សៀមរាបៈ សាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita ចំនួន ២ ករណី ពីបទឆបោក និងបទចេញមូលប្បទានបត្រក្លែងក្លាយ ក្រោយពីបានឃាត់ខ្លួនសួរនាំតាំងពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីមានពាក្យបណ្តឹង ពីពលរដ្ឋជាច្រើនប្តឹងម្ចាស់ក្រុមហ៊ុននេះ ថាបានឆបោកពួកគេមានទឹកប្រាក់រាប់លានដុល្លារ តាមរយៈការដាក់ទុនវិនិយោគ។
ក្រោយការឃាត់ខ្លួន និងធ្វើការសួរចម្លើយមួយរយៈនៅរាជធានីភ្នំពេញ លោក ឌីម សួនណាត ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ខណៈសំណុំរឿងនេះត្រូវបានអះអាងថា មានប្រជាពលរដ្ឋជាច្រើនខេត្តបានដាក់ពាក្យបណ្តឹង និងមានចំនួនទឹកប្រាក់រាប់លានដុល្លារ។
លោក ថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រោយការសាកសួរតាំងពីសប្តាហ៍មុនមកនៅក្នុងស្ថាប័នអយ្យការ តាមរយៈពាក្យបណ្តឹងជាច្រើន និងលើចំនួនទឹកប្រាក់ជាច្រើនដែលបានអះអាងថា អគ្គនាយកក្រុមហ៊ុននេះបានឆបោករួចមកនៅថ្ងៃអាទិត្យម្សិលមិញ ស្ថាប័នអយ្យការសម្រេចចោទប្រកាន់បុគ្គលរូបនេះចំនួន ២ ករណី ពីបទឆបោកមានស្ថានទម្ងន់ទោស និងបទចេញមូលប្បទានបត្រក្លែងក្លាយ។
លោកបញ្ជាក់ថា៖ «រឿងហ្នឹងបានបញ្ជូនទៅចៅក្រមស៊ើបសួរហើយ គឺនៅថ្ងៃអាទិត្យហ្នឹង ហើយគេសម្រេចឃុំខ្លួន មិនឃុំខ្លួនយ៉ាងណាខ្ញុំមិនដឹងទេ ព្រោះផុតដៃខ្ញុំហើយ»។
ទោះយ៉ាងណាលោក ផេង សំណាង បដិសេធបញ្ជាក់ចំពោះព័ត៌មានជុំវិញដើមបណ្តឹង និងចំនួនទឹកប្រាក់ដែលពលរដ្ឋបានចាញ់បោកក្នុងករណីនេះដោយអះអាងថា ស្ថិតក្នុងដំណើរការនីតិវិធី ដូច្នេះមិនអាចលម្អិតអ្វីបានទេ។
លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបថ្លែងពីម្សិលមិញថា ក្រោយទទួលសំណុំរឿងនេះ ចៅក្រមស៊ើបសួរបានបន្តការសួរនាំ។
លោកបញ្ជាក់ថា៖ «យើងកំពុងបន្តនីតិវិធីសាកសួរបន្ត ដូច្នេះមិនទាន់សម្រេចយ៉ាងណាទេ ហើយខ្ញុំមិនអាចបញ្ជាក់បានទេ ថា មានដើមបណ្តឹងប៉ុន្មាន ឬទឹកប្រាក់ប៉ុន្មាន គ្រាន់តែប្រាប់បានថា ក្នុងសំណុំរឿងនេះមានដើមបណ្តឹងប្តឹងច្រើនខេត្តប៉ុន្តែដោយសារតែតុលាការខេត្តយើងចាត់ការមុន ដូច្នេះបានគេបញ្ជូនជនសង្ស័យមកខេត្តសៀមរាប»។
លោក ឌីម សួនណាត អាយុ ៣៦ ឆ្នាំ រស់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គឺជាអគ្គនាយកក្រុមហ៊ុន Enarita Development Co.Ltd ដោយក្រុមហ៊ុននេះ មានបុត្រសម្ព័ន្ធចំនួន ៧ ទូទាំងប្រទេស និងវិនិយោគលើវិស័យជាច្រើន ដូចជា វិនិយោគលើដី លើហាងកាហ្វេ វិនិយោគលើទឹកសុទ្ធ និងក្នុងវិស័យអប់រំជាដើម ដែលមានសាខាធំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប និងតាមបណ្តាខេត្ត មានប្រធានផ្នែកទីផ្សារគ្រប់គ្រងបន្ត។
