ភ្នំពេញៈ លោក​ ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ​ថ្លែងថា គណបក្ស​ប្រជាជន​បាន​ត្រៀម​រួចស្រេច​ហើយ​នូវ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​នានា​សម្រាប់​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ចៃដន្យ ដែល​អាច​មាន​ពី​ការអនុវត្ត​ភារកិច្ច និង​ដែល​អាច​កើតចេញ​ពី​ឧបាយកល​អាក្រក់​ផ្សេងៗ​ក្នុង​បំណង​ចង់​បំផ្លាញ​ដល់​សង្គមជាតិ​។

ការថ្លែង​របស់​លោក​ ហេង សំរិន ធ្វើឡើង​កាលពី​ថ្ងៃទី​ ១ ​ខែ​កុម្ភៈ​ ក្នុង​ពិធី​បើក​សន្និបាត គណៈកម្មាធិការ​កណ្តាល​លើក​ទី​ ៤២ ដែលមាន​របៀបវារៈ​នៃ​ការបូក​សរុប​លទ្ធផល​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​បន្ត​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​។ ក្នុង​សន្និបាត​នេះ​ក៏មាន​ការពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ដើម្បី​យក​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​ ២០២២ និង​ ២០២៣ ខាងមុខ​នេះ​ផងដែរ​។

ក្នុង​ពិធី​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​នេះ​មាន​ការចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សមាជិក​គណៈ​អចិន្រៃ្តយ៍ សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងអស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សមាជិក​បង្គោល​សំខាន់ៗ​មួយចំនួន​ទៀត​សរុប​មាន​ចំនួន​ ៣ ៤២០ ​រូប​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ រាជធានី​ភ្នំពេញ​។

លោក​ ហេង សំរិន ថ្លែង​ថា​ក្នុង​ដំណើរ​នៃ​ការខិតខំ​ធ្វើឲ្យ​កម្ពុជា​មាន​ការប្រែប្រួល រីកចម្រើន រហូត​ដល់​សព្វថ្ងៃនេះ គណបក្ស​ប្រជាជន​បាន​ជួប​ឧបសគ្គ និង​បញ្ហា​ប្រឈម​ជាច្រើន​ណាស់​ដែល​ត្រូវ​ដោះស្រាយ​។ ប៉ុន្តែ​អាស្រ័យ​ដោយ​ផ្លូវ​ដើរ​ដែល​គណបក្ស​ប្រជាជន​បាន​ជ្រើសរើស គឺជា​ផ្លូវ​ត្រឹមត្រូវ ហើយ​ត្រូវ​បាន​ប្រជាជន​គាំទ្រ និង​ចូលរួម​នៅ​គ្រប់​ដំណាក់កាល ជាហេតុ​នាំឲ្យ​គណបក្ស​ប្រជាជន​អាច​ជម្នះ​បាន​នូវ​រាល់​ឧបសគ្គ និង​ការលំបាក​ទាំងឡាយ​។

លោក​ថ្លែងថា​៖ «​យោងតាម​ស្ថានការណ៍​ពិភពលោក និង​តំបន់​ដែល​បន្ត​ប្រែប្រួល ផ្លាស់ប្តូរ​ឆាប់រហ័ស និង​ស្មុគស្មាញ និង​ផ្អែក​តាម​ការប៉ាន់ស្មាន​នៃ​សភាពការណ៍​កម្ពុជា​នាពេល​ខាងមុខ គណបក្ស​យើង​បាន​ត្រៀម​រួចស្រេច​ហើយ​នូវ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​នានា ដើម្បី​ធ្វើឱ្យ​សម្រេច​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ក៏​ដូចជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​មួយ​ជំហាន​ថែម​ទៀត​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​»​។

លោក​ ហ៊ុន សែន​ (​ស្តាំ​) និង​លោក​ ហេង សំរិន ក្នុង​អង្គសន្និបាត​ពី​ម្សិលមិញ នៅ​កោះពេជ្រ​។ រូបថត SPM

