សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរនឹងបន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងតំបន់រមណីយដ្ឋានអង្គរ សម្រាប់រយៈពេល ០៨ (ប្រាំបី) ថ្ងៃទៀត គិតចាប់ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១។
យោងតាមសេចក្តីជូនដំណឹងរួមរបស់អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរបានបញ្ជាក់ថា នឹងបន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា អនុលោមតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥១ សសរ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២១ ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបន្តពន្យារពេលបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរសម្រាប់រយៈពេល ០៨ (ប្រាំបី) ថ្ងៃទៀត គិតចាប់ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១៕