
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន បានដាក់បាច់ផ្កានៅឯពិធីរំលឹកដល់អ្នកសារព័ត៌ដែលបានបាត់បង់ជីវិតនៅកម្ពុជា កាលពីឆ្នាំ ២០១៧។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ កម្ពុជាលើកយកប្រធានបទ «តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ» មកពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ខណៈសហព័ន្ធអ្នកសារព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មានឲ្យប្រកាន់ស្មារតី «សារព័ត៌មាន ដើម្បីបុព្វហេតុសេរីភាព ឧត្តមប្រយោជន៍ជាតិ ពិភពលោក សន្តិភាព និងយុត្តិធម៌»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងម្សិលមិញថា ក្រសួងព័ត៌មាន ដោយមានកិច្ចសហការពីអង្គការយូណេស្កូ និងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំពិធីអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក នាថ្ងៃសុក្រនេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ក្រោមប្រធានបទ «តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ»។
លោកឱ្យដឹងថា ភាគីពាក់ព័ន្ធជាច្រើន ដូចជាមន្រ្តីរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន តំណាងអង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីពិភាក្សាគ្នាអំពីការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ។
លោក សុវណ្ណ បញ្ជាក់ថា៖ «ពេលនេះក្រសួងនៅមិនទាន់មានសេចក្ដីថ្លែងការណ៍ទេ ប៉ុន្ដែឯកឧត្ដមរដ្ឋមន្រ្ដី [ខៀវ កាញារីទ្ធ] គាត់នឹងថ្លែងតែម្ដងនៅថ្ងៃស្អែក ដោយគាត់មានសុន្ទរកថា គន្លឹះរបស់គាត់ ដើម្បីថ្លែងក្នុងទិវានេះតែម្ដងហើយសុន្ទរកថារបស់សម្ដេចនាយក[រដ្ឋមន្ត្រី ហ៊ុន សែន] ក៏ត្រូវតែមានដែរ ហើយព្រឹកនេះ (ព្រឹកថ្ងៃព្រហស្បតិ៍) ខាងសហព័ន្ធអ្នកសារ ព័ត៌មានក៏ឃើញមានថ្លែងនូវជំហររបស់ពួកគាត់ចំពោះទិវានេះដែរ»។
តាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ជារៀងរាល់ឆ្នាំ ថ្ងៃទី ៣ ខែ ឧសភា គឺជាថ្ងៃដែលគេប្រារព្ធគោលការណ៍គ្រឹះនៃសេរីភាពសារព័ត៌មាន និងជាឱកាសមួយដើម្បីលើកទឹកចិត្ដ និងបង្កើតគំនិតផ្តួចផ្តើម ដើម្បីលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការទទួលបានព័ត៌មាន។ ជាមួយគ្នានេះ សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនឹងរួមចំណែកលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ដើម្បីកសាងសន្តិភាពប្រកបដោយចីរភាព។
ថ្ងៃទី ៣ ខែ ឧសភា ត្រូវបានប្រកាសជាទិវាសេរីភាពសារព័ត៌មានពិភពលោកក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩៣ បន្ទាប់ពីអនុសាសន៍ត្រូវបានអនុម័តឡើង នៅក្នុងសន្និសីទទូទៅរបស់អង្គការយូណេស្កូ លើកទី ២៦ នៅឆ្នាំ ១៩៩១។ ឆ្នាំនេះ ការប្រារព្ធពិធីដ៏ធំ ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក នឹងប្រព្រឹត្តទៅនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ ឧសភា។
ព្រឹត្តិការណ៍ប្រហែល ១០០ ទៀត នៅទូទាំងពិភពលោកត្រូវបានគេរំពឹងថា នឹងបំពេញបន្ថែមការប្រារព្ធពិធីដ៏ធំនេះផងដែរ។ លើសពីនេះ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក៏ជាថ្ងៃមួយដើម្បីរំឭកដល់រដ្ឋាភិបាល និងអ្នកសារព័ត៌មានអាជីពទាំងឡាយ អំពីបញ្ហាពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកនេះដែរ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចេញសេចក្ដីថ្លែងការណ៍អបអរ និងលើកទឹកចិត្តអ្នកសារព័ត៌មានប្រកាន់ស្មារតី «សារព័ត៌មាន ដើម្បីបុព្វហេតុសេរីភាព ឧត្តមប្រយោជន៍ជាតិ ពិភពលោក សន្តិភាព និងយុត្តិធម៌ » ។
