ភ្នំពេញៈ ​ថ្ងៃ​ ១០ ​កុម្ភៈ​គឺជា​ថ្ងៃ​ដែល​កម្ពុជា​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូវីដ​១៩​ជា​លើកដំបូង​នៅ​ទីតាំង​ ៤ ​កន្លែង​ខុសៗ​គ្នា​នៅ​ភ្នំពេញ បន្ទាប់ពី​ទទួល​បាន​វ៉ាក់សាំង​ពី​ចិន​ចំនួន​ ៦០ ​ម៉ឺនដូស ​ឈ្មោះថា​ Sinopharm​។

ការចាក់​ដំបូង​នេះ រដ្ឋាភិបាល​បាន​កំណត់​យក​អ្នកស្ម័គ្រចិត្ត​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ទូទាំង​ប្រទេស និង​កូនៗ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ពលរដ្ឋ​។ ​ទាំងនេះ​គឺជា​ទស្សនៈ​របស់​អ្នកទទួល​បាន​វ៉ាក់សាំង​លើកដំបូង ខណៈ​អ្នក​ស្ម័គ្រចិត្ត​ខ្លះ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាក់​ដោយសារ​កត្តា​សុខភាព​។

លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​បាន​ថ្លែង​ក្នុងពេល​ទទួល​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា ការទទួល​បាន​វ៉ាក់សាំង​នេះ​គឺជា​រឿង​សំខាន់​បំផុត​ដើម្បី​ការពារ​ការរីករាលដាល​ជំងឺ​កូវីដ​នៅក្នុង​ប្រទេស​។ ​លោក​មាន​មោទនភាព​ដែល​បាន​ចាក់​វ៉ាក់សាំង​​ដើម្បី​ការពារ​ជំងឺ​នេះ ហើយ​ក៏​អាចមាន​ទំនុកចិត្ត​ជាង​មុន ក្នុង​ការបំពេញ​ការងារ​បម្រើ​ពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ក្រោយពី​ចាក់​ហើយ ដូច​អត់​មានអី​ផង និយាយបាន​ធម្មតា នៅ​ល្អ​ប្រសើរ ហើយ​ចាក់​មិន​ឈឺ​ផង​។ ខ្ញុំ​អត់​ (​ព្រួយបារម្ភ​) ទេ សុវត្ថិភាព​ជា​ចម្បង ទី​ ១ ថ្នាំ​នេះ ទោះបី​ជា​ទើប​​រកឃើញ​មែន តែ​បច្ចេកវិទ្យា​ដែល​ជា​មូលដ្ឋាន​សម្រាប់​ការបង្កើត​ថ្នាំ មាន​យូរ​មកហើយ​។

គេ​សិក្សា​យូរ​មកហើយ​ដែល​ប្រទេស​ផ្សេងៗ​គេ​អនុវត្ត និង​ប្រើប្រាស់​ទៅលើ​ថ្នាក់ដឹកនាំ​»​។

មិន​ខុសគ្នា​ទេ លោកស្រី បាន ស្រីមុំ ដែលជា​អភិបាលខេត្ត​ប៉ៃលិន ដែល​បានមក​ទទួល​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ថា បន្ទាប់ពី​បាន​វ៉ាក់សាំង​នេះ​ប្រមាណ ២០ ​នាទី លោកស្រី​មាន​អារម្មណ៍​ធម្មតា ដោយ​មិនមាន​អាការ​ប្លែក​ទេ​។ ​លោកស្រី​ថា មុន​ចាក់ គ្រូពេទ្យ​បាន​សួរ​ពី​ស្ថានភាព​ជាច្រើន​ដើម្បី​ឱ្យ​ប្រាកដ​ថា​ពេល​យើង​ចាក់​រួច​​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​។

លោកស្រី​បញ្ជាក់​៖ «​ក្នុងនាម​ខ្ញុំ ជា​ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី សុំ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង កុំ​មាន​ការភ័យខ្លាច​។

យើង​ត្រូវ​គិតថា វ៉ាក់សាំង​មុន​នឹង​​ចេញមក​ប្រើប្រាស់ ទោះបី​មាន​ជន​អគតិ​មួយ​ចំនួន ដែល​បំផុស​យក​រឿង​វ៉ាក់សាំង​ជា​នយោបាយ​ឱ្យ​ពលរដ្ឋ​មាន​ការភ័យខ្លាច ព្រោះ​ធាតុពិត​គឺ​មិនមែន​ទេ​»​។

