ភ្នំពេញៈ រូបថតស្ត្រីម្នាក់មានសក់ខ្លីកំពុងអង្គុយសម្លឹងចំទៅរកកាមេរ៉ា ដែលមើលទៅគាត់ហាក់ផ្អៀងក្បាលទៅចំហៀងបន្តិចចំណែកឯនៅលើភ្លៅរបស់គាត់ គឺកូនរបស់គាត់កំពុងដេក។ រូបថតរបស់ស្ត្រីរូបនេះគឺជាភរិយារបស់មន្ត្រីខ្មែរក្រហមម្នាក់ ហើយគឺជារូបថតរបស់អ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសរាប់ពាន់នាក់ផ្សេងទៀត នៅពន្ធនាគារ ស-២១ (ទួលស្លែង) ដែលរូបថតពួកគេត្រូវបានថតនៅពេលពួកគេត្រូវបាននាំខ្លួនមកដល់ពន្ធនាគារដ៏ល្បីល្បាញមួយនេះ។ មិនយូរប៉ុន្មានកូនរបស់គាត់ត្រូវបានគេយកចេញពីគាត់ ហើយត្រូវបានសម្លាប់។
រូបថតនេះ គឺជារូបថតមួយក្នុងចំណោមរូបថតជាច្រើនទៀតនៃពន្ធនាគារ ស ២១ ដែលគេយកទៅដាក់លក់យ៉ាងហោចណាស់រូបថតទាំងនេះត្រូវបានដាក់លក់ដោយក្រុមហ៊ុនប្រមូលផ្តុំរូបភាពអន្តរជាតិចំនួន ២។ សម្រាប់តម្លៃ ១៩៩.៩៩ ដុល្លារ គេអាចទិញរូបថតម្តាយ និងកូននេះពីគេហទំព័ររូបថត Alamy ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស សម្រាប់ការប្រើប្រាស់នៅក្នុង «កញ្ចប់ទីផ្សារ»។
មិនមែនមានតែគេហទំព័រ Alamy តែមួយនោះទេ គឺយ៉ាងហោចណាស់ក៏មានក្រុមហ៊ុនមួយផ្សេងទៀតដែរដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន Sprague Photo Stock ក៏កំពុងលក់រូបថត អ្នកជាប់ពន្ធនាគារ ស ២១ នៅលើគេហទំព័ររបស់ខ្លួនផងដែរ។
ទស្សនាវដ្តីប្រចាំតំបន់ឈ្មោះ Mekong Review ជាដំបូងបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ចំពោះការលក់រូបថតទាំងនេះកាលពីថ្ងៃទី ១៧ ខែមេសា ហើយនៅក្នុងអត្ថបទជាច្រើនគឺបានចោទជាសំណួរអំពីការលក់រូបថតទាំងនោះជាលក្ខណៈជំនួញដែលវាមិនឈរលើមូលដ្ឋានច្បាប់ និងក្រមសីលធម៌។
ពួកគេបានសរសេរនៅលើគេហទំព័រ Twitter ថា៖ «រូបថតទាំងនោះត្រូវបានថតដោយក្រុមកម្មាភិបាលខ្មែរក្រហមមុនពេលពួកគេត្រូវបានធ្វើទារុណកម្ម និងសម្លាប់។ វាគឺជារឿងខុសឆ្គង»។ រូបថតដែលត្រូវបានគេដាក់លក់នៅលើគេហទំព័ររូបភាពទាំង ២ នោះហាក់ដូចជាបានមកពីអ្នកថតរូបដែលបានថតយកនៅឯសារមន្ទីរជាកន្លែងដែលរូបថតទាំងនោះត្រូវបានគេដាក់តាំងបង្ហាញ។
តាមពិតទៅសារមន្ទីរបានហាមឃាត់ភ្ញៀវទេសចរដែលចូលទស្សនាមិនឲ្យថតផ្តិតយករូបភាពណាមួយនៅក្នុងអតីតពន្ធនាគារទេ ប៉ុន្តែវាមិនច្បាស់ទេថាតើ អ្នកថតរូបដែលចូលទៅទស្សនានោះមានការអនុញ្ញាតក្នុងនាមជាអ្នកសារព័ត៌មានឬយ៉ាងណានោះទេ។
លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរគុកទួលស្លែងបានថ្លែងថា ពីដំបូងលោកមិនបានដឹងថា រូបថតទាំងនេះត្រូវបានគេយកទៅដាក់លក់លើប្រព័ន្ធអ៊ីនធឺណិតទេ។ លោកបានលើកឡើងថា៖ «ការលក់ ឬការប្រើប្រាស់រូបភាពរបស់ជនរងគ្រោះសម្រាប់គោលបំណងធ្វើអាជីវកម្ម ផ្អែកលើច្បាប់ និងក្រមសីលធម៌ គឺមិនអាចទទួលយកបានទេពីព្រោះពួកគេបានរងគ្រោះរួចហើយនៅក្នុងរបបនោះ ហើយពួកគេមិនគួរក្លាយជាជនរងគ្រោះជាថ្មីម្តងទៀតដោយសារតែគោលបំណងអាត្មានិយមបែបនេះទេ»។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហមបានថ្លែងនៅក្នុងសារមួយដែលផ្ញើមកកាន់កាសែតភ្នំពេញប៉ុស្តិ៍ថា ការលក់រូបថតទាំងនោះគឺជារឿងយល់ច្រឡំខ្លាំង។ លោកថ្លែងថា៖ «វាគឺជាការចងចាំរបស់ជាតិដែលវាគួរតែត្រូវបានគេប្រើប្រាស់ឲ្យបានត្រឹមត្រូវនឹងដោយគោរព»។
លោក យុ បានកត់សម្គាល់ថារូបថតទាំងនោះត្រូវបានគេថតចម្លង និងផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់គោលបំណងអប់រំដែលជាផ្នែកមួយដើម្បីរក្សាការចងចាំរបស់ជនរងគ្រោះដែលនៅរស់រានមានជីវិត។ លោកថ្លែងថា៖ «ឯកសារ និងរូបថតនៃរបបខ្មែរក្រហមត្រូវបានថតចម្លងចែកចាយនៅទូទាំងពិភពលោកពីព្រោះយើងដែលជាជនរងគ្រោះចង់ប្រាប់ដល់ពិភពលោកថា ប្រជាជនកម្ពុជារាប់លាននាក់បានស្លាប់យ៉ាងវេទនានៅក្នុងរបបខ្មែរក្រហមនោះ ហើយយើងចង់បានយុត្តិធម៌ សម្រាប់ទាំងអ្នកដែលបានស្លាប់បាត់បង់ជីវិតទៅហើយ និងអ្នកដែលនៅរស់រានមានជីវិតពីរបបនោះ»។
ប៉ុន្តែយ៉ាងណាក៏ដោយអ្នកដែលបានប្រើប្រាស់រូបថតទាំងនោះសម្រាប់គោលបំណងអ្វីមួយវាគឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់។ ជាឧទាហរណ៍សម្រាប់ការប្រើប្រាស់ត្រឹមត្រូវលោក យុ បានលើកឡើងអំពីរូបថតអ្នទោសពន្ធនាគារស ២១ នៅអង្គការរបស់លោកផ្ទាល់ដែលត្រូវបានធ្វើឡើងដោយមានការអនុញ្ញាតត្រឹមត្រូវ។
ទាំងគេហទំព័រ Alamy និង Sprague មិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយលើបញ្ហានេះទេ ទោះបីហាក់ដូចជាមានដំណើរដករូបថតទាំងនោះចេញពីគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រក្តី។
លោក John Lander អ្នកថតរូបម្នាក់ដែលគេហទំព័រ Alamy បានឲ្យតម្លៃចំពោះរូបថតអ្នកជាប់ពន្ធនាគារស ២១ បានថ្លែងតាមរយៈអ៊ីមែលថាលោកនឹងដកយករូបថតនោះចេញពីព្រោះវាបានបង្ហាញផ្ទៃមុខរបស់ជនរងគ្រោះដែលខ្ញុំអាចស្រមៃថាងាយធ្វើឲ្យប៉ះពាល់អាម្មរណ៍របស់មនុស្សមួយចំនួនហើយនេះមិនមែនជាលើកទីមួយទេដែលមានសំណួរចោទឡើងអំពីម្ចាស់រូបថតទាំងនោះ។
អ្នកថតរូបដើមដែលបានថតរូបជាច្រើនគឺជាអតីតកម្មាភិបាលខ្មែរក្រហម ថ្នាក់ទាបម្នាក់ដែលគាត់កំពុងរស់រានមានជីវិតនៅឡើយ ហើយគាត់បានអះអាងថា កម្មសិទ្ធិគួរតែជារបស់គាត់។