សហភាពសហព័ន្ធ បញ្ជាក់ថា៖ «ដរាបណា តួនាទីវិជ្ជាជីវៈរបស់អ្នកមានតម្លៃ បានជួយដល់ប្រទេសជាតិអ្នកឲ្យថ្កុំថ្កើងរុងរឿងក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយចីរភាព នោះគឺអ្នកបានរួមចំណែកជាពន្លឺដល់មនុស្សជាតិនៃពិភពលោកទាំងមូលរស់នៅក្នុងសន្តិភាព និងយុត្តិធម៌ផងដែរ។ យើងឱ្យតម្លៃប្រទេសជាតិរបស់យើងជាមុន នោះទើបអ្នកដទៃឱ្យតម្លៃយើង និងគោរពប្រទេសជាតិមាតុភូមិយើងដែរ។ ការផ្សព្វផ្សាយលើកតម្កើងប្រទេសជាតិរបស់ខ្លួន គឺគ្មានអ្វីខុសទេ ពោលក៏មិនប្រាសចាកវិជ្ជាជីវៈ និងមិនបាត់បង់ឯករាជ្យរបស់ខ្លួននោះដែរ»។
សហភាពសហព័ន្ធទទួលស្គាល់ថា នៅមានបញ្ហាប្រឈមក្នុងវិស័យសារព័ត៌មានរួមមានទាំងបញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ លម្ហសេរីភាព និងសិទ្ធិទទួលបានព័ត៌មាន។
សហភាពសហព័ន្ធ លើកទឹកចិត្តដល់អ្នកសារព័ត៌មានបន្តជម្នះការប្រឈមនានាតទៅទៀត បន្តធ្វើការងារដោយឈរលើភាពត្រឹមត្រូវ ស្មោះត្រង់ សីលធម៌ វិជ្ជាជីវៈ សុចរិតភាព និងដោយគ្មានការភ័យខ្លាច។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មានថា អ្នកសារព័ត៌មានពូកែ គឺពូកែសួរសំណួរ បង្កើតប្រធានបទ ឬមុំរឿងបានល្អ។ អ្នកសារព័ត៌មានត្រូវបន្តបង្កើតចំណេះដឹង ការស្រាវជ្រាវ និងបង្កើតប្រភពព័ត៌មានឱ្យបានច្រើនពីគ្រប់ផ្នែក។
លោកបន្តថា៖ «បើធ្វើមេព័ត៌មាន ឬជាថៅកែព័ត៌មាន គឺត្រូវមានចំណេះដឹងខាង ហិរញ្ញវត្ថុ និងការដឹកនាំ»។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាលើកឡើងថា នៅក្នុងបរិបទពិភពលោកមានប្រទេសជាច្រើនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ក្នុងស្ថានភាពវឹកវរ ដែលជាបញ្ហាប្រឈមខ្លាំងដល់អ្នកសារព័ត៌មាន ចំណែកប្រទេសកម្ពុជាក៏ធ្លាប់មានបញ្ហាខ្លះដែរ លើបញ្ហាបច្ចេកទេសផ្លូវច្បាប់ កម្រិតសេរីភាពសារព័ត៌មាន។
លោកថា៖ «បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាយើង ខ្ញុំមិនមានការព្រួយបារម្ភនឹងលម្ហសេរីភាពសារព័ត៌មានទេ ខ្ញុំព្រួយបារម្ភខ្លាំងនឹងគុណភាព និងវិជ្ជាជីវៈសារព័ត៌មានច្រើនជាង ព្រោះដោយសារតែគុណភាពរបស់យើងនៅទាប វិជ្ជាជីវៈរបស់យើងមិនទាន់បានគោរពត្រឹមត្រូវ នោះហើយដែលជាបញ្ហាដែលច្រើនតែកើតឡើង»។
លោក ម៉ៅ សុផា អ្នកសារព័ត៌មានមួយរូបនៅកម្ពុជា និយាយថា សេរីភាពសារព័ត៌មាននៅកម្ពុជា នៅតែមានកម្រិត។ អ្នកសារព័ត៌មានតាមស្ថាប័នខ្លះ នៅតែមានក្តីព្រួយបារម្ភ ចំពោះការសរសេរអត្ថបទរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងរឿងនយោបាយ ហើយអ្នកសារព័ត៌មាន ដែលរឹតតែមានក្តីបារម្ភជាងគេនោះ គឺអ្នកសារព័ត៌មានដែលធ្វើការនៅតាមស្ថាប័នឯករាជ្យ និងនិយមរិះគន់ទង្វើអវិជ្ជមានរបស់រដ្ឋាភិបាល។
លោកថា៖ «និយាយទៅ បើស្ថាប័នសារព័ត៌មានណា ដែលសរសេរមិនប៉ះពាល់ មិនសូវបង្កការព្រួយបារម្ភដល់រដ្ឋាភិបាលឬក៏គាំទ្ររដ្ឋាភិបាល ស្ថាប័នសារព័ត៌មាននោះ នឹងមិនជួបការ គំរាមកំហែងទេ។ តែចំពោះសារព័ត៌មាន ដែលមិនរណបនឹងរដ្ឋាភិបាល ហើយឧស្សាហ៍រិះគន់ទង្វើអវិជ្ជមានរបស់រដ្ឋាភិបាល នឹងប្រឈមនឹងបញ្ហានានា និងតែងមានការព្រួយបារម្ភចំពោះការងាររបស់ខ្លួន»។
លោកបន្តថា រដ្ឋាភិបាលដូចជាមិនទាន់បើកចិត្តឲ្យទូលាយមែនទែនទេ។ បើស្ថាប័នសារ ព័ត៌មានជំទាស់នឹងរដ្ឋាភិបាលរដ្ឋាភិបាលតែងមានចំណាត់ការ។
លោកថា៖ «ជាក់ស្តែងកន្លងមកមានស្ថាប័នសារព័ត៌មាន និងកាសែតមួយចំនួនត្រូវដកខ្លួនចេញពីកម្ពុជា ដោយសារតែរដ្ឋាភិបាលចាត់វិធានការ ដោយលើកឡើងថា មិនគោរពច្បាប់ »៕