ភ្នំពេញៈ អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ការ​អនុ​ញ្ញាត​ឲ្យ​សាច់ញាតិ​ជន​ជាតិ​ខ្មែរ​ជួប​សួរ​សុខ​ទុក្ខ​ និង​ផ្ញើ​ប្រាក់​ជូន​សាច់​ញាតិ​ដែល​​ជាប់​ឃុំ នៅ​ពន្ធនា​គារ​ខ្លង​ព្រេម​ ក្នុង​ប្រទេស​ ថៃ។

​យោង​តាម​ឯក​សារ​ផ្សព្វផ្សាយ​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ​ដែល​ផ្សាយ​កាល​ពី​ថ្ងៃទី​ ២៩​ មីនា​ បាន​បញ្ជាក់​ថា ពន្ធ​នាគារ​ខ្លង​ព្រេ​ម​របស់​ថៃ ​បាន​អនុ​ញ្ញាត​ឲ្យ​សាច់​ញាតិ​​​ចូល​សួរ​សុខ​ទុក្ខ​អ្នក​​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​នេះ​រយៈ​ពេល​​ ៤ ​ម៉ោង​ ក្នុង​រយៈ​ពេល​ ២ ​ថ្ងៃ​គឺ​​​ថ្ងៃ​ទី​ ២៩​ និង ​​៣០​ ខែ​ មេសា​ នេះ។ ​ការ​ចូល​សួរ​សុខ​ទុក្ខ​នេះ​អាច​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ​៩ ​ព្រឹក​ដល់​ម៉ោង​ ១ ​រសៀល​ ដោយ​សាច់​ញាតិ​​អាច​ជួប​សួរ​សុខ​ទុក្ខ​ផ្ទាល់​ មិន​មាន​របាំង។​ ​

យោង​តាម​ឯក​សារ​ចេញ​ពី​ពន្ធ​នាគារ​ខ្លង​ព្រេម​​ចុះ​ថ្ងៃទី ​៤ ម​ករា​ ​២០១៩​ ដែល​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​បាន​បង្ហោះ​ ការ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពីឆ្នាំ​ ២០១៩​ នេះ​តទៅ​ ហើយ​ការ​ជួប​នេះ​គឺ​បន្ថែម​ទៅ​លើ​ការ​ជួប​សួរ​សុខ​ទុក្ខ​ធម្មតា​ដែល​ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​ធ្វើការ​។​ ​

ពន្ធ​នា​គារ​ខ្លង​ព្រេម​បញ្ជាក់​ថា ​ការអនុ​ញ្ញាត​ឲ្យ​ជួប​សួរ​សុខ​ទុក្ខ​នេះ​ «​អនុញ្ញាត​ឲ្យ​សាច់​ញាតិ​សួរ​សុខ​ទុក្ខ​អ្នកទោស​បាន​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​លក្ខណៈ​ប៉ះ​​គ្នា​បាន​នៅ​ក្នុង​ពន្ធនា​គា​រ​ ដោយ​មិន​​មាន​អ្វី​ជា​ឧប​សគ្គ​នៅ​ក្នុង​សន្ទ​នា​ និង​មាន​ការ​ទទួល​ទាន​អាហារ​រួម​គ្នា​ ដែល​​នឹង​ជួយ​ពង្រឹង​ទំនាក់​ទំនង​ដ៏​ល្អនៅ​ ​ក្នុង​ក្រុម​គ្រួ​សារ​ និង​ជា​ឧប​ករណ៍​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ទោស ​(ឲ្យ)​​ ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​ល្អ ​ប្រតិ​បត្តិ​ខ្លួន​ឲ្យ​នៅ​តាម​របៀប​វិន័យ​របស់​ពន្ធនាគារ»។​

​ការ​ចូល​សួរ​សុខ​ទុក្ខ​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​សាច់​ញាតិ​រហូត​ដល់​ ១២​ នាក់​ ដោយ​ចូល​សួរ​សុខ​ទុក្ខ​ព្រម​គ្នា​តែម្ដង​។​ ​ទោះ​យ៉ាង​ណា​អ្នក​ចូល​សួរ​សុខ​ទុក្ខ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​មុន​ដោយ​​មាន​ឯកសារ​ដែល​ចាំបាច់។

ក្រៅ​​ពី​ការ​ចូល​សួរ​សុខ​ទុក្ខ​រយៈ​ពេល​វែង ​និង​ដោយ​សាច់​ញាតិ​ច្រើន​នេះ ​ពន្ធ​នាគារ​ក៏​អនុ​ញ្ញាត​ឲ្យ​សាច់​ញាតិ​ផ្ញើ​ប្រាក់​ទៅ​បង​ប្អូន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នា​គារ​នេះ​ដែរ​ ដោយ​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​គណនី​របស់​ធនាគារ​ក្រុង​ថៃ​ ​(Krung​ Tha​i Bank​)​ ដោយ​ការផ្ញើប្រា​ក់​តាម​នេះ​មិន​គិត​សេវាទេ​ ប៉ុន្តែ​សាច់​ញាតិ​ត្រូវ​បំពេញ​បែប​បទ​ និង​ដាក់​​ពាក្យ​ស្នើ​ ​«​ប័ណ្ណ​ប្រើ​ប្រាស់​សេវាកម្ម​ផ្ញើ​ប្រាក់​​ នៅ​ពន្ធនាគារ​ជាមុន។

លោក​ កេត​ សោ​ផាន់​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​ លោក​មិន​មាន​តួលេខ​ក្នុង​ដៃ​ទេ​អំពី​ចំនួន​ជន​ជាតិ​ខ្មែរ​ដែល​​ជាប់​ឃុំ​នៅ​ពន្ធ​នា​គារ​នេះ​​ ឬ​តួលេខ​ដែល​ជាប់​នៅ​ទូទាំង​ប្រ​ទេស ​ថៃ ​ដោយ​សារ​លោក​​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស​ ហើយ​វា​ជា​ថ្ងៃ​អាទិត្យ​ទៀត។​

លោក នុត​ ​សាវ​នា​ អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធ​នា​គារ​ នៃ​ក្រសួង​មហា​ផ្ទៃ​​ថ្លែង​​ថា​ លោក​ក៏​មិន​មាន​តួលេខ​ផ្លូវការ​ដែរ​ ប៉ុន្តែ​តាម​លោក​ដឹងជន​ជាតិ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ​មាន​មិន​តិច​ជាង​ ៤ ពាន់​នាក់​ទេ៕​