ភ្នំពេញៈ ទណ្ឌិត​ ៨៤ ​នាក់ ស្រី​ ៨ ​នាក់​​ ក្នុងចំណោម​ទណ្ឌិត​សរុប​ ២៧៣ ​នាក់ ស្រី​ ២៤ ​នាក់​ ដែល​បានស្នើសុំ​លើកលែងទោស​ត្រូវ​បាន​ក្រសួង​យុត្ដិធម៌​ធ្វើសំណើ​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​ទូលថ្វាយ​ព្រះមហាក្សត្រ​ផ្ដល់​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ក្នុង​ពិធីបុណ្យ​វិសាខបូជា ខណៈ​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ទូទាំង​ពិភពលោក​បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​នៅ​ថ្ងៃទី​ ៦ ឧសភា​។

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង ពីថ្ងៃ​ទី​ ៦ ឧសភា ថា ក្រោយពី​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ក្នុងឱកាស​ពិធីបុណ្យ​វិសាខបូជា​ឆ្នាំ​ ២០២០ អង្គប្រជុំ​បាន​សម្រេច​ធ្វើសំណើ​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​ និង​សម្រេច​ទូលថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ការផ្តល់​ការអនុគ្រោះ​ និង​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​សរុប​ ៨៤ ​នាក់​។ ក្នុងនោះ​មាន​ស្រី​ ៨ ​នាក់​នៃ​ទណ្ឌិត​សរុប​ចំនួន​ ២៧៣ ​នាក់ ស្រី​ ២៤ ​នាក់​ ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស​។

លោក​ថា​៖ «​ការផ្តល់​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ទាំង​ ៨៤ ​នាក់​នោះ រួមមាន​បន្ថយទោស​ ៦ ​ខែ​ចំនួន​ ៣៤ ​នាក់ ស្រី​ ៣ ​នាក់​។ ​បន្ថយទោស​ ៩ ​ខែ ចំនួន​ ២១ ​នាក់ ស្រី​ ១ ​នាក់​។ បន្ថយទោស​ ១២ ​ខែ​ចំនួន​ ១៩ ​នាក់ ស្រី​ ២ ​នាក់ និង​លើកលែងទោស​ចំនួន​ ១០ ​នាក់ ស្រី​ ២ ​នាក់​»​។

រាល់​ឆ្នាំ​រដ្ឋាភិបាល​រៀបចំ​ឲ្យ​មាន​ការបន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ ៣ ​ដង​ក្នុង ១ ​ឆ្នាំៗ​ដោយ​ធ្វើឡើង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ បុណ្យ​វិសាខបូជា និង​បុណ្យអុំទូក​បណ្ដែត ប្រទីប និង​សំពះ​ព្រះខែ​។ កាលពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ ២០២០ ​នេះ​ទណ្ឌិត​ ១៥៥ ​នាក់​ ត្រូវ​បាន​ព្រះមហាក្សត្រ​បន្ធូរបន្ថយ និង​លើកលែងទោស​តាម​សំណើ​រាជរដ្ឋាភិបាល​ផងដែរ​។

លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន កាលពី​ថ្ងៃបុណ្យ​វិសាខបូជា​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ថា ថ្ងៃ​ ១៥ ​កើត​ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពស​ ២៥៦៣ ដែល​ត្រូវ​នឹង​ថ្ងៃទី​ ៦ ឧសភា ឆ្នាំ​ ២០២០ គឺជា​ថ្ងៃបុណ្យ​វិសាខបូជា ដែលជា​ថ្ងៃសីល​ផងដែរ​។ មិន​ថា តែ​នៅ​កម្ពុជា​ទេ គឺ​នៅថ្ងៃ​នេះ​ពុទ្ធសាសនិក​ជន​ទូទាំង​ពិភពលោក​ក៏បាន​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​សាសនា​ដ៏សំខាន់​ខាងលើនេះ​ផងដែរ​។

លោក​ ហ៊ុន សែន បន្ដថា​៖ «​បុណ្យ​វិសាខបូជា គឺជា​ពិធីបុណ្យ​សាសនា​ដ៏សំខាន់​បំផុត​ក្នុងចំណោម​បុណ្យ​សាសនា​ដទៃៗ​ទៀត​ពីព្រោះ​ពិធីបុណ្យ​នេះ គឺ​បាន​បង្ហាញ​នូវ​ការគោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​ ៣ ​នៃ​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រសូត​បាន​ត្រាស់ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​។ ព្រឹត្តិការណ៍​ទាំង​ ៣ ​នេះ​គឺ​កើតឡើង​ចំ​ថ្ងៃ​ ១៥ ​កើត​ខែ​ពេញ​បូណ៌មី ដែល​មាន​ព្រះចន្ទ​ពេញវង់​ក្នុង​ខែ​ពិសាខ ដូចគ្នា​ខុស​តែ​ឆ្នាំ​តែ​ប៉ុណ្ណោះ​»​។

លោក​រំឭកថា​កាលពី​ថ្ងៃទី​ ១៥ ធ្នូ ឆ្នាំ​ ១៩៩៩ អង្គការ​សហប្រជាជាតិ​ប្រកាស​ទទួលស្គាល់ «​វិសាខបូជា​» ​ជា​ពិធីបុណ្យ​សាសនា​អន្តរជាតិ ដែល​បុគ្គលិក​ធ្វើការ និង​សាធារណជន​អាច​ប្រារព្ធ​ធ្វើ​បាន​នៅ​ទូទាំង​ពិភពលោក​ទៀតផង​៕