មណ្ឌលគិរីៈ បុរសម្នាក់ត្រូវបានតុលាការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តមណ្ឌលគិរីកាលពីថ្ងៃ ២ កុម្ភៈ ដោយចោទប្រកាន់ពីបទប្រមាញ់សត្វស្វាកន្ទុយស និងកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សឃាត់ខ្លួនក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមាកាលពីថ្ងៃ ៣១ ខែមករា។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ជនសង្ស័យឈ្មោះ លី ឯក អាយុ ៣៥ ឆ្នាំ មានលំនៅក្នុងភូមិជើងឃ្លេ ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ឃាត់ខ្លួនខណៈកំពុងបាញ់សម្លាប់សត្វស្វាកន្ទុយស ១ ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីមាត្រង់ចំណុចភ្នំស្រឡៅ ក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោក សុភគ៌ បានបន្តថាក្រោយបាញ់សម្លាប់សត្វស្វាកន្ទុយស ១ ក្បាលនោះ រួចជនសង្ស័យបានព្យាយាមបើកម៉ូតូគេចខ្លួនជាមួយនឹងសត្វស្វា ១ ក្បាលនោះចេញពីព្រៃ ប៉ុន្តែត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សដែលកំពុងចុះល្បាតក្នុងតំបន់នោះនាំគ្នាស្ទាក់ចាប់បានភ្លាមៗនៅក្បែរកន្លែងប្រព្រឹត្តបទល្មើសជិត ២០០ ម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «ពេលចាប់ខ្លួននោះ មន្ត្រីឧទ្យានុរក្សយើងក៏បានឆែកឆេរក្នុងកាបូបស្ពាយរបស់ជនសង្ស័យរកឃើញ និងរឹបអូសបានវត្ថុតាងរួមមាន សត្វស្វាកន្ទុយស ១ ក្បាល [ងាប់] និងកាំភ្លើងបាញ់សត្វកែច្នៃ ១ ដើម»។
លោក សុភគ៌ បានប្រាប់ឲ្យដឹងដែរថា ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកស្នាក់ការកណ្ដាលនៃដែនជម្រកសត្វព្រៃកែវសីមាមុនពេលកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ប៉ុន្តែតាមចម្លើយរបស់ជនសង្ស័យដែលសួរដោយមន្ត្រីជំនាញដែនជម្រកសត្វគឺគ្មានអ្នកណាផ្សេងជាប់ពាក់ព័ន្ធនឹងបទល្មើសនេះទេ។
លោកបានបន្ថែមថា ក្រោយពីបញ្ចប់ការសួរជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២០ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ចំនួន ២ បទល្មើសរួមមានបទ «ប្រមាញ់សត្វស្វាកន្ទុយស» ក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមាជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៣ និងបទ «កាន់កាប់អាវុធខុសច្បាប់» តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងបានបង្គាប់ឲ្យមន្ត្រីឧទ្យានុរក្សនាំខ្លួនជនសង្ស័យរូបនោះទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តមណ្ឌលគិរីដើម្បីរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។
លោកបានបញ្ជាក់ថា៖ «យោងតាមបទចោទទាំង ២ ខាងលើនេះ ជនសង្ស័យនឹងប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារយ៉ាងតិចពី ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ព្រោះគ្រាន់តែបទចោទមួយដែលពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិថ្នាក់ទី ៣ ជនសង្ស័យនឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ១ ឆ្នាំដល់ ៥ ឆ្នាំ»។
លោកបានប្រាប់ឲ្យដឹងទៀតថាគិតពីដើមខែមករា ឆ្នាំ ២០២០ មកទល់ពេលនេះ មន្ត្រីឧទ្យានុរក្សចំណុះឲ្យនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបង្ក្រាបចាប់ជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិបានចំនួន ៥ ករណីក្នុងនោះមាន ៣ ករណីត្រូវបានបញ្ជូនទៅកាន់តុលាការ ហើយ ២ ករណីទៀតសមត្ថកិច្ចបានធ្វើការអប់រំ និងផាកពិន័យអន្តរកាល៕