ភ្នំពេញៈ ថ្នាក់ដឹកនាំកម្ពុជាអ្នកនយោបាយប្រឆាំង និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជាបានចេញសារមានខ្លឹមសារផ្សេងៗគ្នាបង្ហាញពីបញ្ហាប្រឈមនានាដែលបានកើតឡើងដោយសារឥទ្ធិពលនៃវិបត្តិកូវីដ១៩ និងសមិទ្ធផលដែលសម្រេចបាននៅក្នុងឆ្នាំចាស់ ព្រមទាំងបង្ហាញការប្ដេជ្ញាបន្តបំពេញនៅក្នុងឆ្នាំ ២០២១ បន្ថែមទៀត។
នៅក្នុងសារជូនពរឆ្នាំថ្មីលោក ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា ឆ្នាំ ២០២០ គឺជាឆ្នាំមួយដែលសកលលោកទាំងមូលរួមទាំងកម្ពុជាផងទទួលរងនូវវិបត្តិដ៏ធ្ងន់ធ្ងរបណ្ដាលមកពីជំងឺរាតត្បាតកូវីដ១៩ មកលើសេដ្ឋកិច្ចសង្គម។ ប៉ុន្តែកម្ពុជាបានគ្រប់គ្រងវិបត្តិនេះបានល្អប្រសើរដោយសារតែការដឹកនាំ និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននានា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា។
ជាមួយគ្នានេះ ប្រធានរដ្ឋសភាក៏ថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងសប្បុរសជននានា ដែលលះបង់កម្លាំងកាយចិត្ត និងថវិកាដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងកូវីដ១៩ និងសម្រាលនូវផលប៉ះពាល់នៃវិបត្តិនេះមកលើសេដ្ឋកិច្ចកម្ពុជាមួយកម្រិត។
រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាកាលពីម្សិលមិញបានប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិទាំងក្នុង និងក្រៅប្រទេសឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើន សុភមង្គល និងបានរំឭកពលរដ្ឋឱ្យបន្តការពារកុំឱ្យឆ្លងកូវីដ ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ប៉ុន្តែក្នុងសំណេរពីការទទួលបានតំណក់ប្រេងដំបូងរបស់កម្ពុជាពីថ្ងៃ ២៩ ធ្នូ លោកនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថា ឆ្នាំ ២០២១ នឹងមិនសប្បាយរីករាយដូចឆ្នាំមុនៗទេ ប៉ុន្តែកម្ពុជាទទួលបានកាដូថ្មី គឺប្រេង។
លោកសរសេរថា៖ «កូវីដ១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី ២០២១ ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ១៩ តែយើងទទួលបានកាដូដ៏ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ ២០២១ តទៅ»។
លោកបន្តថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលកន្លងមកនេះ»។
សម្រាប់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមើលឃើញថា ក្នុងឆ្នាំ ២០២០ កងយោធពលខេមរភូមិន្ទសម្រេចបានសមិទ្ធផលដ៏ធំធេងចេញពីការលះបង់ ការពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាក និងពលិកម្មដើម្បីការពារជាតិមាតុភូមិ សន្តិសុខជាតិសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។
លោកថ្លែងថា៖ «ទន្ទឹមនឹងនេះកងយោធពលខេមរភូមិន្ទយើងបានចូលរួមអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអន្តរជាតិលើវិស័យមនុស្សធម៌ បំពេញបេសកកម្មជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ...»។
ដោយឡែកលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសារជូនកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ដោយកោតសរសើរដល់ការលះបង់របស់ពួកគាត់ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនដ៏ស្មោះស្ម័គ្រ។
លោកថ្លែងថា ការធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខសម្រាប់បម្រើដល់ការអភិវឌ្ឍសង្គមជាតិពិតជាមិនអាចកាត់ផ្ដាច់បានឡើយនូវការរួមចំណែកយ៉ាងសំខាន់ពីសំណាក់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារទូទាំងប្រទេស។
លោក ស ខេង ថ្លែងដូច្នេះថា៖ «ខ្ញុំក៏សូមអំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់បំពេញភារកិច្ច និងបង្កើនស្មារតីម្ចាស់ការកាន់តែផុសផុល សំដៅរួមគ្នាបង្កើតនូវសមិទ្ធផលធំៗ និងនាំមកនូវជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជនក្នុងឆ្នាំ ២០២១»។
ចំណែកលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាវិញ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយកម្លាំងចិត្ត និងកម្លាំងបញ្ញារបស់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការវិជ្ជាជីវៈអស់រយៈពេលពេញ ១ ឆ្នាំ ២០២០។
លោកបានបន្តថា ពួកគាត់បានបន្តចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ កម្មវិធីកំណែទម្រង់ និងយុទ្ធសាស្ត្រកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ជាពិសេសការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ដោយឡែកលោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំងក៏បានចេញសារបិទបញ្ចប់ឆ្នាំ ២០២០ ដែរកាលពីថ្ងៃទី ៣១ ធ្នូ ដោយលោកបួងសួងឱ្យឆ្នាំថ្មី ២០២១ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិ ដែលនឹងផ្តល់នូវសន្តិភាព ស្ថិរភាពរឹងមាំ ភាពសុខដុមរមនា ភាពកក់ក្តៅ ជូនដល់ពលរដ្ឋខ្មែរយើង ដើម្បីកសាងវាសនាអនាគតថ្លៃថ្នូរ សម្បូរ រុងរឿង និងដើម្បីរួមគ្នាបម្រើ ការពារ ឯករាជភាពអធិបតេយ្យភាពជាតិបូរណភាពទឹកដី និងការអភិវឌ្ឍ មាតុភូមិកម្ពុជាប្រកបដោយចីរភាព និងកិត្តិយស។
លោក កឹម សុខា សរសេរថា៖ សួស្តីឆ្នាំថ្មី ២០២១! សូមកុំធ្វើឱ្យអ្នកដទៃឈឺចាប់ ដោយសារមហិច្ឆតារបស់ខ្លួន!សូមចែករំលែកសេចក្តីស្រឡាញ់រាប់អាន (មេត្តា) ដើម្បីសេចក្តីសុខទាំងអស់គ្នា សេចក្តីសុខរបស់អ្នក គ្រួសារអ្នក ប្រទេសជាតិអ្នក និងពិភពលោក»។
រីឯលោកស្រី PaulineTamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានចេញសារជាវីដេអូ ដោយលោកស្រីថ្លែងថា ទោះបីកម្ពុជាបានរួចផុតពីវិបត្តិសុខភាព ដូចអ្វីដែលកើតមាននៅប្រទេសជាច្រើន ប៉ុន្តែកម្ពុជាមិនអាចគេចផុតពីផលវិបាកដ៏អាក្រក់ពីការរាតត្បាតនៃកូវីដ ១៩ លើជីវិតរស់នៅជីវភាព និងអនាគតនៃពលរដ្ឋកម្ពុជាងាយរងគ្រោះជាច្រើន។
លោកស្រីបានអរគុណដល់ក្រុមការងារលោកស្រី ជាពិសេសតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងជំងឺនេះ។
លោកស្រីបានបញ្ជាក់ថា៖ «នៅពេលដែលយើងកំពុងឈានជើងចូលទៅកាន់ឆ្នាំថ្មីយើងនៅតែផ្ដោតការយកចិត្តទុកដាក់លើការសង្គ្រោះជីវិត និងបញ្ឈប់ការរាលដាលនៃមេរោគនេះ កាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច សង្គម និងកសាងឡើងវិញឱ្យកាន់តែប្រសើរជាងមុន ដោយក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស»៕