លោក​បន្ថែមថា​៖ «​លើសពីនេះ​ក៏ត្រូវ​ត្រៀម​សម្រាប់​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ចៃដន្យ​ដែល​អាច​កើតមាន​ពី​ការអនុវត្ត​ភារកិច្ច​របស់​យើង និង​ត្រូវ​ត្រៀម​សម្រាប់​ការដោះស្រាយ​ហេតុការណ៍​នានា​ដែល​កើត​ចេញ​ពី​ឧបាយកល​អាក្រក់​ផ្សេងៗ​ក្នុង​បំណង​ចង់​បំផ្លាញ​ដល់​សង្គមជាតិ​យើង​។ ផ្អែកលើ​មេរៀន​បទពិសោធ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជា​បន្តបន្ទាប់​នោះ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ ថា​ដំណើរ​ជាតិ​កម្ពុជា​នឹង​បន្ត​បោះជំហាន​កាន់តែ​ស្វាហាប់​»​។

ប្រធានកិត្តិយស​បក្ស​រូបនេះ​បន្តថា ការ​កាន់អំណាច​នយោបាយ​ម្នាក់ឯង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​ ២០១៨ បាន​ចាប់បង្ខំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បង្កើន​នូវ​ការទទួល​ខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា​។ ក្នុងនោះ​ក៏​ត្រូវ​តែ​ធានា​ឱ្យបាន​នូវ​ធាតុ​ផ្សំ​សំខាន់ៗ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ជាអាទិ៍​គឺ​៖ សន្តិភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រួមមាន សិទ្ធិ​ចូលរួម​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា​។​ល​។ និង​ការបោះឆ្នោត​ទៀងទាត់​តាម​លក្ខណៈ​សេរី ពហុបក្ស ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ជាង​ ១ ​ឆ្នាំ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ជា​អគ្គមគ្គុទេសក៍​ដ៏ឆ្នើម​បាន​ដឹកនាំ​ប្រទេស​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ ធំធេង​ថែម​ទៀត​ដែល​មាន​ជាអាទិ៍​គឺ​៖ ខឿន​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​អំណាច​រដ្ឋ ត្រូវ​បាន​ថែរក្សា​ការពារ​យ៉ាងរឹងមាំ ដំណើរការ​កែទម្រង់​រដ្ឋ​ស៊ីជម្រៅ និង​ទូលំទូលាយ​ត្រូវ​បាន​ជំរុញ​អនុវត្តន៍​ដោយ​ឆន្ទៈ​មុត​ស្រួច និង​មាន​ប្រសិទ្ធភាព​»​។

