ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅ​ថ្ងៃ​អង្គារ ​ទី ២៣ ខែ មីនា ឆ្នាំ ២០២១ នេះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៣៥ នាក់​ទៀត ដែល​ក្នុង​នោះ​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ៣៣ នាក់ និង ២ នាក់​ជា​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៣២ នាក់​ផង​ដែរ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ កើត​មាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ចំនួន ១៧ នាក់ រាជធានីភ្នំពេញ​ចំនួន ១៤ នាក់ និង​ខេត្ត​សៀមរាប​ចំនួន ២ នាក់។

ឯ​អ្នក​ដំណើរ ២ នាក់​ ដែល​មាន​តេស្ត​វិជ្ជមាន​កូវីដ ១៩ នោះ ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ស្នាក់​នៅ​ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​សិង្ហបុរី មក​ដល់​ប្រទេសកម្ពុជា កាល​ពី​ថ្ងៃទី ២១ ខែ​មីនា ឆ្នាំ ២០២១។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​វិជ្ជមាន​វីរុស​កូវីដ ១៩ សរុប​ចំនួន ១ ៧៨៨ នាក់ ក្នុង​នោះ​អ្នក​ដែល​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​មាន​ចំនួន ១ ២៦៦ នាក់ អ្នក​ដែល​បាន​ជា​សះស្បើយ​ចំនួន ៩៩៩ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៧៨៣ នាក់ និង​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ ១៩ ចំនួន ៤ នាក់៕