ភ្នំពេញៈ ជនជាតិវៀតណាមចំនួន ៦ នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពាក់ព័ន្ធជួញដូររក្សាទុក និងផលិតកែច្នៃគ្រឿងញៀន និងបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារកាលពីម្សិលមិញ ក្រោយពីសមត្ថកិច្ចបានបង្ក្រាបនៅក្នុងរាជធានីភ្នំពេញកាលពីសប្ដាហ៍មុន។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា៖ «យើងបានបញ្ជូនជនសង្ស័យទៅឃុំក្រោយពីបញ្ចប់ការសាកសួរ»។
លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា ការបង្ក្រាបសំណុំរឿងគ្រឿងញៀនដ៏ធំក្នុងរាជធានីភ្នំពេញក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងបឹងកេងកង ២ ខណ្ឌបឹងកេងកងនោះកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបចាប់តាំងពីយប់ថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែធ្នូនេះ សមត្ថកិច្ចចាប់បានជនសង្ស័យសរុប ៦ នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនសរុបជិត ១០០ គីឡូក្រាម។ វត្ថុតាងជាថ្នាំញៀនទាំងនោះមានប្រភេទមេតំហ្វេតាមីន ២២ គីឡូក្រាម និងសារធាតុផ្សំគ្រឿងញៀនពាក់កណ្ដាលសម្រេច ៥៤ គីឡូក្រាមរួមទាំងម៉ាស៊ីនសម្រាប់ផលិត និងកែច្នៃ គ្រឿងញៀនចំនួន ២ គ្រឿង និង សារធាតុគីមីផ្សំជាអង្គធាតុរាវចំនួន ២៨ លីត្រ។
លោក ឡឹក វណ្ណៈ បានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ Vor Thanh Hong អាយុ ៣២ ឆ្នាំ, Mai Hoan Tien Thanh អាយុ ៣១ ឆ្នាំ, Nguyen Yuan Anh អាយុ ២៤ ឆ្នាំ, Phuong Hoang Veit អាយុ ២៣ ឆ្នាំ, Nguyen Thi Thuy Ngoc អាយុ ៣១ ឆ្នាំ, និងឈ្មោះ Nguyen Thi Thuy Ngan អាយុ ២៩ ឆ្នាំ។ សមត្ថកិច្ចបានឆែកឆេររកឃើញ និងរឹបអូសវត្ថុតាង ថ្នាំញៀនប្រភេទអៃស៍មេតំហ្វេតាមីនសរុបជិត ២ គីឡូក្រាម នៅក្នុងបន្ទប់ផ្ទះសំណាក់មួយដែលពួកគេបានជួលស្នាក់នៅ ដើម្បីធ្វើសកម្មភាពជួញដូរថ្នាំញៀនដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌចំការមន រាជធានីភ្នំពេញ៕