មណ្ឌលគិរីៈ តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងនៅស្រុកចំនួន ៤ ក្នុងខេត្តមណ្ឌលគិរីបាននាំគ្នាមករាជធានីភ្នំពេញពីម្សិលមិញ ដើម្បីដាក់ញត្តិនៅក្រសួងរៀបចំដែនដី ក្រសួងវប្បធម៌ និងខុទ្ទកាល័យលោក ហ៊ុន សែន ស្នើសុំពន្លឿនដំណើរការដកហូតដីលើភ្នំដោះក្រមុំមកគ្រប់គ្រងជាសម្បត្តិរួមវិញ ខណៈអាជ្ញាធរខេត្តអះអាងថា កំពុងយកចិត្តទុកដាក់ពីបញ្ហានេះ។
លោក ណាន ដានី តំណាងសហគមន៍ជនជាតិដើមភាគតិចក្រុងសែនមនោរម្យបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា មូលហេតុដែលរូបលោកនិងតំណាងសហគមន៍ ៣ នាក់ទៀត មកពីស្រុកកោះញែក អូររាំង និងពេជ្រាដា មកដាក់ញត្តិដល់ភ្នំពេញនេះ ដោយសារអាជ្ញាធរខេត្តហាក់មិនបានយកចិត្តទុកដាក់តាមប្រសាសន៍របស់លោក ហ៊ុន សែន ដែលបានប្រកាសតាំងពីខែកុម្ភៈឱ្យដកហូតយកភ្នំដោះក្រមុំមកគ្រប់គ្រងជាសម្បត្តិរួម របស់ក្រុមជនជាតិដើមវិញ។
លោកថា៖ «គាត់ជាអាជ្ញាធរខេត្តត្រូវតែគោរពតាមប្រសាសន៍សម្ដេចដែលគាត់បានប្រកាសហើយដើម្បីឲ្យ (ដោះស្រាយ) ជាបន្ទាន់។ អ៊ីចឹងខ្ញុំក៏អត់ទាន់យល់ដែរមិនដឹងថា ថ្នាក់ដឹកនាំរបស់អាជ្ញាធរ (ខេត្ត) គាត់គិតអីម៉េចៗអ៊ីចឹងណា៎ទៅលើដែនដីរបស់ជនជាតិដើម»។
នៅក្នុងញត្តិរបស់ពួកគាត់បានសរសេរថា កន្លងមកមានមន្ត្រីក្រសួងរៀបចំដែនដី ក្រសួងវប្បធម៌ និងអាជ្ញាធរខេត្ត រួមទាំងតំណាងសហគមន៍បានចុះវាស់វែង និងពិនិត្យកន្លែងមានការរំលោភលើដីភ្នំដោះក្រមុំ ប៉ុន្តែអាជ្ញាធរនៅពុំទាន់ប្រកាសពីលទ្ធផលនៃការវាស់វែងនិងដំណោះស្រាយនៅឡើយទេ។
ក្រុមសហគមន៍បានទាមទារយកដីនៅទីតាំងមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំទាំង ១០២ ហិកតាស្របតាម ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ ២០០៤ មកគ្រប់គ្រងវិញ និងបានអះអាងថា បច្ចុប្បន្នដីនោះ ត្រូវបានឯកជនរំលោភយកនៅសល់តែ ៨៧ ហិកតា។
ទោះជាយ៉ាងណា លោក សុខ សេរ៉ា មន្ត្រីនាំពាក្យសាលាខេត្តមណ្ឌលគិរី បានច្រានចោលការលើកឡើងរបស់សហគមន៍នេះដោយលោកថា អាជ្ញាធរកំពុងយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះ ហើយក៏ទើបដាក់របាយការណ៍ជូនលោក ហ៊ុន សែន ពិនិត្យសម្រេចដែរ។
លោកថា៖ «គាត់[ហ៊ុនសែន]ពិនិត្យរបាយការណ៍ហើយសម្រេចយ៉ាងណានោះយើងនឹងអនុវត្តតាមហើយ»។
លោក សុខ សេរ៉ា បន្ថែមថា មូលហេតុរង់ចាំការសម្រេចចុងក្រោយពីលោក ហ៊ុន សែន នេះ ដោយសារមានពលរដ្ឋរាប់រយគ្រួសារបានចូលទៅរស់នៅនិងដាំចម្ការកាហ្វេនៅតាមជើងភ្នំដោះក្រមុំតាំងពីឆ្នាំ ១៩៩០ និង មុនមានការចេញ ស.ជ.ណ ទៅទៀត ដូច្នេះហើយទើបទាមទារឱ្យអាជ្ញាធរខេត្តត្រូវខំដោះស្រាយដោយសន្ដិវិធី បច្ចេកទេស និងការសម្របសម្រួល។
ប៉ុន្តែបើតាមលោក ណាន ដានី ដំបូងឡើយនៅលើភ្នំដោះក្រមុំគឺមានតែផ្ទះចំបើងរបស់ជនជាតិដើមប៉ុណ្ណោះ ហើយអាជ្ញាធរថា មានពលរដ្ឋដែលចូលទៅនៅលើភ្នំដោះក្រមុំតាំងពីមុនមាន ស.ជ.ណ គឺជារឿងមិនពិត។
លោក អ៊ាង ម៉េងលី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី បានលើកឡើងថា អាជ្ញាធរមានសិទ្ធិដកហូតយកដីលើភ្នំដោះក្រមុំវិញ ដើម្បីធ្វើជាសម្បត្តិរដ្ឋ។
លោកថា៖ «ច្បាប់មួយគេហៅថាច្បាប់អសាមិករគឺដកហូត តែត្រូវមានសំណងសមរម្យសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែខ្ញុំមិនដឹងថាតើអាជ្ញាធរខេត្តគាត់អនុវត្តច្បាប់ហ្នឹងឬក៏អត់ទេ»៕