រីឯ​លោក លី តៃសេង ចាងហ្វាង និង​ជា​អគ្គនាយក​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍ ដែល​បាន​ចូលរួម​ចាក់​វ៉ាកសាំង​លើកដំបូង​នៅ​មន្ទីរពេទ្យ​កុមារជាតិ​បាន​ថ្លែងថា លោក​មាន​សេចក្តី​រីករាយ និង​ជំនឿ​ចិត្ត​លើ​វ៉ាក់សាំង COVID-19 ​របស់​ចិន​។

លោក​យល់​ថា ដំណើរការ​រៀបចំ និង​ការចាក់​វ៉ាក់សាំង​ជា​លើកដំបូង​នេះ​គឺ​ប្រព្រឹត្ត​ទៅ​បាន​ល្អ ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​របស់​គ្រូពេទ្យ​ខ្មែរ ចំណែក​ការផ្តល់​វ៉ាក់សាំង គឺជា​ជំហាន​វិជ្ជមាន​មួយ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដែល​បាននិង​កំពុង​ឆ្លង​រាលដាល​ពេញ​លើ​ពិភពលោក​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ចិន​ដែល​បាន​ជួយផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ខិតខំ​ស្វះស្វែង​រក​វ៉ាក់សាំង​មកចាក់​ឱ្យ​ប្រជាជន​។ ប្រជាពលរដ្ឋ​គួរ​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ចាក់​វ៉ាក់សាំង ដើម្បី​សុវត្ថិភាព និង​សុខភាព​ផ្ទាល់ខ្លួន​ក្រុមគ្រួសារ​​ និង​ជនរួមជាតិ​ទាំងមូល​»​។

យ៉ាងណាក្ដី​តាម​ការសង្កេត​តាម​ទីតាំង​ទាំង​ ៤ ក្នុង​រាជធានីភ្នំពេញ​ក៏​មាន​មនុស្ស​មួយចំនួន​តូច​ត្រូវបាន​គ្រូពេទ្យ​បដិសេធ​ចាក់​វ៉ាក់សាំង​នេះដែរ​ដោយសារ​​តែ​កត្តា​សុខភាព​របស់​ពួកគេ​។

លោក ហ៊ុន ម៉ានី ជា​កូនប្រុស​ទី​៣ របស់លោក ហ៊ុន សែន ដែល​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ជា​លើកដំបូង​នៅ​មន្ទីរពេទ្យ​កាលម៉ែត ដោយសារ​បញ្ហា​សុខភាព​បាន​ថ្លែង​ថា លោក​បានមក​ពិគ្រោះ​ដើម្បី​ទទួល​បាន​ការចាក់​វ៉ាក់សាំង​នេះ​។ ប៉ុន្តែ​ដោយសារ​លោក​កំពុងមាន​ជំងឺ​ផ្តាសាយធំ គ្រូពេទ្យ​ក៏បាន​ណែនាំ​លោក​ឱ្យ​រង់ចាំ​រយៈពេល​ ២ សប្តាហ៍​សិន ទើប​អាច​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​បាន​។

ជាមួយ​នឹង​ការខកខាន​នេះ​លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​រំពឹង​ថា លោក​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​នេះ​នៅ​រយៈពេល​ ២ ​សប្តាហ៍ បន្ទាប់ពី​ស្ថានភាព​ជំងឺ​ផ្តាសាយ​លោក​បាន​ធូរស្បើយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពគត់មត់​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​យើង​​ដែល​បាន​បំពេញភារកិច្ច​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​។ ​ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​សូម​សម្ដែង​នូវ​ការដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​សម្រេចចិត្ត​ផ្តល់​ឱកាស​ឱ្យ​ថ្នាក់ដឹកនាំ​វ័យក្មេង​យើង​រួម​នឹង​អ្នក​ដែល​ងាយ​នឹង​រងគ្រោះ​ដទៃទៀត​បាន​ចាក់​នូវ​វ៉ាក់សាំង​នេះ ដោយ​ឥតគិតថ្លៃ និង​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ក្រោយពី​បាន​សិក្សា និង​វាយតម្លៃ​ច្បាស់លាស់​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ​»​។

តាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា​បានឱ្យ​ដឹងថា តួលេខ​បណ្ដោះអាសន្ន​ចំពោះ​អ្នក​ស្ម័គ្រចិត្ត​បញ្ជូន​ឈ្មោះ​មក​ទទួល​វ៉ាក់សាំង​លើកដំបូង​នៅ​ទីតាំង​ទាំង​ ៤ ពី​ម្សិលមិញ​គឺមាន​ប្រមាណ​ ៥០០ ​នាក់ ខណៈ​ការផ្តល់​​វ៉ាក់សាំង​នេះ​នឹង​បន្ត​រហូត​ដល់​វ៉ាក់សាំង​ដែល​ទទួល​បាន​ជា​លើកដំបូង​អស់​ពី​ឃ្លាំង​៕