ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានសម្រេចដោះលែង លោក អឿ ណារិទ្ធ សកម្មជនអតីតគណបក្សសង្គ្រោះជាតិឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីតុលាការបញ្ចប់ការសាកសួរពាក់ព័ន្ធនឹងការឃាត់ខ្លួនសង្ស័យរឿងទទួលលុយពីក្រៅប្រទេសអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាល។ នេះយោងតាមការឲ្យដឹងពីសមត្ថកិច្ច។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា លោក អឿ ណារិទ្ធ ត្រូវចាប់បញ្ជូនទៅតុលាការកាលពីថ្ងៃអាទិត្យ វេលាម៉ោង ៣ រសៀល។
លោកថ្លែងថា៖ «យើងចាប់ខ្លួនតាមដីកា។ គាត់ជាប់សង្ស័យពីការបង្វិលលុយ ផ្ទេរលុយមិនប្រក្រតី ពាក់ព័ន្ធនឹងការចិញ្ចឹមចលនា»។
លោកថ្លែងឲ្យដឹងទៀតថា៖ «អឿ ណារិទ្ធ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំស្ថិតក្រោមការឃ្លាំមើល។ ការស្រាវជ្រាវឯកសារភ័ស្តុតាងទៅ ទៅជារឿងពាក់ព័ន្ធនឹងការជំពាក់បំណុលទៅវិញ»។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនអាចសុំការបញ្ជាក់បានទេកាលពីម្សិលមិញ។
លោក ណារិទ្ធ ត្រូវបានគេដឹងថាជាជំនួយការលោកស្រី មូ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោកធ្លាប់ត្រូវបានចាប់ខ្លួន និងត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល ២០ ឆ្នាំរួមជាមួយនឹងសកម្មជនដទៃទៀតពាក់ព័ន្ធនឹងកុបកម្ម ១ នៅស្ពាននាគនៅឆ្នាំ ២០១៤។ ប៉ុន្តែលោកត្រូវបានដោះលែងកាលពីឆ្នាំ ២០១៨ តាមរយៈការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។
ស្របពេលជាមួយគ្នានេះលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្រៅប្រទេសបានប្រកាសជាថ្មីកាលពីថ្ងៃអាទិត្យថា លោកគ្រោងវិលត្រឡប់មកកម្ពុជាវិញ គឺដើម្បីមកប្រមូលកម្លាំងពលរដ្ឋខ្មែរដើម្បី «កម្ចាត់» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តែមិនបានប្រាប់ពីពេលវេលាជាក់លាក់ជាមុននោះទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងដោយយល់ឃើញថា ការអះអាងអំពីការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី គ្មានអ្វីអាចជឿជាក់បានទេ ប្រសិនបើគ្មានការសម្របសម្រួលណាមួយ ហើយការអះអាងនេះគឺដើម្បីកុំឲ្យអ្នកគាំទ្រភ្លេចលោក និងដើម្បីទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «គាត់ធ្វើឲ្យខ្លួនគាត់អណ្ដែតឡើងពីមតិជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ។ តាមរយៈពាក្យញុះញង់របស់គាត់ វានឹងធ្វើឲ្យចលនាសកម្មជនដែលស្លាប់រស់ជាមួយគាត់កក្រើកឡើងវិញ និងធ្វើអ្វីមួយខុសច្បាប់ ហើយរងវិធានការផ្លូវច្បាប់ពីរដ្ឋាភិបាល។ អ៊ីចឹងវាបានចេញជារូបភាពដែលធ្វើឲ្យមើលឃើញថា រដ្ឋាភិបាលរឹតត្បិតសិទ្ធិសេរីភាពខាងនយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ គឺគាត់ចង់បានសម្ពាធអន្តរជាតិមកលើរាជរដ្ឋាភិបាល។ គោលដៅរបស់គាត់ធំបំផុត គឺចង់ឃើញអន្តរជាតិដាក់សម្ពាធកាន់តែខ្លាំងឡើងៗលើរដ្ឋាភិបាល»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងដោយយល់ឃើញថា ការប្រកាសវិលត្រឡប់របស់លោក សម រង្ស៊ី គឺជាការលើកទឹកចិត្តមួយសម្រាប់អ្នកគាំទ្រ និងជាការលើកប្រជាប្រិយភាពរបស់លោក។ លទ្ធផលបែបនេះអាចនាំឲ្យមានប្រតិកម្មពីរដ្ឋាភិបាល។ ការដាក់វិធានការបង្ក្រាបលើអ្នកគាំទ្ររបស់លោកនឹងធ្វើឲ្យមានការរិះគន់ និងការថ្កោលទោសកាន់តែច្រើន ដែលធ្វើឲ្យខូចដល់ភាពស្របច្បាប់របស់រដ្ឋាភិបាល និងអាជ្ញាធរ។
លោកថា៖ «ប៉ុន្តែលោក សម រង្ស៊ី ខ្លួនឯងគួរតែរក្សាពាក្យសម្ដីរបស់ខ្លួន ប្រសិនបើលោកពិតជាមនុស្សដែលគោរពពាក្យសម្ដីមែននោះ»៕