ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងកងទ័ពដែលឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃក្នុងតំបន់ភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុត្រជាក់ដែលតំបន់ខ្លះនឹងធ្លាក់ចុះដល់ពី ១៦ ទៅ ១៨ អង្សាសេ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ។
យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃ ៩ ខែធ្នូ ខេត្តចំនួន ៦ ដែលស្ថិតនៅតាមព្រំដែនក្នុងតំបន់ភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបឦសាននៃប្រទេស កម្ពុជា ដែលរួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី អាកាសធាតុត្រជាក់នឹងធ្លាក់ចុះក្នុងកម្រិតអប្បបរមាចន្លោះពី ១៦-១៨ អង្សាសេ។
ក្រសួងគូសបញ្ជាក់ថា៖ «ការធ្លាក់ចុះនៃកម្រិតសីតុណ្ហភាពអប្បបរមាពី ១៦-១៨ អង្សាសេ ក្នុងតំបន់ភូមិសាស្ត្រខាងលើនេះគឺបណ្ដាលមកពីប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសានខ្លាំង»។
បើតាមការព្យាករខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកក្នុងកម្រិតពី ១៨ ទៅ ២០ អង្សាសេ ខណៈរាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀងសីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកក្នុងកម្រិតពី ២១ ទៅ ២៣ អង្សាសេ។ ចំណែកនៅខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុសីតុណ្ហភាពអប្បបរមាមានពី ២២ ទៅ ២៤ អង្សាសេ។
លោក សន ស៊ា មេបញ្ជាការកងពលតូចលេខ ៤ ប្រចាំទិសខេត្តឧត្តរមានជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា នៅពេលនេះអង្គភាពរបស់លោកកំពុងចុះចែកអាវរងា និងថ្នាំសង្កូវមួយចំនួនដល់កងកម្លាំងដែលឈរជើងនៅតាមជួរបន្ទាត់ព្រំដែន និងបានណែនាំដល់ពួកគាត់ឲ្យបង្កើនការប្រុងប្រយ័ត្នអំពីសុខភាពដោយត្រូវពាក់អាវក្រាស់ៗ ឬអាវរងា និងត្រូវញ៉ាំទឹកក្ដៅពេលមានសីតុណ្ហភាពចុះត្រជាក់ខ្លាំង។
លោកថ្លែងថា៖ «កងកម្លាំងរបស់យើងបានត្រៀមបង្ការចំពោះអាកាសធាតុត្រជាក់នេះរួចរាល់ហើយ។ ទន្ទឹមនឹងនេះអង្គភាពរបស់យើងក៏បានបង្កើនកម្មវិធីចុះល្បាតតាមជួរព្រំដែន ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ នៅតាមជួរបន្ទាត់ព្រំដែនផងដែរ»។
ស្រដៀងគ្នានេះដែរលោក បួន សេងសុពិសិដ្ឋ មេបញ្ជាការវរការពារព្រំដែនលេខ ៦២៣ ប្រចាំទិសខេត្តរតនគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់ខេត្តរតនគិរីនៅព្រឹកថ្ងៃចន្ទ ម្សិលមិញ សីតុណ្ហភាពបានធ្លាក់ចុះក្នុងកម្រិត ១៩ អង្សាសេ និងមានខ្យល់បក់ខ្លាំងខុសប្លែកពីប៉ុន្មានថ្ងៃមុន។ ទោះជាបែបណាក្ដី លោកបញ្ជាក់ថា កងកម្លាំងនៃអង្គភាពរបស់លោកបានទទួលអាវរងា គ្រឿងបរិភោគឧបភោគ និងថ្នាំសង្កូវមួយចំនួនសម្រាប់បង្ការជំងឺគ្រុនផ្ដាសាយដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពី ១ ខែមុនមកម្ល៉េះ។
លោក សុពិសិដ្ឋ បានថ្លែងថា៖ «នៅពេលនេះអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ជាបណ្ដើរៗហើយ ដោយសីតុណ្ហភាពអប្បបរមានៅព្រឹកមិញនេះ [ព្រឹកថ្ងៃចន្ទ] បានធ្លាក់មកនៅក្នុងកម្រិត ១៩ អង្សាសេ។ ប៉ុន្តែវាមិនទាន់មានផលប៉ះពាល់ដល់សុខភាពកងកម្លាំងរបស់យើងនោះទេ»៕
វីដេអូ៖