ភ្នំពេញៈ ទណ្ឌិត ៣២១ នាក់ត្រូវបានស្នើសុំឲ្យមានការលើកលែង និង បន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រារព្ធធ្វើនៅពាក់កណ្ដាលខែមេសានេះ ខណៈក្រសួងយុត្តិធម៌ និង ស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យពិចារណាការស្នើសុំ នៅថ្ងៃពុធនេះ ក្នុងក្រសួងយុត្តិធម៌។
លោក សុច សុផាណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការណ៍នៃក្រសួងយុត្តិធម៌បានថ្លែងប្រាប់នៅព្រឹកថ្ងៃពុធ ទី០៤ មេសានេះថា មានទណ្ឌិតសរុប ៣២១ នាក់ ក្នុងនោះមានស្ត្រី ២៨ នាក់។ លោកនិយាយថា ទណ្ឌិតទាំងនេះកំពុងជាប់ពន្ធនាគារខេត្តក្រុងចំនួន ២០ និង មណ្ឌលអប់រំកែប្រចំនួន ៤។
លោកថ្លែងថា ការស្នើសុំបន្ធូរបន្ថយទោសអាចធ្វើទៅបានសម្រាប់ទណ្ឌិតដែលបានអនុវត្តទោសបាន១ភាគ៣នៃទោសសរុប ហើយទណ្ឌិតអាចសុំលើកលែងទោសបាននៅពេលពួកគេបានអនុវត្តទោស ២ ភាគ ៣។
លោកថ្លែងថាចំពោះគោលការណ៍ដែលក្រសួងពាក់ព័ន្ធសម្រេចយល់ព្រមបន្ធូរបន្ថយនោះ អាស្រ័យលើ «ការកែប្រែរបស់ទណ្ឌិតក្នុងពន្ធនាគារ ភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ ជាពិសេសសាលក្រមសាលដីកាស្ថាពរ។
លោកថ្លែងថា៖« អ្វីដែលកែប្រែគឺយើងពិនិត្យលើទណ្ឌិតដែលគាត់អនុវត្តល្អមានការប្រឡងប្រណាំងនៅក្នុងពន្ធនាគារ ហើយការស្នើសុំនេះធ្វើឡើងតាមឋានុក្រម គឺគណៈកម្មការខេត្ត ដឹកនាំដោយអភិបាលខេត្ត និងស្ថានអយ្យការនិងស្ថាប័នពាក់ព័ន្ធ»។
លោក សុផាណារ៉ា និយាយថាក្រសួងពាក់ព័ន្ធនឹងមិនពិចារណាលើការស្នើសុំរបស់ទណ្ឌិតដែលមិនរាងចាល ឬបានប្រព្រឹត្តបទល្មើសកាចសាហាវដែលមានព្យសនកម្មធ្ងន់ធ្ងរ។
ក្នុងចំណោម ៣២១ នាក់ មានជនបរទេសប្រហែល ១០ ភាគរយ រួមមានជនជាតិចិនផងដែរ។
ទាក់ទងនឹងអ្នកជាប់ទោសរឿងនយោបាយ លោកសុផាណារ៉ា និយាយថា ក្នុងតារាងឈ្មោះទាំង ៣២១ នេះ មិនមានបញ្ជាក់ថាអ្នកណាមានតួនាទីអ្វីទេ ដោយសារគណៈកម្មការពិនិត្យតែឈ្មោះ បទល្មើស ការកែប្រែខ្លួន និងឯកសារដែលភ្ជាប់មកជាមួយ។
នៅពេលសួរថាមានឈ្មោះអ្នកស្រី ទេព វន្នី ស្ថិតក្នុងបញ្ជីឈ្មោះទាំង ៣២១ នោះ លោក សុច សុផាណារ៉ា និយាយថា៖ «ឈ្មោះនេះ គណៈកម្មការ ក៏ដូចជាលេខាធិការដ្ឋានមិនបានឃើញមានឈ្មោះនេះទេ»។
កាលពីខែមីនា លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកនឹងមិនលើកលែងទោសដល់អ្នកទោសនៃអតីតគណបក្សប្រឆាំងឡើយ។
លោកថ្លែងថា៖«សូម្បីអាអ្នកជាប់គុកនៅភ្នំពេញ ដែលសុំលើកលែងទោស ជាប់គុកបន្ថែមដែរ គ្មានលើកឲ្យឯងទេ ដោយសារតែអាពួកអាមេចង្រៃ វាធ្វើសកម្មភាពបែបហ្នឹង អ៊ីចឹងសុំបន្តជាប់គុកតទៅទៀតទៅ…អ្នកខ្លះសុំមកខ្ញុំតើ ផ្ញើតាមទូតផង ផ្ញើតាមអ្នកនេះផង ឯងដោះលែង ហុង សុខហួរ មួយ គេថាអាហ្នឹងសម្ពាធអន្តរជាតិ អើ អ៊ីចឹង បើកាលណានៅបន្តធុនហ្នឹង អញមិនលើកលែងឲ្យអាណាទេ...ពីព្រោះអាខ្លះ សាលក្រមអត់ទាន់ចូលស្ថាពរទេណា នៅក្ដីនៅឡើយទេ»៕