មណ្ឌលគិរីៈ លោក សារូ រតនា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ដីរដ្ឋក្នុងតំបន់ចម្ការស្រល់ ដែលមានទីតាំងស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ត្រូវបានក្រុមជនខិលខូចមួយចំនួនលួច បោះបង្គោលរបងហ៊ុមព័ទ្ធយកដោយខុសច្បាប់ អស់រាប់សិបហិកតា។
លោក រតនា បាននិយាយថា តំបន់ចម្ការស្រល់មានផ្ទៃដីសរុប ២២៥ ហិកតា និងត្រូវបានចុះក្នុងបញ្ជីសារពើពន្ធរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី ហើយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មានតួនាទីគ្រប់គ្រង និងការពារដីនេះ។ ប៉ុន្តែដោយសារហាងឆេងដីមានការកើនឡើងខ្ពស់ ជនឱកាសនិយមមួយចំនួនបាននាំគ្នាលួចបោះបង្គោលទន្ទ្រានកាន់កាប់ដីក្នុងតំបន់នេះដោយខុសច្បាប់ជាបន្តបន្ទាប់។ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមការងាររបស់លោក បានសហការជាមួយផ្នែកសឹករងស្រុកអូររាំងរួមទាំងអាជ្ញាធរភូមិឃុំ ចុះពិនិត្យទីតាំងដីក្នុងតំបន់ចម្ការស្រល់ ហើយបានប្រទះឃើញមានករណីលួចបោះបង្គោលរបងហ៊ុមព័ទ្ធដីក្នុងតំបន់នោះដោយខុសច្បាប់ចំនួន ៤ ទីតាំង។
លោកបានបញ្ជាក់ថា៖ «យោងតាមការចុះពិនិត្យអង្កេតរបស់យើងនាប៉ុន្មានថ្ងៃមុននេះ យើងបានរកឃើញមានករណីលួចបោះបង្គោលរបងហ៊ុមព័ទ្ធដីចំនួន ៤ កន្លែងក្នុងតំបន់ចម្ការស្រល់ដោយខុសច្បាប់។ ថ្វីបើយើងនៅមិនទាន់បានវាស់វែងនៅលើទីតាំងទាំងនោះ ប៉ុន្តែយើងអាចប៉ាន់ប្រមាណបានថាវាមានទំហំមិនក្រោម ៥០ ហិកតានោះទេ»។
បើតាមលោករតនា មកទល់ពេលនេះក្រុមការងាររបស់លោកកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណ ក្រុមជនដែលបានមកបោះបង្គោលរបងហ៊ុមព័ទ្ធដីដោយខុសច្បាប់ក្នុងតំបន់នេះ ដើម្បីបង្កសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
អ្នកស្រី ថ្វាន ត្រេល មេឃុំសែនមនោរម្យ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា មិនមានពលរដ្ឋណាម្នាក់ក្នុងឃុំរបស់អ្នកស្រីទៅចាប់ដីក្នុងតំបន់នោះទេ។
អ្នកស្រីថ្លែងថា៖ «ដីដែលត្រូវបានគេហ៊ុមព័ទ្ធយកក្នុងតំបន់នោះមិនមែនក្នុងចំនួនតិចតួចនោះទេ។ យ៉ាងហោចណាស់ មានទំហំមិនក្រោមពី៣ហិកតាឡើយក្នុងមួយកន្លែងៗ ដូច្នេះពលរដ្ឋក្នុងភូមិ-ឃុំយើងខ្ញុំគ្មានលទ្ធភាពទៅហ៊ុមព័ទ្ធឡើយ។ ប៉ុន្តែខ្ញុំក៏មិនដឹងថាពួកគេមកពីណានោះដែរ»។
លោក ញ៉ាង ម្យក់ មេភូមិពូហ្យាម និយាយថា គេជួលកម្មករចុះមកធ្វើការបោះបង្គោលហ៊ុមព័ទ្ធដីក្នុងតំបន់នោះដែរ។
លោកបានបន្តថា៖ «ខ្ញុំឃើញគេដឹកកម្មករ និងសម្ភារមួយចំនួនរួមមានបង្គោលរបងធ្វើពីថ្ម និងលួសបន្លាមកបោះបង្គោលរបងហ៊ុមព័ទ្ធដីក្នុងតំបន់ចម្ការស្រល់នេះ ប៉ុន្តែខ្ញុំ និងអ្នកភូមិស្មានថាក្រុមអាជ្ញាធរគេយកកម្លាំងធ្វើដើម្បីការពារដីនោះ។ ខ្ញុំយល់ថា នៅពេលនេះ បើមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធមិនបង្ក្រាប និងដកហូតដីទាំងនោះមកវិញទេ ដីក្នុងតំបន់នេះ នឹងត្រូវគេរំលោភយកអស់ជាមិនខាន»៕