ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្ស៊ឺណែវ​បាន​ប្រតិកម្ម​ចំពោះ​ទស្សនៈ​​ផ្ទាល់ខ្លួន​របស់​លោកស្រី Mary Lawlor អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិ​មនុស្ស ដែល​លើកឡើង​ពី​បញ្ហា​នៅ​កម្ពុជា ដោយ​មិន​ផ្អែកលើ​បរិបទ​ច្បាប់ ហេតុការណ៍​ជាក់ស្ដែង​​ និង​មិនបាន​គោរព​តាម​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​នីតិវិធី​ពិសេស​។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ភ្លាមៗ​តប​ទៅនឹង​សេចក្ដី​ថ្លែងការណ៍​របស់​លោកស្រី Lawlor កាលពី​ថ្ងៃ​ទី​ ១៦ វិច្ឆិកា ដែល​បញ្ចេញ​ទស្សនៈ​ថា​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស អ.ស.ប សម្តែង​កង្វល់​​ពី​ការបន្តឹង​ការរឹតត្បិត​លើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ ​លោកស្រី Lawlor បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការឃុំខ្លួន និង​ការផ្តន្ទាទោស​ព្រហ្មទណ្ឌ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស ព្រមទាំង​ប្រើ​កម្លាំង​ហួសប្រមាណ​ប្រឆាំង​ពួកគេ​។

អ្នករាយការណ៍​ពិសេស​រូបនេះ​​ថ្លែងថា​៖ «​ខ្ញុំ​មាន​ការព្រួយ​កង្វល់​ចំពោះ​របាយការណ៍​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ថា មាន​អ្នក​ការពារ​សិទិ្ធ​មនុស្ស​យ៉ាងហោច​ណាស់​ ២១ ​នាក់​ បាន​ទទួល​រង​នូវ​ការគំរាមកំហែង ការចាប់ខ្លួន និង​ការឃុំខ្លួន​ដោយ​បំពាន​ក្នុង​រយៈពេល​ ៣ ​ខែ​កន្លង​មក​នេះ​»​។

លោកស្រី​បាន​បន្តថា​៖ «​ខ្ញុំ​បាន​ពិនិត្យ​ឡើងវិញ​នូវ​វីដេអូ​ដែល​អាច​រក​បានជា​សាធារណៈ​ដែល​កម្លាំង​សន្តិសុខ​បាន​ប្រើប្រាស់​កម្លាំង​ហួសប្រមាណ ដើម្បី​ហាមឃាត់​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​ភាគច្រើន​ជា​ស្ត្រី មិន​ឱ្យ​ប្រើ​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការជួបប្រជុំ​ដោយ​សន្តិវិធី​។ ការលើកស្ទួយ និង​ការការពារ​សិទ្ធិមនុស្ស​ដោយ​សន្តិវិធី មិនមែន​ជា​បទល្មើស​ទេ​»​។

ការលើកឡើង​របស់​លោកស្រី Lawlor ធ្វើឡើង​ដោយយោង​លើ​ការរាយការណ៍​ថា មាន​ការចាប់​ឃុំខ្លួន ដើម្បី​ដាក់ទោស​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​ចំពោះ​ការបំពេញ​ការងារ​ពួកគេ ក្នុងនោះ​មាន​លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ៣១ កក្កដា និង​ការចាប់ខ្លួន​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការឃុំខ្លួន​លោក រ៉ុង ឈុន​។ មនុស្ស​ ១២ ​នាក់​ កំពុង​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​បណ្តោះអាសន្ន និង​ប្រឈម​ការចោទប្រកាន់​នានា ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​ ២ ​ឆ្នាំ​។

លោកស្រី​ក៏បាន​សម្តែង​កង្វល់​ផងដែរ​ចំពោះ​ការឃុំខ្លួន​អ្នក​ការ​ពារ​បរិស្ថាន ការប្រើប្រាស់​អំពើហិង្សា​លើ​ក្រុមគ្រួសារ​សកម្មជន​ដែល​ជាប់ឃុំ ការផ្សឹក​ព្រះសង្ឃ​ ១ ​អង្គ ​ដែល​ធ្វើ​សកម្មភាព​សិទ្ធិមនុស្ស និង​ការគំរាមកំហែង​ អ្នកឃ្លាំមើល​ដែល​បាន​ថតរូប​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី និង​ប្រធាន​សហជីព​មួយចំនួន​។ លោកស្រី​ថា អ្នកការពារ​សិទ្ធិមនុស្ស​មិនគួរ​ត្រូវបាន​ដាក់ទោស​ព្រហ្មទណ្ឌ ចំពោះ​ការការពារ​សិទ្ធិ​អ្នកដទៃ​ឡើយ​។

