ភ្នំពេញៈ តំណាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ បាន​ទាមទារ​យុត្តិធម៌​ដល់​ពលករ​ខ្មែរ​ម្នាក់ ដែល​ត្រូវ​និយោជក​ថៃ​ប្រើ​អំពើហិង្សា​វាយ​នឹង​កាំភ្លើង​បណ្តាលឱ្យ​បែកក្បាល បន្ទាប់ពី​ជនរងគ្រោះ​បាន​ស្វែងរក​កិច្ចអន្តរាគមន៍​ដោយ​ក្នុងនោះ​ជនល្មើស​ប្រឈម​នឹង​ការទទួល​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​។

កាលពី​ថ្ងៃទី​ ១២ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ពលករ​ខ្មែរ​ម្នាក់​មាន​ឈ្មោះ ណាំ សុខ ភេទ​ប្រុស អាយុ​ ៣៤ ​ឆ្នាំ​ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​ត្រូវ​បាន​និយោជក​ប្រើ​អំពើហិង្សា​វាយ​នឹង​កាំភ្លើង បណ្តាល​ឱ្យ​បែកក្បាល​នៅ​បរិវេណ​ផ្សារ​បានម៉ៃ ខេត្ត​ឆាក់ឈើងសៅ​។ ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ក៏បាន​ស្វែងរក​កិច្ចអន្តរាគមន៍​ពី​សំណាក់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​យុត្តិធម៌​។

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៥ កុម្ភៈ​ថា ការចុះ​អន្តរាគមន៍​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៥ ខែ កុម្ភៈ ឆ្នាំ​ ២០២១ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឆាក់ឈើងសៅ ដោយ​មាន​តំណាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជួបចរចា​ស្វែងរក​ដំណោះស្រាយ​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ប្រជុំ​រកដំណោះស្រាយ​រួមគ្នា​រួចមក ពលករ​ទទួល​បាន​ភាពយុត្តិធម៌​នូវ​បញ្ហា​ដែល​គាត់​បាន​ទាមទារ​ចំនួន​ ៤ ​ចំណុច និង​មាន​ទឹកចិត្ត​សប្បាយរីករាយ​ចំពោះ​លទ្ធផល​នៃ​ចំណាត់ការ​របស់​អាជ្ញាធរ​»​។

ក្រៅពី​ផ្តល់​យុត្តិធម៌​នេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ ក៏​បាន​អះអាងថា អាជ្ញាធរ​ថៃ​នឹង​មាន​ចំណាត់ការ​បន្ត​តាម​ច្បាប់​ក្នុងប្រទេស​ថៃ ដើម្បី​ផ្តន្ទាទោស​ទៅលើ​និយោជក ដែល​បាន​ប្រើ​អំពើហិង្សា​លើ​ពលករ​ខ្មែរ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​លេខ​ទំនាក់ទំនង លោក ណាំ សុខ ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​អំពើហិង្សា​នេះ​បានទេ​។ ចំណែក​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ​ ក៏​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បានដែរ កាលពី​ម្សិលមិញ ព្រោះ​មិនមាន​អ្នក​លើក​ទូរស័ព្ទ​។

ប៉ុន្តែ​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា ស្ថានទូត​កម្ពុជា​បាន​ជួយ​ដោះស្រាយ​ជូន​ជនរងគ្រោះ​រួចរាល់​ហើយ​។

លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​ការអង្គការ Central បាន​សាទរ​ចំពោះ​ដំណោះស្រាយ​ដែល​ពលករ​រូបនេះ​ទទួល​បាន​ហើយ​រំពឹងថា បញ្ហា​របស់​ពលករ-កម្ពុជា​នឹង​ត្រូវបាន​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការរើសអើង​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ទទួលបាន​ព័ត៌មាន​ពេញលេញ​ទេ​ថា គាត់​ទទួលបាន​យុត្តិធម៌​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ទទួលបាន​ថា មាន​ការអន្តរាគមន៍​។ ដូច្នេះ​បើ​អាជ្ញាធរ​កម្ពុជា ឬ​ថៃ បាន​បំពេញ​កាតព្វកិច្ច​នេះ គឺជា​រឿង​សាទរ ចំពោះ​ការបំពេញ​ការងារ ហើយ​មួយទៀត​ក៏ដូចជា​អាជ្ញាធរ​ថៃ​ដែរ ដែល​ត្រូវតែ​ចាត់វិធានការ​»​។

បន្ថែម​ពីនេះ លោក ឌី ថេហូយ៉ា បាន​និយាយថា ប្រសិនបើ​ការទាមទារ​នេះ គ្រាន់តែ​ជា​ការសង​សំណង​ជំងឺ​ចិត្ត​នោះ គឺ​មិន​គ្រប់គ្រាន់​នោះទេ ព្រោះ​សមត្ថកិច្ច​ត្រូវតែ​មាន​ការអនុវត្ត​ទៅតាម​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព និង​យុត្តិធម៌​ដើម្បី​ចៀសវាង​ថៅកែ​ថៃ​ផ្សេងៗ​ទៀត យក​ធ្វើជា​គំរូ​អាក្រក់​ដោយ​សំអាង​តែ​ខ្លួនឯង​មាន​អំណាច​ផ្នែក​សេដ្ឋកិច្ច ចង់​ធ្វើ​អ្វី​ក៏បាន​។ «​នេះ​គឺជា​រឿង​មួយ​អសីលធម៌​ណាស់ ហើយ​ប្រើ​ហិង្សា​ដោយ​កំរោល​យក​កាំភ្លើង​វាយក្បាល​នេះ គឺ​ក្នុង​ន័យ​មើលងាយ មិន​គោរព​ភាព​ជា​មនុស្ស​សោះ​»៕