ព្រះសីហនុៈ ក្រោយ​បុគ្គលិក​ប្រមាណ​ ៣០០ ​នាក់ តវ៉ា​ទាមទារ​បើក​ប្រាក់​ជា​លើក​ទី​ ២ ម្ចាស់​កាស៊ីណូ ប៉ាវម៉ាយ ស្ថិតនៅ​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ ដែល​បច្ចុប្បន្ន​បាន​ផ្អាក​ដំណើរការ​នោះ​បាន​សន្យា​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​សម្រាប់ ១ ខែ​កន្លះ​សម្រាប់​ខែ​សីហា និង​ពាក់កណ្ដាល​ខែ​កញ្ញា​នេះ សរុប​ជា​ថវិកា​ប្រមាណ​ជាង ១៧ ​ម៉ឺន​ដុល្លារ​អាមេរិក​។

លោក យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ក្រោយ​ម្ចាស់​កាស៊ីណូ ប៉ាវម៉ាយ​មិនបាន​គោរព​សន្យា​តាម​កិច្ចសន្យា​លើក​ទី​ ១ ​ថា បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​នៅ​ថ្ងៃ​ ១២ ខែ​កញ្ញា ព្រោះ​មិនទាន់​មាន​ថវិកា ទើប​មាន​ការតវ៉ា​ពី​បុគ្គលិក​ម្ដងទៀត​។

ប៉ុន្ដែ​ក្រោយ​ពេល​ក្រុមការងារ​មន្ទីរ​ការងារ​ចុះទៅ​សម្របសម្រួល​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ម្ចាស់​កាស៊ីណូ​បាន​យល់ព្រម​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​នៅ​ថ្ងៃទី​ ២៣ ខែ​កញ្ញា​នេះ​ឲ្យ​ចប់​រួចរាល់​។

លោក​បាន​ថ្លែងថា​៖ «​យើង​បាន​ចុះទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន (​កាស៊ីណូ​ខាងលើ​) គាត់​សន្យា​ថា បើក​លុយ​ឲ្យ​បុគ្គលិក​តាំងពី​សប្ដាហ៍​មុន ប៉ុន្ដែ​គាត់​អត់​មាន​លុយ​បើក​ឲ្យ​ទើប​បុគ្គលិក​តវ៉ា​ជាថ្មី ហើយ​យើង​បាន​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​ម្ដងទៀត​ដោយ​ភាគី​ទាំង​ ២ ​យល់ព្រម​បើកប្រាក់​ខែ​នៅ​ថ្ងៃទី​ ២៣ ​ខែកញ្ញា​នេះ​»​។

លោក​បាន​បន្ដថា​៖ «​ការបើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​យឺតយ៉ាវ​នេះ​ប្រហែល​មកពី​មានការ​ផ្លាស់ប្ដូរ​ថៅកែ​កាស៊ីណូ​នេះ​។ ប៉ុន្ដែ​ឥឡូវ​ម្ចាស់​កាស៊ីណូ​គាត់​សន្យា​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​នៅ​ថ្ងៃទី​ ២៣ ​ខែ​កញ្ញា​នេះ ក្រោយ​មាន​ការជួយ​សម្របសម្រួល​ពី​ម្ចាស់​​ទីតាំង​ដែល​កាស៊ីណូ​នេះ​បាន​ជួល​ផងដែរ​»​។

លោក យ៉ូវ ខេមរា បាន​ឲ្យ​ដឹងថា បុគ្គលិក​ដែល​មិនទាន់​បាន​បើកប្រាក់​ខែ​សរុប​ចំនួន​ប្រមាណ ៣០០ ​នាក់​ក្នុង​នោះ​មាន​បុគ្គលិក​ជនជាតិ​ចិន ៤០ ​នាក់​ផងដែរ ដែល​ប្រាក់ខែ​ត្រូវ​បើក​ឲ្យ​បុគ្គលិក​សរុប​ប្រមាណ ១៧ ​ម៉ឺន​ដុល្លារ​អាមេរិក​។

លោក​បាន​បញ្ជាក់​ថា​៖ «​ម្ចាស់​កាស៊ីណូ​គាត់​បាន​សន្យា​ថា​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ហើយ​។ ប៉ុន្ដែ​បើ​គាត់​មិន​ព្រម​បើក​ទៀត យើង​នឹង​ធ្វើ​ការងារ​ទៅ​តាម​ច្បាប់​យោង​តាម​មាត្រា​នៃ​ច្បាប់​ការងារ​»​។

