ព្រះវិហារ: តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារលោកស្រី ភី ស៊ីថង បានកោះហៅសកម្មជនការពារព្រៃឈើចំនួន ៤ នាក់ ឲ្យចូលបំភ្លឺនៅថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះ ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបណ្ដឹងក្រុមហ៊ុនវៀតណាមឈ្មោះ PNP ពីរឿងជម្លោះដីធ្លីតាំងពីឆ្នាំ ២០១៥ ខណៈពួកគេទាំង ៤ នាក់ កំពុងរកមេធាវីឲ្យជួយការពារក្ដីនេះ។
តាមដីការបស់លោកស្រី ភី ស៊ីថង ចុះថ្ងៃទី ២៨ ខែសីហា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានពីថ្ងៃ ៨ កញ្ញា ឲ្យដឹងថា អ្នកទាំង ៤ នាក់នោះមានឈ្មោះ ខេម សុឃី ភេទប្រុស អាយុ ៣៦ ឆ្នាំ, ឈ្មោះ សូរ ថាល់ ភេទប្រុស អាយុ ៤៥ ឆ្នាំ, ឈ្មោះ វង្ស សុខខេងលី ភេទប្រុស អាយុ ៤៦ ឆ្នាំ និងឈ្មោះ សាន រ៉េត ភេទប្រុស អាយុ ៦២ ឆ្នាំ។ ពួកគេរស់នៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។
បើតាមដីកានេះពួកគេត្រូវចូលបំភ្លឺនៅសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៣ រសៀលនៅបន្ទប់សាលសវនាការ។ ការកោះហៅនេះពាក់ព័ន្ធសំណុំរឿង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៨៩៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារកាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៥។
ដីកានេះក៏បានឲ្យដឹងដែរថា សមាសភាពក្នុងអង្គជំនុំជម្រះសំណុំរឿងនេះ រួមមានលោក សាយ ណូរិទ្ធ ជាចៅក្រមជំនុំជម្រះ,លោកស្រី ភី ស៊ីថង ជាតំណាងអយ្យការ និងលោក ហុង វណ្ណា ជាក្រឡាបញ្ជីសវនាការ។ សាមីខ្លួន ត្រូវអញ្ជើញមកតាមដីកានេះឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗទាក់ទងនឹងសំណុំរឿងខាងលើមកជាមួយផង ប្រសិនបើមាន។
លោក ខេម សុឃី សកម្មជនព្រៃឈើម្នាក់ក្នុងចំណោម ៤ នាក់នោះបានឲ្យដឹងពីថ្ងៃទី ៨ កញ្ញា ថា លោកបានទទួលដីកានោះរួចហើយ តែលោកកំពុងរកមេធាវីឲ្យជួយការពារក្ដីនេះ។ ការកោះហៅពួកលោកនេះគឺតាមបណ្ដឹងក្រុមហ៊ុនវៀតណាមឈ្មោះ ភីអិនធី (P.N.TCo.,Ltd.) ក្នុងករណីជម្លោះដីធ្លីជាមួយពលរដ្ឋតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។
លោកបន្តថា រហូតមកទល់ពេលនេះទំនាស់ដីធ្លីនោះមិនទាន់ដោះស្រាយដាច់ស្រេចទេ ហើយក្រុមហ៊ុនក៏ដូចជា មិនឃើញធ្វើអាជីវកម្មអ្វីលើដីនោះបន្តទៀតដែរ បន្ទាប់ពីកាប់ព្រៃឈើអស់។
បច្ចុប្បន្នអ្នកភូមិ ៤ ឬ ៥ នាក់ បានទៅដាំដំណាំលើដីក្រុមហ៊ុនបណ្ដោះអាសន្ន (ខ្ចីដីដាំដំណាំ) ដែលប្រៀបដូចទៅជួយចាំដីឲ្យក្រុមហ៊ុនដែរ។
លោកថា៖ «ពលរដ្ឋភូមិខ្ញុំហ្នឹងគឺជាង ១០០ គ្រួសារមានទំនាស់ជាមួយក្រុមហ៊ុនតាំងឆ្នាំ ២០១៥ ប៉ុន្ដែអាជ្ញាធរដោះស្រាយមិនដាច់ស្រេចទេ ហើយតុលាការ ក៏កោះហៅទៅសួរនាំជាហូរហែ តែគ្មានលទ្ធផលអ្វីទេ។ គេប្ដឹងពួកខ្ញុំ ៤ នាក់ គឺគេថា ពួកខ្ញុំញុះញង់ពលរដ្ឋឲ្យតវ៉ាជាមួយក្រុមហ៊ុនយកដីខ្លួនឯងមកវិញ។ ម្យ៉ាងទៀតពួកខ្ញុំតែងតែរារាំងសកម្មភាពកាប់ព្រៃឈើរបស់ក្រុមហ៊ុនហ្នឹង អ៊ីចឹងគេខឹងពួកខ្ញុំ ទើបបានជាប្ដឹងខ្ញុំបែបនេះ»។
តំណាងក្រុមហ៊ុន ភីអិនធី (P.N.T Co., Ltd.) មិនអាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ពីករណីនេះបានទេពីម្សិលមិញ។
លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តព្រះវិហារបានថ្លែងកាលពីថ្ងៃទី ៨ កញ្ញា ថា លោកបានដឹងរឿងនេះដែរដោយពលរដ្ឋទាំង ៤ នាក់នោះ កំពុងដាក់ពាក្យស្នើសុំមេធាវីពីសមាគមអាដហុកឲ្យជួយការពារក្ដី។ លោកយល់ថា ការកោះហៅពលរដ្ឋឲ្យចូលបំភ្លឺនេះគឺអាចចង់ពន្លឿនការដោះស្រាយការកកស្ទះសំណុំរឿង។
លោកបញ្ជាក់ថា៖ «ប្រសិនបើតុលាការបង្គាប់ឲ្យចាប់ពួកគាត់យកទៅឃុំខ្លួនក្នុងអំឡុងពេលសាកសួរ ឬពេលណាមួយនោះ គឺយើងអាចចាត់ទុកជាការគំរាមកំហែង និងរំលោភលើសិទ្ធិសេរីភាពក៏ដូចជា អយុត្តិធម៌សម្រាប់ពួកគាត់ ប៉ុន្ដែបើដាក់ពួកគាត់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការគឺវារឿងធម្មតាទេព្រោះនីតិវិធីតុលាការខ្ញុំទទួលស្គាល់នៅពេលមានសំណុំរឿងច្រើនគឺត្រូវតែចេញដីកាកោះហៅអ៊ីចឹងហើយដើម្បីទុកជាមូលដ្ឋានដែលអាចចោទប្រកាន់ ឬទម្លាក់បទចោទចោលវិញ»។
គួររំឭកថា ទីតាំងដីនេះត្រូវបានក្រុមហ៊ុន (P.N.TCo.,Ltd.) ឈូសឆាយតាំងពីខែមករា ឆ្នាំ ២០១៤ មក ធ្វើឲ្យប៉ះពាល់ផ្ទៃដីប្រមាណ ៨០០ ហិកតា របស់ពលរដ្ឋសរុប ១២៧ គ្រួសារ។ ពលរដ្ឋតែងតែអះអាងថា ពួកគាត់បានកាន់កាប់ និងធ្វើស្រែចម្ការលើដីនោះជាង ១០ ឆ្នាំហើយ ប៉ុន្តែក្រុមហ៊ុនបែរជាទៅឈូសឆាយយកធ្វើជាកម្មសិទ្ធិ៕