មេធាវីរបស់ជនសង្ស័យ ឌីម សួនណាត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រុមមេធាវីលោក បានត្រៀមឯកសាររួចរាល់ហើយ ដើម្បីការពារកូនក្តីជុំវិញការចោទប្រកាន់ទាំងនេះ។ មេធាវីរូបនេះបានអះអាងថា កូនក្តីលោក គឺស្អាតស្អំ ហើយតួលេខដែលថា កូនក្តីលោក បោកប្រាស់នោះគឺជាព័ត៌មានបំប៉ោងតែប៉ុណ្ណោះ។
ចំណែកព័ត៌មានលម្អិតជុំវិញដើមបណ្តឹង និងចំនួនទឹកប្រាក់ដែលបានប្តឹងកូនក្តីលោកគឺមិនទាន់អាចបញ្ជាក់បានទេថា មានប៉ុន្មានខណៈលោកបដិសេធថា ចំនួនទាំងនេះ មិនមានចំនួនច្រើនដូចការចោទប្រកាន់នោះទេខណៈអតិថិជនជាច្រើនបានយល់ព្រមនឹងការស្នើរបស់ក្រុមហ៊ុន ដោយទុកពេលស្រាវជ្រាវ ដោយធ្វើការផ្លាស់ប្តូរការប្រាក់ថ្មីជាដើម។
លោកបញ្ជាក់ថា៖ «យើងបានរៀបចំឯកសារ និងញត្តិគាំទ្រទាំងអស់ ដើម្បីដាក់ជូនតុលាការ។ សំខាន់ឲ្យតុលាការសួរឲ្យចប់សិនហើយនីតិវិធីបន្តទៅមុខទៀត យើងក៏មិនអាចបញ្ជាក់បានដែរ ព្រោះតែកំពុងបន្ត ហើយនៅពេលសាកសួរចប់ទើបអាចប្រមូលលទ្ធផលបាន»។
បុគ្គលផ្នែករដ្ឋបាលនៃក្រុមហ៊ុន Enarita Development Co.Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដោយសុំមិនបញ្ចេញអត្តសញ្ញាណថា កន្លងទៅក្រុមហ៊ុន ទទួលប្រាក់វិនិយោគពីអតិថិជន ដោយផ្តល់ឲ្យនូវការប្រាក់ខ្ពស់ ហើយក្រុមហ៊ុន តែងតែផ្តល់ជូនអតិថិជន មិនដែលខកខាននោះទេ ប៉ុន្តែដោយសារមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនមានបញ្ហាផ្នែកហិរញ្ញវត្ថុ ដោយមិនអាចបង្វិលលុយជូនអតិថិជនទាន់ពេល ដូច្នេះ ក៏បានជូនដំណឹងដល់អតិថិជនផងដែរ និងបានព្យាយាមទូទាត់ប្រាក់តាមដែលអាចធ្វើបាន ដោយមិនមានចេតនាគេចវេះនោះទេ។
លោកបញ្ជាក់ថា៖ «អ្នកមួយចំនួនដែលប្តឹងហ្នឹងគាត់ចង់យកលុយគាត់ទាំងអស់ភ្លាមៗដែលធ្វើឲ្យយើងបង្វែរសាច់ប្រាក់មិនទាន់ បើសិនជាគាត់ (អគ្គនាយក) មានចេតនាឆបោកគាត់មិននៅរហូតដល់ថ្ងៃហ្នឹងទេគាត់រត់បាត់ហើយ ព្រោះគាត់មានចេតនា ដោះស្រាយដល់ទីបញ្ចប់ ប៉ុន្តែដោយសារមានជនមួយក្តាប់តូចបង្កបញ្ហា»។
បុគ្គលិករូបនេះបានឲ្យដឹងបន្ថែមថា ដោយសារតែក្រុមហ៊ុនមានប្រធានទីផ្សារបន្តការគ្រប់គ្រងនៅតាមបណ្តាខេត្តដូច្នេះពួកគេដែលជាប្រធានទីផ្សារមួយចំនួន មានចេតនាមិនល្អ ហើយបានឆបោកអតិថិជន ធ្វើឯកសារក្លែងក្លាយ និងប្រមូលលុយដាក់ហោប៉ៅខ្លួនឯង ដោយមិនបានបញ្ជូនមកក្រុមហ៊ុននោះទេ។ លោកថា ទាល់តែមានការបែកធ្លាយបែបនេះ ទើបក្រុមហ៊ុនចាប់ផ្តើមពិនិត្យឯកសារឡើងវិញ ហើយមានបញ្ហាប្តឹងអគ្គនាយកក្រុមហ៊ុនតែម្តង។
មិនអាចទាក់ទងដើមបណ្តឹងដែលដាក់ពាក្យប្តឹងអគ្គនាយកក្រុមហ៊ុននេះបានទេ កាលពីម្សិលមិញ។ ប៉ុន្តែបុគ្គលម្នាក់ ដែលអះអាងថា បានវិនិយោគប្រាក់មួយចំនួនក្នុងក្រុមហ៊ុននេះ ថ្លែងយ៉ាងខ្លីក្នុងក្របខ័ណ្ឌមិនបញ្ចេញឈ្មោះថា៖ «(អគ្គនាយក) គាត់មិនមែនជាអ្នកឆបោកដូចគេចោទប្រកាន់នោះទេ ខ្ញុំក៏ជាអ្នកដាក់ទុនវិនិយោគមួយរូប ដូចប្រជាពលរដ្ឋមួយចំនួនផងដែរ»៕