ភ្នំពេញៈ តំណាងរាស្ត្រម្នាក់បានលើកឡើងពីផលប្រយោជន៍នៃការបង្កើតច្បាប់ និងការធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើច្បាប់ស្តីពីជលផល និងច្បាប់ពាក់ព័ន្ធនឹងការការពារតំបន់ការពារធនធានធម្មជាតិនានា ខណៈដែលអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍បានស្នើឱ្យក្រសួងពាក់ព័ន្ធ ពង្រឹងការការពារធនធានធម្មជាតិ ពន្លឿនការចុះបញ្ជីដីសមូហភាព និងដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានលឿនយុត្តិធម៌ និងតម្លាភាព។
ក្នុងសន្និសីទថ្នាក់ជាតិស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅភោជនីយដ្ឋានទន្លេបាសាក់ ២ កាលពីថ្ងៃទី ២៧ ខែតុលា លោក តាក វណ្ណថា តំណាងរាស្ត្រមណ្ឌលព្រះសីហនុ និងជាសមាជិកគណៈកម្មការទី ៩ នៃរដ្ឋសភា ថ្លែងថា ខ្លឹមសារនៅក្នុងសេចក្តីព្រាង និងវិសោធនកម្មច្បាប់ទាំងនោះគឺបានផ្តល់វិមជ្ឈការ និងវិសហមជ្ឈការលើការងារគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិទៅថ្នាក់ក្រោមជាតិ លើកកម្ពស់ការចូលរួមរបស់សាធារណជន ដើម្បីលើកកម្ពស់អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិឱ្យកាន់តែប្រសើរ។
លោកថ្លែងថា៖ «ការលើកកម្ពស់អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិឱ្យកាន់តែប្រសើរ គឺធ្វើតាមរយៈការបំពេញតួនាទីភារកិច្ចស្នូលសំខាន់ ៣ គឺតួនាទីនីតិកម្ម តួនាទីនៃរដ្ឋសភា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ក៏ដូចជាតាមរយៈការទទួលពាក្យបណ្តឹង ការចុះសិក្សាស្រាវជ្រាវ និងស្វែងយល់ពីការអនុវត្តច្បាប់នៅតាមបណ្តាមូលដ្ឋាន និងការធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យ និងដោះស្រាយ»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលកត់សម្គាល់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗធ្វើការងារសកម្មក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាជូនពលរដ្ឋបានច្រើនប៉ុន្តែនៅមានបញ្ហាមួយចំនួនមិនទាន់បានដោះស្រាយសម្រាប់សហគមន៍មួយចំនួនដូចជា សហគមន៍ជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ និងសហគមន៍នេសាទផងដែរ។
«សហគមន៍ជនជាតិដើមភាគតិចបានស្នើឱ្យមានការពន្លឿនបន្ថែម និងពង្រីកឱ្យបានធំទាក់ទងការចុះបញ្ជីដីសមូហភាព សហគមន៍ជនជាតិដើមភាគតិចបច្ចុប្បន្នមាន ៥០១ សហគមន៍ ហើយមាន ១៥០ ទទួលស្គាល់អត្តសញ្ញាណដោយក្រសួងអភិវឌ្ឍន៍ជនបទ និង ១៥០ ទៀតទទួលស្គាល់ជានីតិបុគ្គលដោយក្រសួងមហាផ្ទៃ និងមាន ៣០ សហគមន៍ដែលទទួលបានវិញ្ញាបនបត្រជាផ្លូវការពីក្រសួងដែនដី»។
បើតាមលោក វណ្ណារ៉ា សហគមន៍ព្រៃឈើ និងសហគមន៍នេសាទក៏បានសំណូមពរឱ្យមានការកំណត់ដែនដីរបស់គាត់ឱ្យមានភាពច្បាស់លាស់ ហើយឱ្យមានការជួយអន្តរាគមន៍បន្ថែមទាំងធនធាន និងផ្នែកបច្ចេកទេសក្នុងការកំណត់ដែនដី និងការទទួលស្គាល់សហគមន៍ពួកគាត់ ដើម្បីឱ្យគាត់មានលទ្ធភាពកាន់តែច្រើននៅក្នុងការចូលរួមចំណែកឱ្យបានសកម្មក្នុងការការពារធនធានព្រៃឈើ ធនធានដី និងជីវចម្រុះក្នុងសហគមន៍ ដែលទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធរួចហើយនោះ។
អ្នកស្រី ឈាន សាវរីយ៍ តំណាងសហគមន៍បានសង្កេតឃើញថា តាមរយៈវេទិកាថ្នាក់ជាតិស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនេះបានជួយឱ្យមានដំណោះស្រាយច្រើនជាបន្តបន្ទាប់សម្រាប់ពលរដ្ឋនៅតាមសហគមន៍នានា ពីព្រោះបើសិនគ្មានកម្មវិធីនេះទេ កង្វល់របស់ពលរដ្ឋនៅក្នុងសហគមន៍ មិនត្រូវបានដោះស្រាយឱ្យបានទូលំទូលាយឡើយ។
ទោះយ៉ាងណាអ្នកស្រី សាវរីយ៍ បានស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យបន្តផ្តល់ដំណោះស្រាយដោយធ្វើការអភិវឌ្ឍនៅនឹងកន្លែង និងពន្លឿនការផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ និងផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាពដល់សហគមន៍ ចុះសិក្សាពិនិត្យវាយតម្លៃឡើងវិញ និងវិភាគពីឫសគល់នៃបញ្ហាឱ្យបានសមស្របជាមួយស្ថានភាពជាក់ស្តែងនៅតំបន់ទីលំនៅឋានថ្មី។
អ្នកស្រីថា ស្ថាប័នជំនាញដែលទទួលខុសត្រូវដោះស្រាយវិវាទគួរចុះស្រាវជ្រាវឱ្យបានច្បាស់លាស់ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ រកឱ្យឃើញនូវចំណុចវិវាទ មូលហេតុវិវាទតួអង្គពាក់ព័ន្ធនឹងវិវាទនិងការបង្កើតជម្រើសដោះស្រាយ ដោយឈរលើការការពិត ច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយ ព្រមទាំងការសម្របសម្រួលឱ្យមានសម្បទានផលប្រយោជន៍របស់ភាគីវិវាទ និងរាជរដ្ឋាភិបាល។
លោក ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដីមិនបានឆ្លើយតបទៅនឹងសំណួរសុំធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេកាលពីម្សិលមិញ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ថ្លែងថា ការការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ គឺមានការល្អប្រសើរព្រោះមានមន្ត្រីឧទ្យានុរក្សឈរជើងនៅតាមតាមបន់ការពារធម្មជាតិនានានៅទូទាំងប្រទេស ព្រមទាំងមានការចុះល្បាត បង្ក្រាប និងទប់ស្កាត់ ដោយមានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន។
«តាមរយៈការការពារបាននូវធនធានធម្មជាតិរបស់យើង ការកាត់បន្ថយបទល្មើស ហើយនិងការធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពធ្វើឱ្យបទល្មើសដែលមានទ្រង់ទ្រាយធំ លែងកើតមាន ប៉ុន្តែនៅមានបទល្មើសតូចៗតាមរយៈម៉ូតូ គោយន្ត អីហ្នឹងដែលយើងត្រូវបន្តបង្ក្រាបថែមទៀត»៕