ភ្នំពេញៈ គណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនៃក្រសួងយុត្ដិធម៌កំពុងពិនិត្យបញ្ជីឈ្មោះទណ្ឌិតចំនួន ៣៩៩ នាក់ស្ដ្រី ៤៣ នាក់ដើម្បីដាក់ក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខែមេសាខាងមុខ បន្ទាប់ពីគណៈកម្មការរាជធានី-ខេត្តចំនួន ២២ និងគណៈកម្មការក្រសួងមហាផ្ទៃបានដាក់សំណើមក។
លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះគណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដែលមានរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គ វង្ស វឌ្ឍានា ជាប្រធានបានទទួលសំណើពីគណៈកម្មការរាជធានី-ខេត្តចំនួន ២២ (ពន្ធនាគារ ២២) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន ៤)។ គណៈកម្មការជាតិបានទទួលសំណើអនុគ្រោះទោសដល់ទណ្ឌិតសរុប ៣៩៩ នាក់ក្នុងនោះមានទណ្ឌិតជាស្ដ្រីចំនួន ៤៣ នាក់ដើម្បីយកមកពិនិត្យ និងវាយតម្លៃផ្ដល់ភាពអនុគ្រោះទោសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខែមេសាខាងមុខ។
លោកថ្លែងថា៖ «សម្រាប់ប្រភេទបទល្មើសដែលយើងពិនិត្យឃើញនៅក្នុងសំណើដែលបានធ្វើមកនេះគឺមានបទល្មើសច្រើនក្នុងនោះក៏មានបទល្មើសគ្រឿងញៀនផងដែរ។ ក៏ប៉ុន្ដែសម្រាប់ការពិនិត្យរបស់គណៈកម្មការជាតិ បានធ្វើការពិនិត្យទី ១ សម្រាប់បទល្មើសគ្រឿងញៀនគឺយើងមិនយកមកពិនិត្យផ្ដល់ភាពអនុគ្រោះនោះទេគឺគ្រប់បទល្មើសគ្រឿងញៀនទាំងអស់។ ទី ២ បទល្មើសដែលមានភាពសាហាវយង់ឃ្នង ព្រៃផ្សៃ ក៏យើងមិនយកមកធ្វើការពិនិត្យផ្ដល់ភាពអនុគ្រោះទោសដែរ»។
លោក សន្តិភាព បានបញ្ជាក់ថា៖ «យើងផ្ដល់ភាពអនុគ្រោះទៅលើប្រភេទបទល្មើសស្រាលប្រភេទទណ្ឌិតដែលទទួលអនុវត្ដទោសបានតាមលក្ខខណ្ឌ ហើយសល់រយៈពេលតិចតួច សល់រយៈពេលខ្លី ឬមួយក៏ជាទណ្ឌិតដែលមានភាពចាស់ជរានៅក្នុងពន្ធនាគារមានជំងឺរ៉ាំរ៉ៃ ឬក៏ជាទណ្ឌិតដែលមានពិការភាពជាដើម។ ដូច្នេះហើយយើងបានធ្វើការពិនិត្យល្អិតល្អន់ណាស់ចំពោះចំនួនទណ្ឌិតដែលត្រូវស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនេះគឺគណៈកម្មការជាតិបានពិនិត្យវាយតម្លៃរួចរាល់អស់ហើយនៅរង់ចាំតែឯកសារមួយចំនួនដើម្បីបំពេញបង្គ្រប់ដែលអាចនឹងរួចរាល់នៅសប្ដាហ៍ក្រោយ»។
មន្ត្រីនាំពាក្យរូបនេះ បានអះអាងទៀតថា រាល់ទណ្ឌិតដែលបានដាក់ស្នើមកនោះ គណៈកម្មការជាតិមិនបានពិនិត្យទៅលើថា តើទណ្ឌិតទាំងនោះជាសកម្មជនគណបក្សណាទេ។ ក្នុងឯកសាររបស់តុលាការក៏មិនបានធ្វើការកំណត់អត្ដសញ្ញាណថា ទណ្ឌិតនោះជាសកម្មជនបក្សណាមួយដែរ។
លោក គឹម សន្តិភាព បញ្ជាក់ថា៖ «យើងពិនិត្យពាក់ព័ន្ធតែចំពោះការប្រព្រឹត្ដបទល្មើសរបស់ទណ្ឌិតតែប៉ុណ្ណោះ ចង់ពួកគាត់ជាសកម្មជនបក្សណាក៏ដោយ ក៏ទទួលទោសដូចគ្នា ហើយមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
គួរបញ្ជាក់ថាកាលពីអំឡុងពិធីបុណ្យអុំទូកក្នុងឆ្នាំ ២០១៩ កន្លងមក គណៈកម្មការជាតិពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតដែលបានលើកសំណើសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨ នាក់)។ ជាលទ្ធផលអង្គប្រជុំបានសម្រេចធ្វើសំណើគោរពជូនប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៩០ នាក់ (ស្រី ១៧ នាក់)៕