ព្រះវិហារៈ សាលាដំបូង​ខេត្តព្រះវិហារ​បាន​សម្រេច​ឃុំខ្លួន​បុរស​ ៥ ​នាក់​ ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​រុករាន និង​ជីក​កកាយ​យក​វត្ថុបុរាណ​ក្នុង​តំបន់​ការពារ​ប្រាសាទខ្នារ​នៅ​ភូមិ​ក្រឡាពាស ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​។ នេះ​បើ​តាម​លោកស្រី ជុំ កន្និយ៉ា អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​នេះ​កាលពី​ម្សិលមិញ​។

លោកស្រី កន្និយ៉ា បាន​ថ្លែងថា ជនសង្ស័យ​ឈ្មោះ សៀក សុភ័ក្រ អាយុ​ ៥៤ ​ឆ្នាំ​, ង៉ែត តៃ អាយុ​ ៥៤ ​ឆ្នាំ​, ព្លាន ព្លឿង អាយុ​ ៥៤ ​ឆ្នាំ ដែល​អ្នក​ទាំង​ ៣ ​មាន​លំនៅ​ក្នុង​ភូមិ​គោកព្រិច ឃុំ​គោករមៀត ស្រុក​ពួក ខេត្ត​បន្ទាយមានជ័យ ឈ្មោះ ហេង ប៊ុនសុខុន អាយុ​ ៣៧ ​ឆ្នាំ ​មាន​លំនៅ​ក្នុងភូមិ​តាវៀន ឃុំ​សាលាកំរើក ក្រុង​សៀមរាប ខេត្ត​សៀមរាប និង ឈ្មោះ ប៊ុនសាន អាយុ ៤៥ ​ឆ្នាំ​ជា​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រីងធំ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​ត្រូវ​បាន​ក្រុម​ឆ្មាំ​ការពារ​ប្រាសាទខ្នារ​សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះវិហារ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ឆ្នាំ ២០២០ ​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ៥ ​នាក់ និង​សំណុំរឿង​របស់​ពួកគេ​ត្រូវ​បាន​បញ្ជូន​មកកាន់​តុលាការ​កាលពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍ ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ (៧ ​កុម្ភៈ​ ២០២០) ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពីបទ​រុករាន និង​ជីក​កកាយ​យក​វត្ថុ បុរាណ​ក្នុង​តំបន់​ការពារ​ប្រាសាទ​បុរាណ​ដោយ​ខុសច្បាប់​»​។

បើតាម​លោក នៅ ចាន់គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្តព្រះវិហារ ក្នុងអំឡុង​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ ៥ ​នាក់​នេះ​ក្រុម​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយចំនួន​រួមមាន​ម៉ាស៊ីន​រាវរក​វត្ថុ​បុរាណ​ក្រោម​ដី​ចំនួន​ ២ ​គ្រឿង រថយន្ត​ ១ ​គ្រឿង និង​លោហធាតុ​ចម្លង​ព្រម​ទាំង​ឧបករណ៍​បម្រើ​ឲ្យ​មធ្យោបាយ​ជីក​កាយ​យក​វត្ថុ​បុរាណ​មួយ​ចំនួន​ទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​ពួកគេ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង​ចាប់​ឃាត់ខ្លួន ខណៈ​កំពុង​នាំគ្នា​ជីក​កកាយ​គាស់​យក​វត្ថុ​បុរាណ និង​លោហធាតុ​ផ្សេងៗ​នៅ​ចំណុច​ភូមិ​ក្រឡាពាស ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​ក្នុង​ចម្ងាយ​ប្រមាណ ១០០ ​ម៉ែត្រ​ភាគខាងត្បូង​ប្រាសាទខ្នារ​»​។

លោក​បាន​បន្ថែមថា​៖ «​នេះ​ជា​លើក​ទី​ ១ ​ហើយ ដែល​ក្រុម​ឆ្មាំ​របស់​យើង ក្រោម​ការជួយ​អន្តរាគមន៍​ពី​កម្លាំង​កងរាជ​អាវុធហត្ថ បង្ក្រាប​ចាប់បាន​ជនប្រព្រឹត្ត​បទល្មើស និង​វត្ថុតាង​ក្នុង​សកម្មភាព​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​»​។

លោក​បាន​បន្តថា កន្លងមក​ការចុះ​បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ទីទួល​ប្រាសាទបុរាណ​ផ្សេងៗ​មិន​ធ្លាប់​បាន​ប្រទះឃើញ ឬ​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​បាន​នោះ​ទេ ពោលគឺ​ឃើញតែ​ស្នាម​ជីក​គាស់កកាយ​ប៉ុណ្ណោះ​។ ករណី​ដូចជា​កាលពី​ ៣-៤ ​ថ្ងៃ​មុននេះ​សមត្ថកិច្ច​របស់​លោក​រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ផង​នោះ​បាន​ចុះ​ល្បាត​នៅក្នុង​តំបន់​ការពារ​ប្រាសាទបុរាណ​មួយចំនួន​ក្នុង​ស្រុក​គូលែន​បាន​ប្រទះឃើញ​រណ្ដៅ​ដី​ទើប​ជីក​ថ្មីៗ​ជាច្រើន​កន្លែង ប៉ុន្តែ​មិន​បាន​រកឃើញ​ជនប្រព្រឹត្ត​បទល្មើស​នោះទេ​៕