ភ្នំពេញ៖ ថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៧២ នាក់បន្ថែមទៀត ដែលក្នុងនោះមានតែអ្នកជំងឺម្នាក់គត់ ជាអ្នកដំណើរមកពីបរទេស ឯនៅសល់ពីនោះ គឺជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈមានអ្នកជាសះស្បើយចំនួន ៤៧ នាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី ៦ ខែមេសានេះ បានឱ្យដឹងទៀតថា រាជធានីភ្នំពេញនៅតែជាតំបន់ដែលមានតួលេខអ្នកឆ្លងខ្ពស់ជាងគេ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ថ្ងៃនេះសម្រាប់នៅរាជធានីភ្នំពេញ មានចំនួន ៣២ នាក់ បន្ទាប់មកគឺខេត្តព្រះសីហនុ ដែលមានចំនួន ២២ នាក់ ខេត្តកណ្ដាល ៩ នាក់ ខេត្តពោធិ៍សាត់ ៣ នាក់ ខេត្តស្វាយរៀង ៣ នាក់ ខេត្តព្រៃវែងម្នាក់ និងខេត្តកំពតចំនួនម្នាក់ផងដែរ។
រហូតមកដល់ពេលនេះ ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានរយៈពេលជាង ១ ខែហើយ ប៉ុន្តែករណីឆ្លងនៅតែមានការកើនឡើងដដែល ខណៈដែលចំនួនអ្នកជាសះស្បើយ ក៏មានចំនួនច្រើនដែរ ដោយក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍នេះ មានសរុបចំនួន ២ ២៩៣ នាក់ ដែលមានអ្នកព្យាបាលជាសះស្បើយចំនួន ១ ២៧៦ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបទូទាំងប្រទេស ចំនួន ២ ៨២៤ នាក់ អ្នកជាសះស្បើយចំនួន ១ ៧៩៤ នាក់អ្នកកំពុងសម្រាកព្យាបាលចំនួន ១ ០០៣ នាក់ និងអ្នកស្លាប់ចំនួន ២២ នាក់៕