ភ្នំពេញៈ ទាព្រៃស្លាបសប្រមាណពី ២០-៣០ ក្បាល ដែលបានដាក់នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ [International Union for Conservation of Nature and Natural Resouse (IUCN)] ជាប្រភេទសត្វជិតផុតពូជនៅក្នុងលោកនេះ កំពុងមានវត្តមានរស់នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនៅក្នុងខេត្តព្រះវិហារ ខណៈដែលវត្តមានពពួកសត្វនេះនៅរស់លើពិភពលោកមានចំនួនតិចជាង ១ ០០០ ក្បាលប៉ុណ្ណោះ។ នេះបើយោងតាមលោក ថាន់ ស៊ីថាន ទីប្រឹក្សាបច្ចេកទេសផ្នែកជីវភាពសហគមន៍នៃអង្គការ WCS។
លោក ថាន់ ស៊ីថាន បានថ្លែងថា ទាព្រៃស្លាបសមានចំនួនតិចតួចនៅក្នុងតំបន់ខ្លះនៃបណ្ដាខេត្តផ្សេងទៀតកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែចំនួននេះមិនត្រូវបានកត់ត្រាថ្មីនោះទេ។ ទោះជាយ៉ាងណាក៏ដោយក្នុងឆ្នាំ ២០២០ នេះមេទាព្រៃស្លាបស ១ ក្បាលដែលរស់នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព វាពងបានចំនួន ៨ ប៉ុន្ដែញាស់បានតែ ៥ ប៉ុណ្ណោះ។
ដូច្នេះបូកទាំងពងដែលញាស់ថ្មីនេះ ទាព្រៃស្លាបស នៅកម្ពុជាអាចមានចន្លោះចាប់ពី ២០-៣០ ក្បាល។ អង្គការ WCS ប្រចាំកម្ពុជាបានចេញផ្សាយរូបភាពកូនទាព្រៃ ស្លាបស ១ ក្បាល ខណៈដែលវាបានចាកចេញពីសំបុករបស់វាក្នុងរន្ធដើមឈើជាមួយមេរបស់វា បានធ្វើឲ្យក្រុមការងារអភិរក្សជឿថា កូនទាព្រៃ ស្លាបសនេះគឺជាកូនទាព្រៃស្លាបស ១ ក្នុងចំណោមកូនទាព្រៃស្លាបស ៥ ក្បាល ដែលក្រុមការងារបានតាមដាននៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
អង្គការ WCS ប្រចាំកម្ពុជាឲ្យដឹងថា ទាព្រៃស្លាបសទាំងនេះចូលចិត្តធ្វើសំបុកនៅក្នុងរន្ធឈើ នៅលើដើមឈើចាស់ៗ។ តែគួរឱ្យសោកស្តាយ ដើមឈើប្រភេទនេះប្រឈមខ្ពស់ទៅនឹងការកាប់យកទៅលក់ខុសច្បាប់។ ទាព្រៃស្លាបសបច្ចុប្បន្នត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជនៅលើពិភពលោក មានវត្តមាននៅសេសសល់ក្នុងទីជម្រកធម្មជាតិតិចជាង ១ ០០០ ក្បាល។
លោក សាយម៉ុន ម៉ាហ៊ូដ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ WCS បានថ្លែងថា៖ «ទាព្រៃស្លាបសគឺជាប្រភេទសត្វព្រៃដ៏សំខាន់។ ទីជម្រករបស់វាមានលក្ខណពិសេស ហើយយើងត្រូវតែអភិរក្សទីជម្រកទាំងនេះដើម្បីការពារប្រភេទសត្វនេះ ព្រមទាំងប្រភេទសត្វដទៃៗទៀត។ លទ្ធផលនៃការអង្កេតតាមដាននេះមានលក្ខណៈវិជ្ជមាន និងបង្ហាញច្បាស់ថា តាមរយៈការចូលរួមពីសហគមន៍ និងមានកិច្ចសហការរឹងមាំក្នុងភាពជាដៃគូរវាងភាគីពាក់ព័ន្ធទាំងអស់ធ្វើឱ្យកិច្ចប្រឹងប្រែងអភិរក្សអាចទទួលបានជោគជ័យ»។
អង្គការ WCS ប្រចាំកម្ពុជាបានបញ្ជាក់ថា ខ្លួនកំពុងសហការជាមួយមន្ទីរបរិស្ថានខេត្ត និងដៃគូដទៃទៀតបាននិងកំពុងធ្វើការជាមួយប្រជាសហគមន៍នៅក្នុងតំបន់ដើម្បីការពារប្រភេទសត្វដ៏សំខាន់នេះ អស់រយៈពេល ១០ ឆ្នាំកន្លងមកហើយ លទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រេចបានតាមរយៈដៃគូសហការដ៏ល្អនេះ៕