន​រៀល៕