កញ្ញា សេង ចន្នី តំណាង​បុគ្គលិក​កាស៊ីណូ​ប៉ាវម៉ាយ​នេះ​ប្រាប់​ថា​ក្រុម​បុគ្គលិក​សង្ឃឹមថា ក្រោយ​ម្ចាស់​កាស៊ីណូ​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​ ២ ជាមួយ​មន្ទីរ​ការងារ​រួចហើយ​ពួកនាង​សង្ឃឹមថា​ម្ចាស់​កាស៊ីណូ​នឹង​គោរព​តាម​កិច្ចសន្យា​មិន​បំពាន​ដូច​លើក​ទី​ ១​។

កញ្ញា​បន្ដ​ថា​ជាទូទៅ​កាស៊ីណូ​នេះ បើក​លុយ​ឲ្យ​បុគ្គលិក​នៅ​ថ្ងៃទី​ ១០ ​ជា​រៀងរាល់​ខែ​។ ប៉ុន្ដែ​សម្រាប់​ខែ​សីហា​ដែល​ត្រូវ​បើក​លុយ​នៅ​ថ្ងៃទី​ ១០ ខែកញ្ញា​បែរ​ជា​មិន​បើក​ដោយ​ប្រាប់​ថា​ចាំ​បើក​នៅ​ថ្ងៃ​ ១១ ខែកញ្ញា​។ ប៉ុន្ដែ​ដល់​ថ្ងៃ​ ១១ ​នៅតែ​មិន​ព្រម​បើក ហើយ​ប្រាប់​ថា​ចាំ​ថ្ងៃទី​ ១៥ ខែ​កញ្ញា ប៉ុន្ដែ​ដល់​ថ្ងៃទី​ ១៥ ​នៅតែ​មិន​ព្រម​បើក​។ ទើប​បុគ្គលិក​តវ៉ា​ប្ដឹង​ទៅ​មន្ទីរ​ការងារ​ម្ដងទៀត​ឲ្យ​ជួយ​ដោះស្រាយ​ទើប​ម្ចាស់​កាស៊ីណូ​បាន​ធ្វើ​កិច្ចសន្យា​ម្ដងទៀត​កាលពី​ថ្ងៃ​ចន្ទ​ទី​ ១៦ ខែ​កញ្ញា​ថា​នឹង​បើក​ប្រាក់ខែ​ឲ្យ​នៅ​ថ្ងៃទី​ ២៣ ខែកញ្ញា វិញ​។

ចន្នី បាន​បញ្ជាក់ថា​៖ «​ការសន្យា​ថា​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​ថា​នឹង​បើកប្រាក់​ខែ​ឲ្យ​នៅ​ថ្ងៃទី​ ២៣ ខែកញ្ញា​នេះ​មិនមែន​ជា​ថៅកែ​ថ្មី​អ្នក​សន្យា​ទេ គឺ​ថៅកែ​ចាស់​អ្នក​សន្យា​ដែល​គាត់​ជា​អ្នក​ទទួល​ខុសត្រូវ​នៅក្នុង​កាស៊ីណូ​នេះ ព្រោះ​កាស៊ីណូ​នេះ​ពី​មុន​ដំបូង​ជា​ឈ្មោះ​របស់​ថៅកែ​ចាស់​។ ចំណែក​ថៅកែ​ថ្មី​គាត់​មិន​នៅទេ គាត់​រត់​បាត់​ហើយ​។ ថៅកែ​កាស៊ីណូ​នេះ​ទាំង​ថៅកែ​ចាស់ និង​ថៅកែ​ថ្មី​សុទ្ធតែ​ជា​ជនជាតិ​ចិន​»​។

ចន្នី បាន​ឲ្យ​ដឹងថា កាស៊ីណូ​នេះ​បាន​ផ្អាក​ដំណើការ​តាំង​ថ្ងៃទី​ ១ ខែ​កញ្ញា​រហូត​មក ហើយ​​បុគ្គលិក​ក៏​ឈប់​ធ្វើ​ការងារ​អស់ហើយ​ដែរ​។

លោកស្រី ជៀប សុធារី មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា បញ្ហា​ការងារ​នៅ​ខេត្ដ​ព្រះសីហនុ​ក៏​ជា​ការ​ព្រួយបារម្ភ​មួយ​សម្រាប់​បុគ្គលិក និង​កម្មករ ព្រោះ​ម្ចាស់​ក្រុមហ៊ុន ឬ​កាស៊ីណូ​មិន​សូវ​យល់ដឹង​ពី​ច្បាប់​ការងារ​កម្ពុជា​។

លោកស្រី​ថ្លែង​ថា​៖ «​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បង្កើន​ការណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ កាស៊ីណូ ពី​ច្បាប់​ការងារ​របស់​កម្ពុជា ដើម្បី​កុំ​ឲ្យ​ពួកគាត់​មាន​បញ្ហា​ជាមួយ​បុគ្គលិក កម្មករ​លើ​វិស័យ​ការងារ​នេះ​»៕