ភ្នំពេញៈ អ្នកទោសចំនួន ៣៤ នាក់ត្រូវបានបន្ទូរបន្ថយ និង លើកលែងទោស នៅថ្ងៃបុណ្យវិសាខបូជា ខណៈដែលមានការស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសពីព្រះមហាក្សត្រជាង ២០០ នាក់។
មានអ្នកទោសតែម្នាក់ប៉ុណ្ណោះដែលទទួលបានការលើកលែងទោស ចំណែកឯ ៣៣ នាក់ផ្សេងទៀត ត្រូវបានបន្ទូរបន្ថយទោសចាប់ពី ១២ ខែ ៩ ខែ និង ៦ ខែ។ អ្នកទោសប្រមាណ ២២៨ នាក់ដែលកំពុងនៅក្នុងពន្ធនាគារចង្អៀតណែនតាន់តាប់របស់ប្រទេសកម្ពុជា បានស្នើសុំការលើកលែងទោស នៅមុនថ្ងៃបុណ្យវិសាខបូជា។
អ្នកនាំពាក្យក្រសួង យុតិ្តធម៌ លោក ជិន ម៉ាលីន បានថ្លែងថា៖ «ជាទូទៅ អ្នកដែលទទួលបានការលើកលែងទោស ឬបន្ធួរបន្ថយទោស គឺជាអ្នកដែលបានប្រព្រឹត្តបទល្មើលស្រាលៗមិនមែនជាបទឧក្រិដ្ឋធ្ងន់ធ្ងរទេ»។
លោកបន្ថែមថា៖ «មិនមានបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូចករណីប្លន់ករណីឃាតកម្ម ករណីរំលោភនោះទេ ប៉ុន្តែជាករណីតូចតាច ដូចជាករណីលួចឆក់ ឬ រំលោភសេចក្តីទុកចិត្តជាដើម»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ម្នាក់ទៀតគឺលោក គីម សន្តិភាពបានថ្លែងថា ក្នុងចំណោមអ្នកដែលបានទទួលការបន្ទូរបន្ថយទោស គឺមានស្ត្រីម្នាក់ ប៉ុន្តែមិនបានបញ្ជាក់ថា តើគាត់មានផ្ទៃពោះ ឬមានកូននៅក្នុងគុកនោះទេ។
ការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីសប្ដាហ៍មុន បានគូសបញ្ជាក់អំពីការកើនឡើងយ៉ាងខ្លាំង នៃចំនួនកុមារតូចៗ នៅក្នុងពន្ធនាគារចំពេលមានយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏ក្តៅគគុករបស់អាជ្ញាធរប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស ទោះបីជាមានការលើកលែងទោសមួយចំនួន ចំពោះស្ត្រីដែលមានផ្ទៃពោះ និង ស្ត្រីដែលមានកូននៅក្នុងពន្ធនាគារ កាលពីឆ្នាំ ២០១៥ ក្តី។
មានការលើកលែងទោសនិងបន្ធួរបន្ថយទោស ចំពោះអ្នកទោសចំនួន ៥០ នាក់នៅមុនបុណ្យចូលឆ្នាំខ្មែរ ដែលបានប្រព្រឹត្តរួចមកហើយនាពេលថ្មីៗកន្លងមកនេះ។ ក្នុងចំណោមអ្នកទាំងនោះមាន ៨ នាក់ត្រូវបានលើកលែងទោស។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាថា គ្មានការលើកលែងទោសណាមួយ ទៅឱ្យសមាជិកគណបក្សដែលត្រូវបានរំលាយនោះទេ នៅមុនការបោះឆ្នោតជាតិដែលនឹងចូលមកដល់នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខ ដោយបានប្រាប់អ្នកទោសនយោបាយទាំងនោះថា ពួកគេត្រូវរង់ចាំរយៈពេល ១០ ឆ្នាំទៀតនៅពេលដែលមាននាយករដ្ឋមន្ត្រីថ្មី៕ NS