ភ្នំពេញៈ លោក​ សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​បក្ខពួក​ ៣ ​នាក់​ទៀត​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ចំនួន​ ៤ ​បទល្មើស ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​យក​ដី​រដ្ឋ​ប្រមាណ​ ១ ០០០ ​ហិកតា​នៅ​ខេត្តមណ្ឌលគិរី​។

លោក​ គុជ គឹមឡុង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​ថា លោក​ សេង សុវណ្ណារ៉ា និង​គូកន​ ៣ ​នាក់​ទៀត​រួមមាន​ឈ្មោះ វ៉ាន់ សុធា អាយុ​ ៣៦ ​ឆ្នាំ ប៉ូ ចយ អាយុ​ ៣៤ ​ឆ្នាំ និង ឈ្មោះ​ ស៊ីន ប៉ូ អាយុ​ ៥៩ ​ឆ្នាំ​ជា​ប្រជាកសិករ​នៅ​ភូមិ​កោះ​ម្យើលលើ ឃុំ​ណងឃីលិក ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​ ២៦ ​មិថុនា​។

ការឃាត់ខ្លួន​នេះ ក្រោយពី​ត្រូវបាន​កោះ​ឲ្យ​ចូល​ទៅ​ឆ្លើយបំភ្លឺ​ករណី​ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ​ប្រមាណ​ ១ ០០០ ​ហិកតា​នៅ​ភូមិ​អន្ត្រេះ ឃុំ​អរបួនលើ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​។ នៅ​ថ្ងៃទី​ ២៧ មិថុនា លោក​ សុវណ្ណារ៉ា និង​គូកន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​វិធានការ​បន្ត​ទៅតាម​នីតិវិធី​ច្បាប់​។

លោក​ គឹមឡុង ថ្លែងថា​៖ «​នៅ​ល្ងាច​ថ្ងៃទី​ ២៧ ខែ​មិថុនា ឆ្នាំ​ ២០២០ ក្រោយ​បញ្ចប់​ការសាកសួរ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ សេង ហៀង បានសម្រេច​ចោទប្រកាន់​លោក​ សេង សុវណ្ណារ៉ា និង​គូកន​ក្នុង​ម្នាក់ៗ​ចំនួន​ ៤ ​បទល្មើស​រួមមាន​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​។ បទ​រំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ ​បទ​សម្លុត​គំរាមកំហែង​មិន​ឲ្យ​ប្តឹងផ្តល់ និង​បទកាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​»​។

លោក​បន្ថែមថា​៖ «​ហើយ​ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ សុង ប៉ុណ្ណារិទ្ធ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការជំនុំជម្រះ​នៅពេល​ក្រោយ​»​។

យោងតាម​បទចោទ​ទាំង​ ៤ ​ខាង​លើ​នេះ​លោក​ សេង សុវណ្ណារ៉ា និង​គូកន​អាច​នឹង​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​យ៉ាងតិច​ ៥ ​ឆ្នាំ​​ក្នុងករណី​តុលាការ​រកឃើញ​ថា​គាត់​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​។ ព្រោះ​ក្នុង​បទឆបោក​មាន​ស្ថាន​ទម្ងន់ទោស គាត់​នឹង​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ​តាម​បញ្ញត្តិ មាត្រា​ ៣៧៩ ​នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ ខណៈ​បទសម្លុត​គំរាមកំហែង​មិន​ឲ្យ​ប្ដឹងផ្ដល់​ក៏​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​រយៈពេល​ពី​ ២-៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤ ​លាន​រៀល​ដល់​ ១០ ​លាន​រៀល​ផងដែរ​តាម​បញ្ញត្តិ​មាត្រា​ ៦០៧ ​នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ​។

ឯ​បទ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ គាត់​នឹងត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ៦ ​ខែ​ដល់​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​រៀល​ដល់​ ៦ ​លាន​រៀល​តាម​បញ្ញត្តិ​មាត្រា​ ៤៩០ ​នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ ខណៈ​បទ​រំលោភ​យក​ ឬ​ធ្វើឲ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​ផ្ដន្ទាទោស​ ២ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ ឬ​/​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ៣ ​លាន​រៀល​ដល់​ ៣០ ​លាន​រៀល​តាម​បញ្ញត្តិ​មាត្រា​ ២៦២ ​នៃ​ច្បាប់​ភូមិបាល​។

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​ ១៣ ខែសីហា ឆ្នាំ​ ២០១៩ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ពាក់ព័ន្ធ​ករណី​រំលោភ​យក​ដី​រដ្ឋ​ប្រមាណ​ ១ ០០០ ​ហិកតា​នៅ​ភូមិ​អន្ត្រេះ ឃុំ​អរបួនលើ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ប្រកាស​ដក​លោក​ សេង សុវណ្ណារ៉ា ដែល​កាលនោះ​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ពី​សមាជិក​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​។

នៅ​ថ្ងៃទី​ ២៤ ខែសីហា ឆ្នាំ​ ២០១៩ ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​របស់​គាត់​ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តាម​សំណើ​ទូលថ្វាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​ គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​គាំទ្រ​ចំពោះ​ការសម្រេច​ឃុំខ្លួន​លោក​ សេង សុវណ្ណារ៉ា ជា​បណ្ដោះអាសន្ន​។ លោក​ថ្លែងថា ក្រៅពី​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភបំពាន​យក​ដីព្រៃ​អភិរក្ស​របស់​រដ្ឋ​ប្រមាណ​ ១ ០០០ ​ហិកតា​នោះ បុគ្គល​រូបនេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​យក​ដីព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី​ជាច្រើន​រយ​ហិកតា​ផងដែរ​៕