បាត់ដំបងៈ ដីព្រៃ​នៅ​ក្នុង​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​ការ​លួច​ឈូសឆា​យនិង​កាប់​ទន្ទ្រាន​យក​ដី​ជាកម្មសិទ្ធិ​ពី​ក្រុម​ឈ្មួញ​ខិល​ខូច​និង​មន្ត្រី​មាន​ឥទ្ធិ​ពល​មួយ​ចំនួន​​ ប៉ុន្តែ ​ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​ចុះ​បង្ក្រាប​បាន​ទាន់​ពេល​។

លោក​យូ សុជាតិ ប្រធាន​តំបន់ការ​ពារ​ធានធា​នធ​ម្មជាតិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​បាន​ឲ្យដឹង ​នៅ​ថ្ងៃទី ​២៩​ ខែ​សីហា​នេះ ​ថា ​​ថ្មីៗ​នេះ​ មាន​អ្នក​ភូមិ​ និង​ឈ្មួញ​ខិល​ខូច​មួយ​ចំនួន​បាន​លួច​ទន្ទ្រាន​ចូល​ទៅ​ឈូស​ឆាយ​ដី​​ក្នុង​តំបន់​ការពារខាង​លើ​នេះ ដោយ​​ខ្លះមាន​​លួច​ដាំ​ដើម​ទុរេន​និងដើម​មង្ឃុ​តធំៗ ឯ​ខ្លះបាន​លួច​ដាំ​បង្គោល​ឈើ​ហ៊ុម​ព័ទ្ធ​ធ្វើ​ជារ​បង ដើម្បី​​រំលោភ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ថែម​ទៀត​។

លោក​បាន​បន្ត​ថា៖​«សកម្ម​ភាព​នេះ​ត្រូវ​បាន​កម្លាំង​មន្ត្រី​ឧទ្យា​នុ​រក្សយើង​បាន​ចុះ​បង្ក្រា​បទាន់​ពេល​វេលានិង​កំពុង​បន្ត​ល្បាត​តាម​ឃ្លាំ​មើល​ជា​ប្រ​ចាំ​ដើម្បី​ទប់​ស្កាត់​សកម្ម​ភាព​ល្មើស​ច្បាប់​ទាំង​នេះ»​។

បើ​តាម​លោក សុជាតិ កន្លង​មក​ដី​ព្រៃ​ក្នុង​តំបន់​ការ​ពារ​នេះ​ប្រ​មាណ​ជាង​៣០​ហិក​តាត្រូវបាន​ឧត្តម​មន្ត្រី​ម្នា​ក់រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​បាន​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ​ចម្រុះ​ប្រភេទ​ ដូច​ជា​ ទុរេន ​មង្ឃុត​ មៀន សាវ​ម៉ាវ និង​ ក្រូច​ ព្រម​ទាំង​បាន​លួច​សង់​ផ្ទះ និងកសិ​ដ្ឋាន​ថែម​ទៀត​។

ជា​មួយ​គ្នា​នេះ​ដែរ មន្ត្រី​យោធា​ការ​ពារ​ព្រំដែន​កម្ពុជា​-ថៃ​ ដែល​បាន​ចូល​រួម​​ចុះ​ល្បាត​ជា​មួយ​ក្រុម​មន្ត្រី​បរិស្ថាន​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ នៅ​ថ្ងៃ​ទី​ ២៩​ សីហា​នេះ​ថា កាល​ពី​ថ្មីៗ​នេះ​ មាន​ឧកញ៉ា​ម្នាក់​​ឈ្មោះ ប៉ូ គឹម​ផេង បាន​ឲ្យ​កម្មករ​ចល័ត​គ្រឿង​ចក្រ​​ចូល​ទៅ​លួច​ឈូស​ឆាយ​ដីក្នុង​តំបន់​ទឹក​ធ្លាក់​អូរ​ត្របែក​ជូរ ខណៈ​ នៅ​ចំណុច​អូរ​កា​ក្បែរ​តំបន់​ស​ជាប់​ព្រំដែន​ថៃមាន​អ្នក​ភូមិ​មួយ​ចំនួន​បាន​ឃុប​ឃិត​ជាមួយ​ក្រុម​ឈ្មួ​ញ​លួច​ឈូស​ឆាយ​ព្រៃ​និង​ដាំ​ដើម​ទុរេន ដើម​ស្វាយ មង្ឃុត ធំៗ​រាប់​សិប​ដើម ដើម្បី​​រំលោភ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ប៉ុន្តែ​ក្រុម​មន្ត្រី​ល្បាតនាំ​គ្នា​ដក​ដើម​ឈើទាំ​ងនោះ​ចេញ​ និងនាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​បរិ​ស្ថាន​ច្រក​ ៤០០​។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ លោក​ឧកញា ប៉ូ គឹមផេង នៅ​ថ្ងៃ​ទី២៩​សីហា​នេះបាន​បដិ​សេធថា​ក្រុម​ហ៊ុន​​លោកពុំ​មាន​គម្រោង​អភិវឌ្ឍន៍​​ក្នុង​​តំបន់​នោះ​ទេហើយ​ក៏​ពុំ​ធ្លាប់​បញ្ជូន​គ្រឿង​ចក្រ​សូម្បី​តែ១​គ្រឿង​ទៅ​កាន់​តំបន់​នោះ​ដែរ។

