ភ្នំពេញៈ ​តុលាការ​យោធា​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​អតីត​យោធា​ ២ ​នាក់​ ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ ១៦ ​ឆ្នាំ​ ក្រោម​ការចោទប្រកាន់​ពីបទ «​បង្កើត​ដោយ​ខុសច្បាប់​នូវ​កងកម្លាំង​ប្រដាប់​អាវុធ​» ប្រព្រឹត្ត​ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០១៨ នៅ​ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ និង​នៅ​រាជធានី​ភ្នំពេញ​។

បើ​តាម​លិខិត​សន្និដ្ឋាន​របស់​មេធាវី​ជនជាប់ចោទ​ទាំង​ ២ ​នាក់​នេះ​មាន​ឈ្មោះ សុខ ប៊ុនសឿន អាយុ​ ៦៤ ​ឆ្នាំ​ និង​ឈ្មោះ រ័ត្ន ច័ន្ទមន្នី អាយុ​ ៤៧ ​ឆ្នាំ​ជា​អតីតយោធា​នៅ​កងអន្តរាគមន៍​លេខ ​១​។

លោក​ឧត្តមសេនីយ៍ទោ សរ សារ៉េត អ្នកនាំពាក្យ​តុលាការ​យោធា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​នៅ​ថ្ងៃទី ៧ ខែ​ឧសភា​លោក​ចៅក្រម​ ប៉ោក ប៉ន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​សាលក្រម​នៅ​ចំពោះមុខ​ជនជាប់ចោទ​ថា ក្រោយពី​បាន​ជំនុំជម្រះ និង​ក្រោយពី​បាន​ស្តាប់​ចម្លើយ​របស់​ជនជាប់ចោទ​ទាំង​ ២ ​នាក់ និង​សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​រួម​នឹង​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​អមតុលាការ​យោធា​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា​យោង​តាម​ចម្លើយ​សាក្សី​ និង​តាម​ចម្លើយសារភាព​របស់​ជនជាប់ចោទ​កាលពី​ថ្ងៃ​ជំនុំជម្រះ​ទី​ ២៨ ​មេសា​ ២០២០ តុលាការ​យោធា​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់ៗ​ឲ្យ​ជាប់ពន្ធនាគារ​ ១៦ ​ឆ្នាំ​ពី​បទ ​«​បង្កើត​ដោយ​ខុសច្បាប់​នូវ​កងកម្លាំង​ប្រដាប់អាវុធ តាម​មាត្រា​ ៤៦៣ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

លោក សារ៉េត ​ថ្លែង​ថា​៖ «​លោក​ចៅក្រម​ផ្តល់​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​ប្តឹងទៅ​សាលាឧទ្ធរណ៍​បន្តទៀត​បាន បើ​ជនជាប់ចោទ​មិនសុខ​ចិត្ត​នឹង​សាលក្រម​នេះ​»​។

លោក មេធាវី តូ វីរៈ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​មិន​អាច​ទទួលយក​បានទេ ចំពោះ​ការផ្តន្ទាទោស​នេះ​។ ចំពោះ​ថា​តើ​ត្រូវ​ប្តឹង​សារទុក្ខ​ទៅ​សាលាឧទ្ធរណ៍​ឬ​យ៉ាងណា​នោះ គឺ​លោក​ត្រូវ​រង់ចាំ​ការពិភាក្សា​ជាមួយ​កូនក្តី​របស់​លោក​សិន​។ លោក​ថ្លែងថា​៖ «​បើ​ពួកគាត់​មិន​សុខចិត្ត​នឹង​ការផ្តន្ទាទោស​នេះ ពួកគាត់​អាច​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ទៀត​បាន​»​។