លោក ញ៉ែម អេន អាយុ ៥៨ ឆ្នាំបានធ្វើការជាអ្នកថតរូបអស់រយៈពេល ៣ ឆ្នាំនៅគុកទួលស្លែងហៅពន្ធនាគារ ស ២១ ហើយការងាររបស់គាត់គឺចាំថតរូបអ្នកដែលត្រូវនាំមកឃុំខ្លួននៅទីនោះ។ លោករៀបរាប់ថា៖ «ខ្ញុំបានថតរូបអ្នកទាំងនោះដូច្នេះការរក្សាកម្មសិទ្ធិគួរតែជារបស់ខ្ញុំ ប៉ុន្តែការរក្សាកម្មសិទ្ធិបញ្ញា មិនមែនជាបញ្ហាទេនៅកម្ពុជា។ រូបថតដែលខ្ញុំបានថតត្រូវបានប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក ប៉ុន្តែគ្មាននរណាម្នាក់ផ្តល់តម្លៃឱ្យខ្ញុំទេ។ ជនបរទេសប្រហែលមិនស្គាល់ខ្ញុំទេ ដូច្នេះរដ្ឋាភិបាលគួរធ្វើអ្វីមួយអំពីបញ្ហានេះ»។
យោងតាមអនុក្រឹត្យចេញឆ្នាំ ២០០១ រដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងរូបភាពតាមផ្លូវច្បាប់ដើម្បីការពារពួកគេពីការប្រើប្រាស់ខុស។ ឧទាហរណ៍ អនុក្រឹត្យនេះបានពង្រីកទៅដល់ឯកសារប្រវត្តិសាស្ត្រមួយចំនួនដូចជាផែនទី និងរូបថតជាដើមដែលចាត់ទុកថាជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃរបស់ប្រទេសសម្រាប់មនុស្សច្រើនជំនាន់។
ប្រធានសារមន្ទីរគុកទួលស្លែងលោក វិសុទ្ធ បានលើកឡើងអំពីភាពជាម្ចាស់តាមរយៈសារអេឡិចត្រូនិកមកកាន់កាសែតភ្នំពេញប៉ុស្តិ៍ថា ការបោះពុម្ពផ្សាយរូបភាពត្រូវតែដាក់សំណើទៅ [ក្រសួងវប្បធម៌] MoC ដោយត្រូវប្រាប់ពួកគេអំពីរបៀបដែលប្រើប្រាស់ និងត្រូវយល់ព្រមថាមិនឱ្យរូបភាពនោះទៅនរណាម្នាក់ផ្សេងទៀតដោយគ្មានការអនុញ្ញាត»។ នៅក្នុងករណីនេះការឲ្យតម្លៃ (credit) សម្រាប់រូបថតនោះគួរបានទៅសារមន្ទីរ។
នៅពេលទាក់ទងសុំការបំភ្លឺអ្នកនាំពាក្យក្រសួងវប្បធម៌លោក ថៃ នរៈសត្យា បានហៅបញ្ហានេះថាជា «បញ្ហាតូចតាច» ហើយហាក់មិនប្រាកដថាអង្គភាពណាមួយដែលត្រូវរក្សាការត្រួតពិនិត្យតាមផ្លូវច្បាប់ ដើម្បីរក្សាកម្មសិទ្ធិរូបភាព ដែលថតនៅពន្ធនាគារ ស ២១ ទេ។
លោក វិសុទ្ធ បញ្ជាក់ថាលោកនឹងសិក្សាបន្ថែមទៀត ដើម្បីដោះស្រាយអំពីស្ថានភាពនេះ។ លោកមានប្រសាសន៍ថា៖ «មិនថាយ៉ាងណាទេយើងនឹងបង្ហាញឆន្ទៈចរចា និងប្រាប់ទៅអ្នកលក់ទាំងនោះឲ្យឈប់ធ្វើដូច្នេះ»។ លោកបានបន្តថា៖ «ប្រសិនបើពួកគេមិនព្រមបញ្ឈប់ទេយើងនឹងពិនិត្យមើលសមត្ថភាពរបស់យើង ដើម្បីអនុវត្តតាមផ្លូវច្បាប់»។
លោក Minh Bui Jones ដែលជាចាងហ្វាង និងជាការីនិពន្ធទស្សនាវដ្តី Mekong Review បានថ្លែងថា វាច្បាស់ណាស់គឺថាភ្នាក់ងារទាំងនោះកំពុងស្ថិតក្នុងស្ថានភាពមួយមិនសមហេតុផលទាំងផ្លូវច្បាប់ និងក្រមសីលធម៌ហើយលោកបានចោទសួរថា តើរូបភាពទាំងនោះនឹងត្រូវបានគេដាក់លក់ដែរឬទេ ប្រសិនបើរូបភាពទាំងនោះពណ៌នាអំពីជនរងគ្រោះមកពីប្រទេសលោកខាងលិច។
លោកបន្ថែមថា៖ «ប្រសិនបើសួរថា តើរូបថតទាំងនោះជានរណា? ចម្លើយគឺថា ប្រជាជនកម្ពុជា។ ប៉ុន្តែប្រសិនបើក្រុមហ៊ុនទាំងនោះត្រូវបានផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ដើម្បីលក់រូបថតទាំងនោះនោះពួកគេត្រូវធ្វើច្បាស់លាស់តាមច្បាប់។ ប៉ុន្តែប្រសិនបើមិនមានការអនុញ្ញាតទេនោះពួកគេគឺជាចោរប្លន់...»៕ NS
Quinn Libson