ភ្នំពេញៈ ជន ២ នាក់ប្តីប្រពន្ធត្រូវសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៤ វិច្ឆិកាពីបទឆបោកពាក់ព័ន្ធនឹងការរកស៊ីទិញ-លក់ដី ដែលពុំមានដីពិតប្រាកដកាលពីឆ្នាំ ២០១៥ ដែលមានដើមបណ្តឹង ១២ នាក់។
លោក ចៅក្រម កូយ សៅ បានអានសាលក្រមនៅចំពោះមុខជនជាប់ចោទទាំង ២ នាក់ថាសំណុំរឿងនេះមានជនជាប់ចោទឈ្មោះ អ៊ួច សៀកឡេង និងប្រពន្ធឈ្មោះ ជៀម ច័ន្ទបូរមី។
លោកបន្តថា ក្រោយពីបានស្តាប់ការសន្និដ្ឋានរបស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ និងក្រោយពីស្តាប់សេចក្តីសន្និដ្ឋានរបស់តំណាងអយ្យការ និងក្រោយពីក្រុមប្រឹក្សាជំនុំជម្រះបានពិភាក្សាយ៉ាងយកចិត្តទុកដាក់មក ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចផ្តន្ទាទោសឲ្យជនជាប់ចោទទាំង ២ នាក់ ជាប់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំ ចោទបទក្លែងឯកសារសាធារណៈឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងតាមមាត្រា ៦២៩, មាត្រា ៦៣០ និងមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ និង បង្គាប់ឲ្យសងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១២ នាក់ ដែលក្នុងម្នាក់ៗ ខ្លះត្រូវសង ៣ ៩៥០ ដុល្លារ ខ្លះត្រូវ ៥១ ៣០០ ដុល្លារ ដែលសរុបជាង ១ លានដុល្លារ ។
លោក កូយ សៅ បានប្រាប់ទៅជនជាប់ចោទក្នុងបន្ទប់សវនាការថា៖ «ចំពោះជនជាប់ចោទទាំង ២ នាក់ បើមិនសុខចិត្តនឹងទណ្ឌកម្មទោសនេះ គឺតុលាការផ្តល់សិទ្ធិឲ្យប្តឹងទៅសាលាឧទ្ធរណ៍បានគិតចាប់ពីថ្ងៃប្រកាស សាលក្រម ១ ខែ»។
ភ្លាមៗបន្ទាប់ពីចៅក្រមប្រកាសសាលក្រមពាក់ព័ន្ធនឹងការផ្តន្ទាទោសនេះ ស្ត្រីជាប់ចោទជៀម ច័ន្ទបូរមី បានស្រែកខ្លាំងៗនៅក្នុងបន្ទប់សវនាការថា៖ «អ្នកម្ចាស់លុយត្រូវជាប់គុក រីឯ អ្នកខ្ចីលុយត្រូវប្តឹងឲ្យម្ចាស់លុយជាប់គុកទៅវិញ។ ខ្ញុំមិនសុខចិត្តនឹងសាលក្រមនេះទេ ហើយខ្ញុំនឹងប្តឹងទៅសាលាឧទ្ធរណ៍ទៀត»។
ចំណែកស្ត្រីម្នាក់ឈ្មោះ ទួន ស្រេង ដែលអះអាងថាជាអ្នករងគ្រោះ និងតំណាងឲ្យជនរងគ្រោះ ១១ នាក់ថ្លែងថា ពួកគាត់ត្រេកអរនៅពេលតុលាការរាជធានីភ្នំពេញផ្តន្ទាទោសជនទាំង ២ នាក់ឲ្យជាប់គុកម្នាក់ៗ ៧ ឆ្នាំ។ «តុលាការបានផ្តល់យុត្តិធម៌ដល់ពួកខ្ញុំត្រឹមត្រូវណាស់ពួកខ្ញុំអរគុណដល់តុលាការហើយ»។
អ្នកស្រី ស្រេង បន្តថាអ្នកស្រីចាញ់បោកស្ត្រី ២ នាក់ប្តីប្រពន្ធនេះ អស់ប្រាក់ជាង ៤ ម៉ឺនដុល្លារ។ អ្នកស្រីបានរៀបរាប់ថាកាលពីឆ្នាំ ២០១៥ ជនជាប់ចោទទាំង ២ នាក់ បានទាក់ទងជាមួយអ្នកស្រីថា បើមានលុយដាក់ទុនជាមួយគេ ដើម្បីរកស៊ីទិញដីនៅស្រុកអន្លង់វែង ហើយមុនដំបូងដាក់តែ ៤ ពាន់ដុល្លារសិនទៅ បន្ទាប់មកស្ត្រីជាប់ចោទបង្គាប់ឲ្យអ្នកស្រីដាក់លុយបន្ថែមទៀត ដែលលុយខ្លះ អ្នកស្រីត្រូវខ្ចីចងការប្រាក់គេទៀតរួមទាំងអស់សរុប ៤ ៥០០០ ដុល្លារ។
ដោយសារតែក្រុមអ្នកស្រីទាំង ១២ នាក់ ឲ្យលុយទៅស្ត្រីជាប់ចោទហើយស្ងាត់គ្មានដំណឹងពីស្ត្រីជាប់ចោទនោះក្រុមអ្នកស្រីក៏នាំគ្នាសួរស្ត្រីជាប់ចោទហើយគេឆ្លើយថា៖ «ដីដែលទិញនោះខាងក្រុមហ៊ុនចិនគេទិញហើយចាំតែយកលុយចំណេញទៅព្រោះដីនោះមានរ៉ែ»។
អ្នកស្រីបន្តថា បន្ទាប់ពីឮស្ត្រីជាប់ចោទប្រាប់ដូចនេះក្រុមអ្នកស្រីចេះតែរង់ចាំក្រែងថា ស្ត្រីជាប់ចោទប្រាប់ការពិតប៉ុន្តែពេលក្រុមអ្នកស្រីចេះតែដេញដោលសួរពេក ស្ត្រីឈ្មោះ ច័ន្ទ បូរមី រូបនេះប្រាប់ថាលុយគេផ្ញើពីប្រទេសសាំងហ្គាពួរឲ្យហើយតែលុយនោះចាយមិនទាន់បានទេ ចាំគេលាងសិន ចាំទៅបើកនៅសាំងហ្គាពួរវិញ ហើយបើគាត់ (ជៀម ច័ន្ទបូរមី ) បើកបានគាត់ផ្ញើឲ្យហើយ។
ក្រោយមកស្ត្រីជាប់ចោទប្រាប់ក្រុមអ្នកស្រីថាលុយដែលបានពីការលក់ដីចំនួន ២៨ ០០០ ហិកតានោះ ត្រូវគេផ្ញើទៅប្រទេសសិង្ហបុរីហើយ ដូច្នេះស្ត្រីជាប់ចោទបានឲ្យតំណាងក្នុងក្រុមរបស់អ្នកស្រីទៅប្រទេសសិង្ហបុរីដើម្បីបើកលុយ តែពេលទៅដល់ប្រទេស សិង្ហបុរី ទើបដឹងថា ស្ត្រីជាប់ចោទបោកប្រាស់។
នៅពេលដែលពួកអ្នកស្រីដឹងថា ស្ត្រី ២ នាក់ប្តីប្រពន្ ធបោកប្រាស់ហើយនោះក៏ប្តឹងទៅក្រសួងមហាផ្ទៃ ហើយសមត្ថកិច្ចបានចាប់ខ្លួនអ្នកទាំង ២ នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨៕