បន្ទាយមានជ័យៈ អាជ្ញាធរ​ថៃ​ក្នុង​ខេត្ត​ស្រះកែវ​នៃ​ប្រទេស​ថៃ​ កាលពី​ម្សិលមិញ​នៅតែ​បន្ត​បដិសេធ​សំណើ​របស់​អាជ្ញាធរ​កម្ពុជា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ ក្រោយពី​ភាគី​ទាំង​ ២ ​បាន​បិទ​ច្រក​ក្នុង​អំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជួបប្រជុំ​ជាមួយ​លោក វរ៉ាផាន់ សុវាណុន​ (WORAPHAN SUWANNUN) អភិបាលខេត្ត​ស្រះកែវ តាមរយៈ​ប្រព័ន្ធ​បញ្ជូន​សារ​សំឡេង​រូបភាព (Video Conference) ​នៅ​ថ្ងៃទី​ ២៣ ខែមិថុនា ដើម្បី​ស្នើសុំ​ទៅ​ភាគី​ថៃ​ឱ្យ​បើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ ជាពិសេស​ក្រុម​អាជីវករ​ខ្មែរ​អាច​ចេញចូល​ប្រទេស​ថៃ​ទៅ​ប្រកប​មុខរបរ​លក់ដូរ​នៅក្នុង​ផ្សារ​រុងក្លឿ​នៅក្នុង​ខេត្ត​ស្រះកែវ​ដូច​មុន​។ ប៉ុន្តែ​ភាគី​ថៃ​បាន​អនុញ្ញាត​ត្រឹម​ឱ្យ​អាជីវករ​ខ្មែរ​អាច​ចូល​ទៅ​ពិនិត្យ​អីវ៉ាន់​ស្ថិត​នៅក្នុង​ផ្សារ​រុងក្លឿ​បាន​។

ភាគី​ថៃ​ក៏បាន​បញ្ជាក់​ថា ច្រកទ្វារ​ព្រំដែន​នេះ​នឹង​មិន​ត្រូវ​បើក​វិញ​ឆាប់ៗ​នោះទេ​។ យោងតាម​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ២៣ មិថុនា​ ថា កិច្ចប្រជុំ​នោះ​បាន​ពិភាក្សា​លើ​របៀបវារៈ​ដូចជា​ការបើក​ច្រក​នៅ​ថ្ងៃទី​ ១ ​ខែ​កក្កដា​ខាងមុខ ឬ​បន្ត​បិទ ការពិភាក្សា​សុំឲ្យ​មាន​ការចេញចូល​លក់ដូរ​ត្រឹម​ផ្សារ​រុងក្លឿ ការពិភាក្សា​ករណី​ពលករ​ចេញចូល និង​បញ្ហា​ផ្សេងៗ​ទៀត​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​នៅក្នុង​កិច្ចប្រជុំ​នេះ មន្ត្រី​ថៃ​ប្រចាំខេត្ត​ស្រះកែវ​សម្រេច​រក្សា​ឱ្យ​ច្រក​ប៉ោយប៉ែត​បន្ត​បិទ ហើយ​មិន​អនុញ្ញាត​ឱ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​លក់ដូរ​ក្នុង​ផ្សារ​រុងក្លឿ​ឡើយ​។ ភាគី​ថៃ​គ្រាន់តែ​ឯកភាព​ជាគោលការណ៍​ឲ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ផ្សារ​រុងក្លឿ​ដើម្បី​ពិនិត្យ​ទំនិញ និង​ដឹកទំនិញ​មក​កម្ពុជា​វិញ​តាមរយៈ​រថយន្ត​ចំនួន​ ៥០ ​គ្រឿង ដោយ​ក្នុង​ ១ ​គ្រឿង​ត្រូវមាន​មនុស្ស​តែ​ ២ ​នាក់​ប៉ុណ្ណោះ ហើយ​ត្រូវ​បំពេញ​​បែបបទ និង​ពិនិត្យ​សុខភាព​តាម​​ការណែនាំ និង​វិធានការ​ក្រសួង​សុខាភិបាល​ជាមុន​»​។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​បាន​សរសេរ​ឲ្យ​ដឹង​ទៀតថា​៖ «​រយៈពេល​នៃ​ការចូលទៅ​ផ្សារ​នោះ​គឺ​ចាប់ពី​ម៉ោង​ ៨:០០ ដល់​ម៉ោង​ ១០:០០ នាទី​ព្រឹក​ឲ្យ​ចូល​ឲ្យ​អស់​នៅ​វេលា​ម៉ោង​ ១៣:០០ ​នាទី​រសៀល​ត្រូវ​ចេញ​ពី​ទឹកដី​ថៃ​វិញ ហើយ​ចំពោះ​ការអនុញ្ញាត​ឲ្យ​ចូល​ទៅ​ (​ពិនិត្យ​ទំនិញ​) ​នៅ​ថ្ងៃ​ណា​ ពេលណា​នោះ​មិនទាន់​កំណត់​នោះ​ទេ រង់ចាំ​ការជូន​ដំណឹង​ពី​រាជរដ្ឋាភិបាល​ថៃ​»​។

មន្ត្រីខេត្ត​ស្រះកែវ​ក៏​បញ្ជាក់ថា ការបើក ឬ​បិទ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខ្លង​លឹក គឺ​មិនត្រូវ​បើក​នាពេល​ឆាប់ៗ​នោះទេ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញពី​ថៃ​មក​កម្ពុជា​វិញ​នៅ​អំឡុង​ជំងឺ​កូវីដ​១៩ គឺ​បន្ត​ឲ្យ​ចេញ​តាម​ច្រក​អូរបីជាន់​ដដែល​។ ​នៅពេល​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក លី សារី អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​របស់​ខេត្ត​នេះ​បាន​ទេ​។

ប៉ុន្តែ​កាលពី​ថ្ងៃទី​ ២២ មិថុនា លោក លី សារី បាន​បញ្ជាក់​ថា​ការស្នើសុំ​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ថៃ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ​ ដើម្បី​ឱ្យ​បើក​ច្រកព្រំដែន​ប៉ោយប៉ែត​នេះ គឺ​ធ្វើ​ឡើង​តាម​សំណូមពរ​របស់​អាជីវករ​ខ្មែរ​ដែល​មាន​តូប​លក់ដូរ​នៅក្នុង​ផ្សារ​រុងក្លឿ​ដែល​ពួកគាត់​អះអាង​ថា កំពុង​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ចាប់តាំងពី​ថៃ​បាន​បិទ​ព្រំដែន​តាំងពី​ខែមីនា​មក​។

លោក លី ម៉េងហ៊ុយ អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុងក្លឿ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា មូលហេតុ​ដែល​ក្រុមអាជីវករ​ចង់​ចេញ​ចូល​ទៅ​លក់ដូរ​នៅក្នុង​ប្រទេស​ថៃ​ឡើងវិញ​នៅពេល​នេះ​គឺ​ដោយសារ​មើលឃើញ​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ​១៩​នៅក្នុង​ប្រទេស​ថៃ​ចាប់ផ្ដើម​ធូរស្រាល​ជាង​មុន ហើយ​ម្យ៉ាង​ទៀត​ក្រុម​អាជីវករ​ខ្មែរ​ព្រួយបារម្ភ​អំពី​ទំនិញ​ដែល​បាន​ទុកចោល​នៅក្នុង​តូប​នៅ​ផ្សារ​រុងក្លឿ​ដែល​ពុំបាន​មើល​ការខុសត្រូវ​តាំងពី​ខែ​មីនា​មក ហើយ​កាលពី​ពេល​ថ្មីៗ​នេះ ថែមទាំង​ឮដំណឹង​ថា មាន​តូប​របស់​ខ្មែរ​ចំនួន​ ៣ ​ត្រូវ​បាន​ភ្លើង​ឆេះ​។

លោក ម៉េងហ៊ុយ ថ្លែង​ថា​៖ «​គួរតែ​សម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេញចូល​លក់ដូរ​ដូច​ធម្មតា​វិញ ព្រោះ​អី​ពលរដ្ឋ​ខ្មែរ​គិតថា ការបិទ​ព្រំដែន​ហ្នឹង​គឺ​អាច​ត្រឹម​ ១ ​ខែ​ ឬ​កន្លះ​ខែ​អី​ទេ​។ អ៊ីចឹង​! ពួកគាត់​មិន​បាន​រៀបចំ​ទុកដាក់​អីវ៉ាន់​ឱ្យបាន​ស្រួលបួល​អី​ទេ​។ អ៊ីចឹង​ នៅពេល​មាន​ភ្លៀង​ធ្លាក់ វា​អាច​មាន​ការលិច​ដំបូល​ផ្សារ ហើយ​ធ្វើឱ្យ​ខូចខាត​អីវ៉ាន់​។ អីវ៉ាន់​ទាំង​ហ្នឹង មិនមែន​មាន​តម្លៃ​ ១ ​ម៉ឺន​ ២ ​ម៉ឺន​បាត​អី​ទេ​។ អ្នកលក់ដូរ​នៅ​ហ្នឹង គឺ​ចំណាយ​អស់​លុយ​ច្រើនណាស់ ហើយ​អ្នក​ខ្លះ​លក់​គោក្របី ដើម្បី​ទិញ​អីវ៉ាន់​ទៅ​លក់ដូរ​នៅ​ទឹកដី​ថៃ​»​។

ប្រទេស​ថៃ​ បាន​ប្រកាស​ពន្យារ​បិទ​ប្រទេស​រហូត​ដល់​ចុងខែ​មិថុនា​នេះ ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ កាសែត​បាងកក​ប៉ុស្ដិ៍​របស់​ថៃ​បាន​ចុះផ្សាយ​ថា ពុំមាន​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ​ថ្មី​នៅក្នុង​ស្រុក​ឡើយ និង​មានតែ​ករណី​នាំចូល​ជំងឺ​ចំនួន​ ៥ ​ករណី​ពី​តំបន់​​មជ្ឈិមបូព៌ា​។

ប្រទេស​ថៃ ​បាន​រាយការណ៍​​ថា អ្នកជំងឺ​កូវីដ​ ១៩​ មាន​ចំនួន​ ៣ ១៥៦ ​ករណី ចាប់​តាំងពី​ខែ​​មករា មក ហើយ​ក្នុង​នោះ​ស្លាប់​ចំនួន​ ៥៨ ​នាក់ ​ជាសះស្បើយ​មាន​ចំនួន ៣ ០២៣ ​នាក់ និង អ្នកជំងឺ​នៅសល់​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​ ៧៥ ​នាក់​។

កាលពី​ថ្ងៃ​ម្សិលមិញ​កម្ពុជា​បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ​ម្នាក់ទៀត ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​ទើប​ធ្វើ​ដំណើរ​មកពី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​ ២១ ​មិថុនា និង​ធ្វើឱ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​ ១៣០ ​នាក់​ ក្នុង​នោះ​ជាសះស្បើយ​​ ១២៧ ​នាក់ និង​គ្មាន​ករណី​ស្លាប់​។

កម្ពុជា​ពុំទាន់​បាន​រាយការណ៍​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​​ឡើយ​ទេ ហើយ​ករណី​ឆ្លង​ភាគច្រើន​លើសលប់ គឺជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ខណៈ​ដែល​ក្រសួង​សុខាភិបាល​កំពុង​រឹតបន្តឹង​វិធានការ​នៅតាម​ច្រកចេញចូល​តាម​ព្រលានយន្តហោះ ដើម្បី​ការពារ​កុំឱ្យ​មាន​ការឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​នៅក្នុង​ប្រទេស​៕