
តំណាងក្លិបហាត់ប្រាណស៊ុបភើហ្វិទ(អាវស)ក្នុងសន្និសីីទកាសែតកាលពីថ្ងៃសុក្រ។ រូបថត វ៉ន ដារ៉ា
ភ្នំពេញៈ តំណាងក្លិបហាត់ប្រាណស៊ុបភើហ្វិទ(SuperFit)បានចេញមុខអះអាងថា បុរសជាជនសង្ស័យ ព្រឿង សំអឿន ដែលត្រូវបានចាប់ខ្លួនករណីហិង្សាផ្លូវភេទលើសង្សារខ្លួនមិនមែនជាគ្រូបង្ហាត់ក្នុងក្លិបរបស់ខ្លួនទេ តែថាគាត់គ្រាន់តែជាភ្ញៀវធម្មតាប៉ុណ្ណោះ។
លោក ខៀវ សំរិទ្ធ អ្នកគ្រប់គ្រងទូទៅ ក្លិបហាត់ប្រាណ ស៊ុបភើហ្វិទ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅក្លិបស៊ុបភើហ្វិទថា ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅ សេម ភេទប្រុស អាយុ ៣៩ឆ្នាំ បានប្រព្រឹត្តអំពើហិង្សា និងទារុណកម្មផ្លូវភេទលើនារីរងគ្រោះ មិនមែនជាបុគ្គលិកឬគ្រូបង្ហាត់នៅក្លិបហាត់ប្រាណស៊ុបភើហ្វិទ ដូចសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានលើកឡើងឡើយ។
លោកបញ្ជាក់ថា៖«បុគ្គលឈ្មោះ ព្រឿង សំអឿន ហៅ សេម មិនមែនជាបុគ្គលិក ឬគ្រូបង្ហាត់ នៅក្លិបហាត់ប្រាណ ស៊ុបភើហ្វិទ យើងនោះទេ។ បុគ្គលរូបនោះត្រឹមតែជាអតិថិជនដែលបានចុះឈ្មោះហាត់ប្រាណនៅក្លិបហាត់ប្រាណយើងប៉ុណ្ណោះ»។
បើតាម លោក សំរិទ្ធ ក្លិបហាត់ប្រាណរបស់លោកមានគ្រូបង្ហាត់តែ ៥ នាក់ ប៉ុណ្ណោះ (ប្រុស ៤ នាក់ និង ស្រី១) ហើយគ្រូបង្ហាត់ទាំង ៥នាក់ សុទ្ធតែមានកិច្ចសន្យា និងការត្រួតពិនិត្យច្បាស់លាស់។
ការអះអាងរបស់តំណាងក្លិបបែបនេះបន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយយល់ច្រឡំថា ឈ្មោះ ព្រឿង សំអឿន ជាគ្រូបង្ហាត់ក្នុងក្លិបស៊ុបភើហ្វិទ។
តំណាងក្រុមគ្រូបង្ហាត់មួយរូបក្នុងក្លិបហាត់ប្រាណស៊ុបភើហ្វិទ លោក ច័ន្ទ រុន បានលើកឡើងថា លោកខកចិត្តខ្លាំងណាស់ពេលឃើញមានការសរសេរថា ជនសង្ស័យរូបនោះ ជាគ្រូបង្ហាត់នៅក្លិបនេះ ខណៈបុគ្គលឈ្មោះ សំអឿន គ្រាន់តែជាភ្ញៀវធម្មតានោះ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សា គំរាមសម្លាប់ បង្ខាំងទុក និងអំពើទារុណកម្ម។
ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅសេម ភេទប្រុស អាយុ ៣៩ឆ្នាំ ធ្លាប់ជាអាណិកជនខ្មែរ-អាមេរិក ត្រូវបានមន្ត្រីកងរាជអាវុធហត្ថស្រាវជ្រាវរកឃើញពាក់ព័ន្ធនឹងករណីបង្ខាំងទុកនារីម្នាក់ ប្រើអំពើហិង្សា និងធ្វើទារុណកម្មផ្លូវភេទ លើឈ្មោះ ម.ហ អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ ព្រមទាំងបានទូរស័ព្ទទៅក្រុមគ្រួសារជនរងគ្រោះ ដោយប្រើពាក្យសម្ដីមិនសមរម្យ ប៉ះពាល់ដល់កិត្តិយសជនរងគ្រោះដោយមានទាំងគំរាមបង្ហោះវីដេអូរួមភេទជាមួយគ្នាផងដែរ៕