លោក ម៉ែន ហុង ព្រះរាជអាជ្ញារង និង​ជា​តំណាង​អយ្យការ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ម្សិលមិញ​ថា សាលក្រម​ដែល​បាន​ប្រកាស​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់ៗ​ ១៦ ​ឆ្នាំ​នេះ​មាន​លក្ខណៈ​សមរម្យ ពីព្រោះ​ទោស​របស់​ជនជាប់ចោទ​នៅ​មាត្រា ៤៦៣ នៃ​ក្រមព្រហ្មទណ្ឌ​គឺ​ត្រូវ​ជាប់ពន្ធនាគារ​ពី​ ១៥ ​ឆ្នាំ​ទៅ​ ៣០ ​ឆ្នាំ​។

លោក​លើកឡើង​ថា វា​មាន​ភ័ស្តុតាង​ជាក់លាក់​ពិតមែន​ក្នុងការ​ផ្តន្ទាទោស​​ជនជាប់ចោទ​។ ប៉ុន្តែ​ដោយសារ​តុលាការ​យល់​ថា​លោក សុខ ប៊ុនសឿន មាន​វ័យ​ចំណាស់​អាយុ ៦៣ ឆ្នាំ និង​លោក​ រ័ត្ន ច័ន្ទមន្នី មាន​វ័យ​ ៤៧ ​ឆ្នាំ​ហើយ​ពួកគាត់​សុទ្ធតែ​មាន​ជំងឺ ទើប​តុលាការ​សម្រេច​ផ្តន្ទាទោស​ត្រឹម​ ១៦ ​ឆ្នាំ​។ លោក​ថា​៖ «​អ៊ីចឹង​តុលាការ​ដាក់​ពួកគាត់​ប៉ុណ្ណឹង​វា​សមល្មម​នឹង​ពេលវេលា​របស់​ពួកគាត់​ហើយ ហើយ​ខាង​ខ្ញុំ​អយ្យការ​គ្មាន​អី​ជំទាស់​ទេ​»​។

បើ​តាម​លោក​ ម៉ែន ហុង ​ចំពោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​ចំនួន​ ៧ ​រូប ដែល​ជា​ជនរងគ្រោះ​មិន​បាន​ទាមទារ​សំណង​ទេ ដោយសារ​ពួកគាត់​យល់ឃើញ​ថា ការជ្រើសរើស​ទ័ព​នេះ​ជា​ទង្វើ​ខុសច្បាប់​។ ដូច្នេះ​ពួកគេ​ជា​ជនរងគ្រោះ​ក៏ត្រូវ​បាន​តុលាការ​អនុញ្ញាត​មិន​ឲ្យ​ជាប់ទោស​ដែរ​។

លោក​ថា​៖ «​កាល​ពួកគាត់​ប្តឹង​មិន​ទារ​សំណង​ពីព្រោះ​ជន​ជាប់ចោទ​ជ្រើសរើស​ទ័ព​ខុសច្បាប់​»​។

តាម​កំណត់ហេតុ​របស់​តុលាការ​ជនជាប់ចោទ​ទាំង ២ នាក់​ បាន​ជ្រើសរើស​ទ័ព​នៅ​ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ចាប់​តាំងពី​អំឡុង​ឆ្នាំ ២០១៦ ដល់​ខែ​មិថុនា ឆ្នាំ​ ២០១៨​។

តាម​លោក តូ វីរៈ ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ​ ប៊ុនសឿន ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កូនក្តី​លោក​បាន​ស្គាល់​ឈ្មោះ​ រ័ត្ន ច័ន្ទមន្នី ​ជាច្រើន​ខែ​។ លុះដល់​ឆ្នាំ ២០១៦ ​គាត់​ត្រូវបាន​លោក​ ច័ន្ទមន្នី ប្រាប់ថា គេ​ (​រ័ត្ន ច័ន្ទមន្នី​) ​ត្រូវការ​ជ្រើសរើស​មនុស្ស ដើម្បី​ចូល​កងទ័ព​ហើយ​ចំពោះ​មនុស្ស​ដែល​ជ្រើសរើស​នោះ​ត្រូវ​យកលុយ​ដែរ​ដើម្បី​រត់ការ​ចូល​ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​៕