លោក​បាន​ថ្លែង​ទាំង​អស់​សំណើច​ថា​៖«ខ្ញុំឯ​ណា​ថ្លើម​ធំ​ពាស​មេឃ​ហ៊ាន​នាំ​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដី​​ក្នុង​តំបន់​ការ​ពារនិងអភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​នោះ ​ហ៊ាន​តែ​ចូល​ទៅ​ មន្ត្រី​ឧទ្យា​នុ​រក្ស​គេចាប់​ទាំង​គ្រឿង​​ចក្រ​​ទាំង​មនុស្ស​ឥឡូ​វ ហ្នឹង។​ ម្យ៉ាង​ទៀត​ក្រុម​ហ៊ុន​ខ្ញុំ​ពុំ​មាន​ដី​ឬ​គម្រោង​អភិ​វឌ្ឍន៍​ណា​មួយ​នៅ​ក្បែរ​តំបន់​នោះ​ទេ»​។

យ៉ាងណា​​ក៏​ដោយ​ លោក​ កើត​ បូរ៉ាន់ ប្រធា​នមន្ទីរ​បរិ​ស្ថាន​ខេត្ត​បាត់​ដំបង​បានប្រាប់​ភ្នំពេ​ញ​ប៉ុស្តិ៍​ថា សកម្ម​ភាព​កាប់​រាន និង ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការ​ពារធ​នធាន​ប្រើ​ប្រាស់​ច្រើ​នយ៉ាង​សំឡូតពី​សំណាក់​ពល​ដ្ឋមួយ​ចំនួនដែល​ឃុប​ឃិត​ជា​មួយ​ ក្រុម​ឈ្មួញ​ដីពិត​ជាកើ​តមា​នច្រើន​នៅ​ក្នុង​តំបន់​ក្បែរ​ច្រក​ព្រំដែ​ន ពិសេស​ច្រក ​៤០០​ ប៉ុន្តែ​ស​កម្មភា​ពទាំ​ង​នេះត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​បរិ​ស្ថានសហកា​រ​ជាមួ​យ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ចុះ​បង្ក្រាប​បាន​ជាប​ន្តប​ន្ទាប់​​។

លោក បូរ៉ាន់ ​បាន​បញ្ជាក់​ថា៖«នៅ​ពេល​នេះ​ក្រុម​មន្ត្រី​បរិស្ថា​នយើង កំពុង​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​នៅ​ក្នុង​តំបន់ ដែល​កំពុង​​ប្រ​ឈម​នេះ និង​បាន​បន្ថែមក​ម្លាំង​ចុះ​ល្បាត​នៅ​ក្នុង​តំបន់​ព្រៃ​ជ្រៅ ​និង​តំបន់​ជាប់​ព្រំដែន​ ដើម្បី​ទប់​ស្កាត់​ការ​លួច​ឆ្មក់​ចូល​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពី​សំណា​ក់​ជន​ឱកាស​និយម​ទាំង​នោះ»​៕