ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញកាល​ពី​ម្សិលមិញ បាន​សាកសួរ​ស្ត្រី​ខ្មែរ ៣ នាក់ ពាក់ព័ន្ធ​ករណី​ស៊ី​ឈ្នួល​ពពោះ​ជំនួស ដើម្បីសម្រាលកូន​​ឲ្យ​ជនជាតិ​ចិន បន្ទាប់ពី​កម្លាំង​នគរបាល​នាយ​ក​​ដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការ​​ពារ​អនីតិជន​ក្រសួង​មហាផ្ទៃ បា​នប​ញ្ជូន​ពួកគេ​ទៅ​តុលាការ​ក្រោយ​ពី​ឃាត់​ខ្លួន​បាន​នៅ​ប្រទេស ​វៀតណាម។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​ឲ្យ​សាលាដំបូង​រាជធានី​ ថ្លែង​​ជា​មួយ​​ភ្នំពេ​ញ​ប៉ុស្តិ៍​យ៉ាងខ្លី​ពី​ម្សិលមិញ​ថា ករ​ណី​នេះ​ខាង​អយ្យការ​កំពុង​សាកសួរ​នៅ​ឡើយ។

ស្ត្រី​ខ្មែរ​ចំនួន ៣​ រូប ដែល​ត្រូវបាន​បញ្ជូន​​ទៅ​តុលាការ​ដើម្បី​សាកសួរ​នេះ គឺមាន​លំនៅ​ក្នុង​ភូមិ​គោល ឃុំ​ទួល​ពេជ្រ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដោយ​មាន​អាយុ ៣១ ឆ្នាំ​ម្នាក់ និង​អាយុ ៣២ ឆ្នាំ ២​ នាក់ ។ នេះ​បើតាម​លោក ជីវ ផល្លី ប្រធាននាយក​ដ្ឋាន​ជួញដូរ​មនុស្ស ​នៃ​ក្រសួង​មហាផ្ទៃ។

លោក ជីវ ផល្លី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុម​ជន​សង្ស័យ​ទាំងនេះ ត្រូវបាន​កម្លាំង​នគរបាល​ប្រទេស​វៀត​​ណាម ចាប់​ឃាត់ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម រួច​បញ្ជូនមក​កម្ពុជា​ បន្ទាប់ពី​ពួកគេ​ បាន​ឆ្លង​ដែន​ខុសច្បាប់​ ចូល​ទៅ​​វៀត​ណាមដើម្បី​សម្រាលកូន​លក់​ឲ្យ​ជនជាតិ​ចិន ក្នុងតម្លៃ ៨ ០០០ ​ដុល្លារ​ ក្នុង​កូន​ ១។ លោក​ថា លោក​មិន​អាច​បញ្ជាក់​ព័ត៌មាន​លម្អិត​ជាង​នេះ​បាន​ទេ។

រហូតមកទល់​ពេលនេះ កម្ពុជាបង្ក្រា​ប​​​បាន​បទ​ល្មើ​ស​ពពោះ​ជំនួស ដោយ​ស្ត្រី​ខ្មែរ​ចំនួន ៤៣ ករណី​មកហើយ ​ដោយ​ភាគច្រើន ​បទល្មើស​នៃ​ការ​ពពោះ​ទាំង​នេះ ត្រូវបាន​រកឃើញថា បញ្ជូនទៅ​ប្រទេស​ ចិន ស្របពេល​ករណី​មួយ​ចំនួ​ន កំពុង​បន្ត​នីតិវិធី​នៅ​តុលាការ ខណៈ​ករណី​បញ្ជូន​​ស្ត្រី ៣ នាក់​ ទៅ​តុលាការពី​ម្សិលមិញ គឺជា​ករណី​ថ្មី​បន្ថែមទៀត ដែល​ទើប​បង្ក្រាប​បាន។ នេះ​បើតាម​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្រៃ្តយ៍ គណៈ​កម្មា​ធិការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។

លោកស្រី ជូ ប៊ុន​អេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើទោះជា​មានការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​យ៉ាង​ណា​ក្តី ក៏​ជនល្មើស នៅតែ​បន្តសកម្មភាព​ទាំងនេះ ស្របពេល​សេចក្តីព្រាងច្បាប់​សម្រាប់​ដា​ក់​ទោសទណ្ឌ និង​ការ​គ្រប់​​គ្រង​បទល្មើស​នេះកំពុង​ត្រូវបាន​ក្រសួ​ង​មហាផ្ទៃ ពិនិត្យ និង​ពិភាក្សា ដែល​ការពិភាក្សា​បន្ទាប់នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ទី៣ ក្នុង​ខែ​នេះ ។

