ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៥១១ នាក់ទៀត និងអ្នកជាសះស្បើយ ៦២ នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ មានរហូតដល់ ១០ នាក់ ដែលធ្វើឲ្យអ្នកស្លាប់កើនដល់ ៧១ នាក់។
របាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងបានបញ្ជាក់ថា ចំនួនអ្នកឆ្លងសហគមន៍ ២០ កុម្ភៈ មានចំនួន ៥០៩ នាក់ ហើយអ្នកដំណើរពីបរទេស គឺមាន ០២ នាក់។
គិតត្រឹមថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ កម្ពុជា មានករណីឆ្លងសរុបទូទាំងប្រទេសចំនួន ៩ ៣៥៩ នាក់ ចំណែកអ្នកជាសះស្បើយសរុបមានចំនួន ៣ ២១០ នាក់ ក្នុងនោះអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦ ០៧២ នាក់។
ដោយសារចំនួនអ្នកឆ្លងកើនឡើងជាបន្ដបន្ទាប់ បានធ្វើឲ្យអាជ្ញាធរសម្រេចយកទីតាំងស្ដាតអូឡាំពិក សាលាកូរ៉េកប់ស្រូវ (វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC) និងព្រីមៀរសែនសុខ ជាទីកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ ១៩ កម្រិតស្រាលបន្ថែម។
ការប្រកាសបង្កើតទីព្យាបាលបន្ថែមទៀតនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃនេះ ដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីចុះពិនិត្យ និងត្រៀមរៀបចំទីតាំងទាំង ៣ នេះផងដែរ៕