
អ្នកទៅផ្តល់សំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ ១៩ កាលពីថ្ងៃទី ២៩ ខែមីនា នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ រូបថត TYDA
ភ្នំពេញៈ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៦៣ នាក់បន្ថែមទៀត ដែលចំនួនទាំងនេះ គឺសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់ ហើយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ១៥ នាក់ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធ ទី ៣១ ខែ មីនា ឆ្នាំ ២០២១ នេះ។
ក្រសួងបានបន្តថា អ្នកដែលរកឆ្លងថ្មីទាំងនេះកើតឡើងនៅខេត្តព្រះសីហនុរហូតដល់ ៣៤ នាក់ រាជធានីភ្នំពេញចំនួន ២៣ នាក់ ខេត្តត្បូងឃ្មុំចំនួន ៤ នាក់ ខណៈខេត្តពីរទៀត មានតែចំនួន ០១ នាក់ប៉ុណ្ណោះ ក្នុង ១ ខេត្តៗ គឺខេត្តកណ្តាល និងខេត្តស្វាយរៀង។
គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជា មានអ្នកមានឆ្លងកូវីដសរុបចំនួន ២ ៤៤០ នាក់ ក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានរហូតដល់ ១ ៩១៤ នាក់ អ្នកជាសះស្បើយទូទាំងប្រទេស មានចំនួន ១ ១៩១ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១ ២៣៤ នាក់ និងអ្នកស្លាប់ចំនួន ១១ នាក់។
ជាមួយគ្នានេះដែរ នៅម៉ោងប្រមាណជា ៧ យប់ថ្ងៃពុធ ទី ៣១ ខែមីនា នេះ វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ៧០ ម៉ឺនដូស នឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយក្នុងនោះវ៉ាក់សាំង ៤០ ម៉ឺនដូស នឹងត្រូវផ្តល់ជូនក្រសួងសុខាភិបាល និង ៣០ ម៉ឺនដូសទៀត ផ្តល់ជូនក្រសួងការពារជាតិ៕