បើ​យោងតាម​សេចក្តី​ជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​ ៤២ ​បាន​ឲ្យ​ដឹងថា អង្គសន្និបាត​មាន​មោទនភាព​ចំពោះ​ការវិវឌ្ឍ​ដ៏ល្អ​ប្រសើរ​នៃ​សភាពការណ៍​ទូទៅ​របស់​ជាតិ​ដែល​បាន​កំពុង​បន្ត​ទៅ​មុខ​យ៉ាងរឹងមាំ​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការអភិវឌ្ឍ​។ អង្គសន្និបាត​ក៏បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏ជ្រាលជ្រៅ​ចំពោះ​ជនរួមជាតិ​នៅ​គ្រប់ទិសទី​ទាំង​នៅក្នុង និង​ទាំង​នៅក្រៅ​ប្រទេស​ដែល​បាន​ជួយ​ថែរក្សា​សន្តិភាព ហើយ​បាន​ចូលរួម​យ៉ាងសកម្ម ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការរាំងស្កាត់ និង​ធ្វើឲ្យ​បរាជ័យ​នូវ​ឧបាយកល​ដ៏គ្រោះថ្នាក់​របស់​ពួក​ប្រឆាំង​ជ្រុលនិយម​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ផ្លាស់ប្តូរ​របបរាជានិយម​នៅ​កម្ពុជា​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «​អង្គសន្និបាត​ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​ចលនា​បដិវត្តន៍​ពណ៌​កើតឡើង​វិញ​បានឡើយ និង​ជំរុញ​ការអនុវត្ត​វិធានការ​ច្បាប់​ដ៏ម៉ឺងម៉ាត់​ចំពោះ​អង្គការ​ចាត់តាំង ឬ​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​។ បន្ត​ជំរុញ​អនុវត្ត​វិធានការ​មុតស្រួច​នានា ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឲ្យ​បាន​រឹងមាំ​ធ្វើឲ្យ​ប្រជាជន​ទទួល​បាន​នូវ​សន្តិសុខ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រមទាំង​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ធុរជន ក្នុងការបណ្តាក់ទុន និង​ប្រកបមុខរបរ​នានា​នៅ​កម្ពុជា​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ដើម្បី​រក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​ការបោះឆ្នោត និង​គាំទ្រ​ពី​មហាជន​គឺជា​រឿង​ត្រឹមត្រូវ​។ ប៉ុន្តែ​ការប្រើប្រាស់​យុទ្ធសាស្ត្រ​ល្បិច​តាមរយៈ​ការបំភិតបំភ័យ និង​បំបិទ​សិទ្ធិសេរីភាព​របស់​ដៃគូ​ម្ខាង​ទៀត​គឺ​មិន​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​វា​ជា​រឿង​ធម្មតា​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​អំណាច​សម្រាប់​គណបក្ស​មួយ ប៉ុន្តែ​អ្វី​ដែល​ជាការ​ព្រួយបារម្ភ [​គឺ​] ​ផែនការ​ និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​មួយ ដើម្បី​ទប់ស្កាត់ និង​ការបំផ្លាញ​ទៅលើ​ខ្មែរ​ម្ខាង​ទៀត​ដោយ​ចោទ​ថា ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​ប្រទេសជាតិ និង​ធ្វើឲ្យ​មាន​ការយល់ច្រឡំ​រវាង​ខ្មែរ និង​ខ្មែរ​»​។

លោក​បន្ថែមថា​៖ «​ប្រសិនបើ​រាជរដ្ឋាភិបាល​មាន​ការបើកចំហ និង​ទូលំទូលាយ​លទ្ធិប្រជាធិបតេយ្យ ខ្ញុំ​ជឿ​ថា គណបក្ស​ប្រជាជន​នឹង​មាន​ការលំបាក​ក្នុង​ការកាន់កាប់​អំណាច​បន្តទៀត​ដោយសារ​តែ​ប្រជាពលរដ្ឋ​ចង់បាន​របៀប​ដឹកនាំ​ថ្មី និង​អ្នកដឹកនាំ​ថ្មី​»​។

ជាមួយ​គ្នា​នេះ​សេចក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹងថា អង្គសន្និបាត​បាន​ពិនិត្យ និង​វាយតម្លៃ​ថា ចលនា​នៃ​កំណែទម្រង់​ស៊ីជម្រៅ​នៅ​គ្រប់​ថ្នាក់ និង​គ្រប់ផ្នែក​បានសម្រេច​សមិទ្ធផល​ធំៗ​យ៉ាងច្រើន ជាពិសេស​កំណែទម្រង់​រដ្ឋបាល​សាធារណៈ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការប្រឆាំង​អំពើ​ពុករលួយ​។ សន្និបាត​ក៏បាន​ជំរុញ​មន្ត្រី​នយោបាយ​គ្រប់​ថ្នាក់ និង​គ្រប់ផ្នែក​បន្ត​ជំរុញ​អនុវត្ត​ដោយ​ឆន្ទៈ​មោះមុត​ស្មើ​ដៃ​គ្នា​នូវ​ការកែទម្រង់​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន មិនអាច​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​អង្គសន្និបាត​គណៈកម្មាធិការ​កណ្តាល​នេះ​បាន​ទេ កាលពី​ម្សិលមិញ​៕