លោកស្រីបញ្ជាក់ថា បើទោះជា​ច្បាប់​នេះ មិនទាន់​អនុ​ម័​តឲ្យ​ប្រើប្រាស់ ប៉ុន្តែ​បទល្មើស​ទាំ​ង​នេះ មានចែង​នៅក្នុង​ច្បាប់​មួយចំនួន ដូច​ជា​ក្រមព្រហ្មទណ្ឌ​ជាដើម ដែល​ជន​ល្មើ​ល​​នៅតែ​ត្រូវ​ទទួល​ទោសទណ្ឌ​តា​ម​​ផ្លូវ​ច្បាប់។ «ការ​ពពោះ​នេះ គឺ​មិនមែន​គ្រាន់តែ​ពពោះ​ទេ យើង​ឃើញ​មានការ​នាំ​ទារក​ចេញទៅ ហើយ​ការ​​នាំចេញ​ទៅ​( ក្រៅប្រទេស) គឺ​មិន​ដែល​មាន​ច្បាប់​ទម្លាប់​អី​ទេ ព្រោះ​យើង​គ្មាន​ច្បាប់​ណាឲ្យ​នាំ​ទារក​ចេញ​ទេ។ ដូច្នេះ​ការ​បង្ក្រាប​នៅតែ​បន្ត ព្រោះ​យើង​មិនអាច​បញ្ឈប់​បានទេ វា​ជា​របៀប​រក​វិធី​ប្រព្រឹត្ត​បទល្មើស ដែល​យើង​កំពុងតែ​តាមដាន​រឿង​ហ្នឹង»។

លោកស្រី​​បន្តថា៖ «កាលពី​ឆ្នាំ ២០១៧ យើង​បានផ្តល់​ឱកាស​ម្តង​ហើយ យើង​ប្រកាសថា អ្នក​ដែល​ចង់​បាន​ទារក​ តាមរបៀប​ហ្នឹង ដោយ​សារ​តែ​មានការ​ព​ពោះ​រួច​​ហើយ ឬមួយ​ក៏បា​ន​បញ្ជាក់ថា ខ្លួនឯង​ហ្នឹងមាន DNA ជាមួ​​យ​​​ទារក​ហើយ ឲ្យ​ចូលមក​បញ្ជាក់​ជាមួយ​តុលាការ ដើម្បី​ស្នើសុំ​សិទ្ធិ​អនុញ្ញាតក្នុង​រយៈពេល១ឆ្នាំ ធ្វើ​ឲ្យ​អស់។ ប៉ុន្តែ​ក្នុង​អំឡុងពេល​ហ្នឹង អត់​មាន​អ្នក​មក​ទេ ដូច្នេះយើង​បិទ​បញ្ចប់​ហើយ ចាប់ពី​ពេល​ហ្នឹង​ទៅ គឺ​យើង​បង្ក្រាប និង​ដាក់​ទោសទណ្ឌ​ហើយ»។

លោក អំ សំអាត ប្រធាន​គ្រប់​គ្រង​ផ្នែក​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​លើកឡើងថា ការ​​ដែល​បណ្តាល​ឲ្យ​មាន​បទល្មើស​ពពោះ​ជំនួស គឺមាន​កត្តាជាច្រើន ដូចជាបញ្ហា​ជីវភាព​ក្រីក្រ​ជាពិសេស​ស្ត្រី ដែល​ធ្លាក់ខ្លួន​ជា​ជនរង​គ្រោះ ក្នុងករណីនេះ ដោយ​ការដោះដូរ​ជាមួយ​លុយ​ជា​ថ្នូរ​នឹង​ការ​ពពោះ​ជំនួស ដែល​បញ្ហា​ទាំងនេះ គឺមាន​ផល​ប៉ះ​ពាល់​ជាខ្លាំង​ចំពោះ​ស្ត្រី ជាពិសេស​គឺ​កុមារ​តែម្តង។

លោកបន្តថា បើទោះជា​កម្ពុជា មានច្បាប់​ជាច្រើន​ពាក់ព័ន្ធ​នឹង​បទ​ល្មើ​ស​ទាំងនេះប៉ុន្តែ​វា​ហាក់​មាន​ភាពខ្វះ​ចន្លោះ និង​ចែង​មិន​ចំ​គោលដៅ​នោះទេ ខណៈ​ការផ្សព្វផ្សាយ​ជុំវិញ​បញ្ហា​នេះ នៅ​មា​ន​កម្រិត​នៅឡើយ ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ និង​ស្ត្រី មិនទាន់មាន​ការយល់​ដឹង​អំពី​បទល្មើស​នេះ។ «បញ្ហា​ទាំងអស់នេះ គឺជា​បញ្ហា​ថ្មី និង​កំពុង​កើត​ឡើងជា​បន្ត​​បន្ទាប់។ អ៊ីចឹង​សម្រាប់​អាជ្ញាធរ​ក៏​នៅ​​​មាន​ការឆក​ល្វែ​ង​​ដែរក្នុងការ​បង្ក្រាប និង​ទប់​​​ស្កាត់​ ព្រោះ​ពួក​គាត់​ក៏មិនទាន់បាន​យល់​ច្បាស់អំពី​បញ្ហា​​ទាំងអស់​នេះដែរ ហើយ​មួយទៀត ស្ត្រី​ភាគច្រើនក៏​គាត់​អាចជា​ជនរង​គ្រោះ​​​ដែរ ព្រោះ​ដោយ​សារ​តែ​ការមិន​យល់​ដឹង​អំពី​បញ្ហា​ផ្លូវច្បាប់»​៕