ប៉ុន្តែ​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​បាន​លើកឡើងថា ការវាយតម្លៃ​លើ​ប្រទេសមួយ​អាច​ជឿជាក់​បាន លុះត្រាតែ​ផ្អែកលើ​បរិបទ​ច្បាប់ និង​ហេតុការណ៍​ពិត​នៅនឹង​កន្លែង​ជាមួយ​នឹង​ប្រភព​ព័ត៌មាន​ដែលមាន​ការផ្ទៀងផ្ទាត់ និង​ទស្សនវិស័យ​រួម​។ ​ការធ្វើ​បែប​​នេះ​ស្រប​នឹង​ក្រមសីលធម៌​សម្រាប់​អ្នកទទួល​អាណត្តិ​នីតិវិធី​ពិសេស​ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​នីតិវិធី​ពិសេស​។ ជាការ​គួរឱ្យ​ស្តាយ​យ៉ាងខ្លាំង​ដែល​លោកស្រី​សាស្ត្រាចារ្យ​ Lawlor ​ពុំបាន​គោរព​​ឱ្យបាន​ហ្មត់ចត់​ក្នុង​ផ្នែក​ជាច្រើន​នៃ​នីតិវិធី​ដែល​បាន​រៀបរាប់​នេះ​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​បន្តថា លោកស្រី Lawlor ពុំដែល​បាន​និយាយ​ទាល់តែ​សោះ​ថា ការអនុវត្ត​សេរីភាព​នៃ​ការបញ្ចេញមតិ ការបង្កើត​សមាគម និង​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ត្រូវ​ភ្ជាប់​នឹង​ករណីយកិច្ច ការទទួល​ខុសត្រូវ និង​ការរឹតត្បិត​ពិសេស​ដែល​កំណត់​ដោយ​ច្បាប់ ដូច​មានចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ថ្លែងថា​៖ «​ទីបំផុត មើល​ទៅ​ហាក់​ដូចជា លោកស្រី សាស្ត្រាចារ្យ ពុំ​ត្រូវបាន​គេ​ជូន​ព័ត៌មាន​ពេញលេញ​ពី​ការអនុវត្ត​សិទ្ធិ និង​សេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ ដែល​ត្រូវឱ្យ​ស្រប​ទៅ​តាម​ច្បាប់ ដូច​មានចែង​ក្នុង​មាត្រា​ ៣១ ​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ដែល​សហការ​ជាមួយ​អាជ្ញាធរ និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សន្តិសុខ​ និង​សុវត្ថិភាព គឺជា​ការអនុវត្ត​សេរីភាព​ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ស្រប​តាម​ច្បាប់​។ ផ្ទុយទៅវិញ ការប្រមូលផ្ដុំ​ក្នុង​គោលបំណង​ដាក់​សម្ពាធ​លើ​ប្រព័ន្ធតុលាការ​គឺជា​បទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៥២២ នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា​»​។

ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត បន្ត​ធានា​ការអនុវត្ត​សិទ្ធិ និង​សេរីភាព​ទាំងអស់​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ក្នុង​ក្របខ័ណ្ឌ​នីតិរដ្ឋ ដើម្បី​ជា​ឧត្តមប្រយោជន៍​របស់​ពលរដ្ឋ​ទាំងអស់​ដែល​គោរព​ច្បាប់ មិនមែន​សម្រាប់តែ​ក្រុម​ជាក់លាក់​ណាមួយ​នោះឡើយ​។

ស្រដៀង​គ្នា​នេះ​លោក ជិនម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែងថា សេចក្ដី​ថ្លែងការណ៍​របស់​លោកស្រី Lawlor មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​សន្និដ្ឋាន​ និង​វាយតម្លៃ​ពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ​។

លោក​ថា ការសន្និដ្ឋាន​នេះ​ផ្តោត​តែ​លើ​រូបភាព​ខាងក្រៅ នៅពេល​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដោយ​មិន​ខ្ចី​ខ្វល់ និង​វិភាគ​វែកញែក​ថា តើ​ទង្វើ និង​សកម្មភាព​របស់​ក្រុម​គោលដៅ​ទាំងនោះ​ជា​ការការពារ​សិទ្ធិមនុស្ស​ ឬ​ជា​ការប្រព្រឹត្ត​បទល្មើស​។

រដ្ឋាភិបាល និង​សមត្ថកិច្ច​មិនបាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នោះទេ គ្រាន់តែ​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ ដែលជា​នីតិវិធី​តាមផ្លូវ​តុលាការ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​។ ការជួបជុំ​តវ៉ា​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​មិនមែន​ជា​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​ទេ តែ​វា​ជា​អំពើ​ល្មើស​ទៅនឹង​ច្បាប់​។ នេះ​បើតាម​លោក ជិន ម៉ាលីន​។

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​រដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ គោរព និង​លើកស្ទួយ​សិទ្ធិមនុស្ស​លើ​គ្រប់​វិស័យ ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងមូល និង​ក៏​ប្រកាន់​ភ្ជាប់​ផងដែរ​នូវ​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ក្រុម​ដែលមាន​ផែនការ និង​ចេតនា​ទុច្ចរិត បង្ក​នូវ​ចលាចល និង​អសន្តិសុខ​ក្នុង​សង្គម​ក្រោម​រូបភាព និង​លេស​សិទ្ធិមនុស្ស​ក្នុង​គោលដៅ​ការពារ​សិទ្ធិសេរីភាព​អ្នកដទៃ និង​ថែរក្សា​នូវ​សន្តិសុខ​ស្ថិរភាព​សង្គម និង​សណ្តាប់ឆ្នាប់​សាធារណៈ​»៕