ភ្នំពេញៈ តំណាងសហជីពជាតិនិងអន្តរជាតិប្រមាណ ១០០ នាក់ បានជួបប្រជុំគ្នាកាលពីម្សិលមិញជាមួយអ្នកជំនាញខាងច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិគ្រោះយោបល់ទៅលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីសហជីពចំនួន ១០ មាត្រាដែលពាក់ព័ន្ធជាមួយសិទ្ធិរបស់កម្មករនិងសហជីព ក្នុងការចូលរួមធ្វើបាតុកម្ម។
លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីម្សិលមិញថា ដោយសារតែមានសហជីព និងស្ថាប័នអន្តរជាតិមួយចំនួនបានបន្តលើកឡើងអំពីកង្វល់មួយចំនួនក្នុងការចុះបញ្ជីសហជីព និងការស្នើសុំបញ្ជាក់ភាពជាតំណាងបំផុតរបស់សហជីព ជាពិសេសក្តីកង្វល់ជំុវិញមាត្រាមួយចំនួន ដែលពួកគេគិតថាមានការរឹតត្បិតដោយច្បាប់។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ដើម្បីដោះស្រាយបញ្ហា ក្រសួងបានរៀបចំកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីធ្វើការវាយតម្លៃការអនុវត្តច្បាប់ស្តីពីសហជីពជាបន្តបន្ទាប់ និងឈានដល់ការធ្វើវិសោធនកម្ម ១០ មាត្រា។ ចំពោះការបញ្ចប់ការធ្វើវិសោធនកម្មនេះ គឺអាស្រ័យទៅលើការស្រុះស្រួលរបស់ភាគីពាក់ព័ន្ធ ដូចជាការដាក់ជូនឲ្យគ្រប់ភាគី បានចូលរួមពិគ្រោះយោបល់ ព្រោះច្បាប់នេះ មិនគ្រាន់តែទាក់ទងដល់សេរីភាពផ្នែកសហជីពទេ គឺវាពាក់ព័ន្ធទៅដល់និយោជក និងទិដ្ឋភាពច្បាប់នៃភាពសុខដុមរវាងច្បាប់សហជីព នឹងច្បាប់ផ្សេងៗទៀត។ ដូច្នេះភាគីទាំងអស់ ត្រូវតែចូលរួម ហើយការស្រុះស្រួលគ្នាបានកាន់តែឆាប់ ច្បាប់នេះនឹងចេញកាន់តែលឿន»។
តាមលោក អិុត សំហេង គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០១៩ នេះ អង្គការវិជ្ជាជីវៈដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ៤ ៩៤៩ ក្នុងនោះសហជីពមូលដ្ឋានមានចំនួន ៤ ៧២២ សហព័ន្ធសហជីពមានចំនួន ១៨៩ សហភាពសហជីពមានចំនួន ២៩ សមាគមនិយោជកមួយចំនួនទៀត។ ចំនួនវិវាទការងាររួម និងកូដកម្មបាតុកម្មក៏មានការធ្លាក់ចុះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា ការពិភាក្សាជុំវិញវិសោធនកម្មច្បាប់នេះ គឺមានលក្ខណៈល្អប្រសើរជាងមុន ព្រោះតែកង្វល់របស់សហជីពប្រមាណ ៧០ % ត្រូវបានដោះស្រាយ ប៉ុន្តែនៅសល់ប្រមាណ ២០ ទៅ ៣០% ទៀតដែលក្រសួងគួរពិភាក្សា និងដាក់បញ្ចូលបន្ថែម ពាក់ព័ន្ធនឹងសិទ្ធិធ្វើកូដកម្មរបស់កម្មករ ឬក៏ករណីសកម្មភាពរបស់សហជីពនិងចំនួនដែលអាចចុះបញ្ជីបង្កើតសហជីពបាន។
លោក ធន់ បញ្ជាក់ថា៖ «ខ្ញុំចង់ឃើញច្បាប់នេះបានកែតម្រូវឲ្យបានល្អប្រសើរដូចជាច្បាប់ការងារ ដូច្នេះ សង្ឃឹមថា ការបន្ថែមរបស់យើងនៅពេលនេះ គឺនឹងត្រូវបានដាក់បញ្ចូល ដូចអ្វីដែលរដ្ឋមន្ត្រីបានមានប្រសាសន៍ និងធានាថា ច្បាប់នេះ ស្របនឹងរដ្ឋធម្មនុញ្ញ ច្បាប់ការងារ និងច្បាប់អន្តរជាតិ»។
លោក អាត់ ធន់ បានអះអាងដោយចង់ឲ្យក្រសួងពិចារណាក្នុងការផ្តល់សេចក្តីព្រាងច្បាប់ចុងក្រោយជាមុនដល់ភាគីពាក់ព័ន្ធ ដើម្បីបានយកមកពិចារណា និងពិភាក្សា មុននឹងឲ្យភាគីទាំងអស់ ចូលរួមសិក្ខាសាលា និងកម្មវិធីអ្វីមួយ ក្នុងការផ្តល់ជាធាតុចូលសម្រាប់ការធ្វើវិសោធនកម្មច្បាប់នេះ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ធសហជីពជាតិកម្ពុជា បានថ្លែងដែរថា ការរួមគ្នាធ្វើវិសោធនកម្ម ដែលបើកឱកាសដល់ភាគីពាក់ព័ន្ធអាចផ្តល់ធាតុចូលនឹងធ្វើឲ្យវិស័យការងារនៅកម្ពុជា មានភាពល្អប្រសើរ។
លោកបានអះអាងថា ក្រុមសហជីពបានរួមគ្នា ស្នើរហូតដល់ ១៤ មាត្រា តែរដ្ឋាភិបាលសម្រេចតែ ១០ មាត្រា ដូច្នេះក្រុមសហជីពនិងបន្តទាមទារដាក់មាត្រាចំនួន ៤ ទៀតបញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់។
ច្បាប់ស្តីពីសហជីព ត្រូវបានរដ្ឋាភិបាល ប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១៦ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិអង្គការវិជ្ជាជីវៈរបស់កម្មករ។
លោក ទុន សុភ័ណ អ្នកសម្របសម្រួលជាតិនៃអង្គការ ILO ប្រចាំនៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការធ្វើវិសោធនកម្មច្បាប់នេះគឺគំនិតមួយដែលល្អដែលមានការចូលរួមពីគ្រប់ភាគី គឺបានឆ្លើយតបនឹងការទាមទាររបស់ខ្លួន ជាពិសេសនោះ គឺតាមរយៈអង្គការ ILO។
លោកបន្តថា៖ «ខ្ញុំគាំទ្រឲ្យមានការទទួលយកពីមតិគ្រប់ភាគីទាំងអស់ ដូចជាការស្នើឡើងរបស់សហជីព ហើយក៏មានសំណើពីខាងនិយោជក ឬវិស័យឯកជនផងដែរ។ ខ្ញុំគិតថារដ្ឋមន្ត្រីនឹងទទួលយកសំណើទាំងអស់ហ្នឹង ហើយក្នុងនោះ ក្រសួងក៏ទុកពេលឲ្យ ១ ខែ ដើម្បីលើកជាសំណើហ្នឹងមក ថាត្រូវកែទាំង ១០ មាត្រាហ្នឹងអ្វីខ្លះ ឬមានសំណើបន្ថែមទៀត?»៕