បន្ទាយមានជ័យ/បាត់ដំបងៈ សាលាដំបូងខេត្តបន្ទាយមានជ័យ បានកោះហៅអតីតប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិស្រុកមង្គលបុរីឲ្យចូលបំភ្លឺករណីញុះញង់ និងធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការខណៈសាលាដំបូងខេត្តបាត់ដំបង កោះហៅអតីតសមាជិកក្រុមប្រឹក្សាខេត្តនេះ រឿងមិនគោរពសាលដីកាតុលាការកំពូល។
លោក សុក កែវបណ្ឌិត តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានកោះហៅ ឈ្មោះ ទួត វាសនា ដែលជាអតីតប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិស្រុកមង្គលបុរី ឲ្យចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃទី ១០ ខែ កក្កដា ខាងមុខនេះ ពាក់ព័ន្ធនឹងការញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងការធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ។ នេះបើតាមដីកាកោះចុះថ្ងៃទី ៦ ខែ មិថុនា ដែលសាមីខ្លួនទើបទទួលកាលពីថ្ងៃពុធទី ១៩ មិថុនា។
លោក ទួត វាសនា ដែលរងការកោះហៅបានថ្លែងកាលពីម្សិលមិញថា លោកមិនដឹងច្បាស់ពីមូលហេតុនៃការកោះហៅនេះទេ។ តែលោកបានបញ្ជាក់ថា លោកធ្លាប់ត្រូវបានប៉ូលិសហៅទៅធ្វើកិច្ចសន្យា ៣ ដងរួចហើយ ដោយលើកទី១ ពាក់ព័ន្ធនឹងម្រាមដៃស្អាត កាលពីមុនឆ្នោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០១៨ លើកទី២ កាលពីថ្ងៃទី ៤ មករា ២០១៩ និងលើកទី៣ កាលពីថ្ងៃទី ១០ ខែ មករា ២០១៩។ លោកថា កិច្ចសន្យាដែលធ្វើគឺសមត្ថកិច្ចឲ្យលោកឈប់គាំទ្រលោក សម រង្ស៊ី ឬដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជាវិញ។
លោកថ្លែងថា៖ «ករណីដែលយើងបង្ហោះសារគាំទ្រលោកប្រធានហ្នឹងណា។ ក្នុងការទៅជួបនោះ ប៉ូលិសបានឲ្យយើងធ្វើកិច្ចសន្យារួចហើយ។ ក្រោយពីធ្វើកិច្ចសន្យាហើយ ខ្ញុំក៏មិនដែលបានធ្វើសកម្មភាពអីដែរ នៅផ្ទះជួយការងារប្រពន្ធកូនកំប៉ិកកំប៉ុក។ តែថ្ងៃ ១៩ ខ្ញុំបានទទួលដីកាពីប៉ូលិសឃុំឲ្យទៅបំភ្លឺនៅថ្ងៃ ១០ កក្កដា»។
លោកបញ្ជាក់ថា៖ «ប៉ុន្តែខ្ញុំនៅផ្ទះសោះ ហេតុអីបានជាគេចេញដីកាកោះហៅ?នេះជាការគំរាមកំហែងចំពោះរូបខ្ញុំ ប៉ុន្តែខ្ញុំនឹងទៅចូលរួមនៅតុលាការនៅថ្ងៃទី ១០»។
ដោយឡែកនៅខេត្តបាត់ដំបង លោក ឌឹម សារឿន អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងនៃអតីតគណបក្សសង្គ្រោះជាតិក៏ត្រូវបានតុលាការកោះហៅក្នុងសំណុំរឿងថ្មីមួយទៀតផងដែរ ក្រោយពេលលោកបានចូលបំភ្លឺរួចហើយកាលពីថ្ងៃទី ៩ ខែ ឧសភា ក្នុងសំណុំរឿងលេខ ៣៣៩ ពាក់ព័ន្ធនឹងការមិនគោរពសាលដីកាតុលាការកំពូល។
សំណុំរឿងថ្មីនេះ មានលេខ ៣៤១ ចុះថ្ងៃទី ១០ ខែ មិថុនា ចេញដោយលោក ហេង លុយ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក៏ជាប់ពាក់ព័ន្ធនឹងរឿងមិនគោរពសាលដីកាតុលាការកំពូលដូចគ្នា ដោយឲ្យចូលបំភ្លឺនៅថ្ងៃទី ២១ ខែ មិថុនា នេះ។
លោកបានថ្លែងពីម្សិលមិញថា៖ «ខ្ញុំសង្ស័យគេប្ដឹងរឿងថ្មី គេប្ដឹងយើង២ជាន់។ហេតុផលមួយទៀតដោយសារខ្ញុំកាលពីសាកសួរនៅតុលាការមនុស្ស ២៦ នាក់ ខ្ញុំទទួលភ្ញៀវ បានន័យថា មនុស្សចេញមួយខ្ញុំចាប់ដៃមួយខ្ញុំសង្ស័យរឿងហ្នឹង»។
លោកបន្តថា៖ «ខ្ញុំយល់ថា ពាក់ព័ន្ធរឿងនយោបាយសុទ្ធសាធដូចមុនដែរ។ ទី២ ជាការគំរាមកំហែងផ្លូវចិត្ត ផ្លូវបញ្ញាខ្ញុំ ហើយហ៊ុមព័ទ្ធសិទ្ធិសេរីភាពទាំងឡាយរបស់ខ្ញុំដូចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា ៣៤ មាត្រា ៣៥ មាត្រា ៤២»។
ប៉ុន្តែលោកថានឹងចូលទៅបំភ្លឺក្នុងសំណុំរឿងនេះដោយមិនគេចវេះឡើយ។ ទាំងលោក សុក កែវបណ្ឌិត តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក ហេង លុយ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
កាលពីកន្លងទៅ មនុស្ស ៣៥ នាក់ ដែលជាអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិនិងអ្នកគាំទ្រត្រូវបានតុលាការខេត្តបាត់ដំបងកោះហៅទៅបំភ្លឺរឿងបំពានសាលដីកាតុលាការកំពូល។ មនុស្ស ២៦ នាក់ បានចូលបំភ្លឺរួចរាល់ ប៉ុន្តែនៅ ៩ នាក់ចុងក្រោយ មិនទាន់បំភ្លឺនៅឡើយដោយអវត្តមានតំណាងអយ្យការកោះហៅ គឺលោក ឈឺន សុផុន។
លោក សុផុន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លោកមិនទាន់បានកោះហៅអ្នកទាំង ៩ នាក់ សាជាថ្មីនៅឡើយទេ។
លោក សំ សុគង់ មេធាវីការពារមនុស្ស ៣៥ នាក់ ថ្លែងពីម្សិលមិញថា លោកក៏ត្រូវបានពឹងឲ្យការពារសំណុំរឿងថ្មីរបស់លោក ឌឹម សារឿន ដែរ ប៉ុន្តែលោកបានដាក់ពាក្យសុំពន្យារដោយសារការចូលបំភ្លឺនៅថ្ងៃ ២១ មិថុនា វាលឿនពេក សម្រាប់លោកនិងកូនក្តីដែលទើបទទួលបានដីកា។
លោកបញ្ជាក់ថា លោកមិនទាន់ត្រូវបានពឹងពាក់ដើម្បីការពារលោក ទួត វាសនា នៅឡើយទេ៕