ភ្នំពេញៈ ក្រុមហ៊ុន CMVICInspection កាលពីម្សិលមិញបានបើកដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ១ កន្លែងថ្មីទៀតនៅតាមផ្លូវ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដើម្បីបង្កភាពងាយស្រួលដល់ម្ចាស់យានយន្តក្នុងការទទួលបានសេវាកម្មតាមកំណត់ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបំពុលបរិស្ថាន។
នេះជាទីតាំងទី ៤ ហើយនៅរាជធានីភ្នំពេញ ខណៈ ៣ ទីតាំងទៀតនៅក្នុងខណ្ឌដង្កោ (ផ្លូវជាតិលេខ ២១៧) ខណ្ឌច្បារអំពៅ (ផ្លូវជាតិលេខ ១) និងខណ្ឌជ្រោយចង្វារ (ផ្លូវ ៦A)។
លោក ម៉ែន ភក្ដិ ប្រធានក្រុមបច្ចេកទេសប្រចាំមជ្ឈមណ្ឌលថ្មីនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាមជ្ឈមណ្ឌលមានឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទំនើប និងស្វ័យប្រវត្តិដែលអាចដំណើរការបានឆាប់រហ័ស និងងាយស្រួលបំផុត។
លោកថា៖ «ក្នុងរថយន្ត ១ គ្រឿងយើងចំណាយពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ សម្រាប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់វា»។
លោកបានបន្តថា មជ្ឈមណ្ឌលថ្មីនេះមានច្រកសម្រាប់ឲ្យរថយន្តចូលត្រួតពិនិត្យចំនួន ៣ ខ្សែដែលក្នុង ១ ខ្សែៗមានសមត្ថភាពអាចត្រួតពិនិត្យយានយន្តបានរហូត ៣០០ គ្រឿងក្នុង ១ ថ្ងៃ។
ថ្លែងក្នុងពិធីបើកឲ្យដំណើរការនូវមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា នៅឆ្នាំនេះមានរថយន្តប្រមាណ ៣០ ម៉ឺនគ្រឿងប៉ុណ្ណោះដែលត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានត្រឹមត្រូវតាមកាលកំណត់ក្នុងចំណោមប្រមាណ ៦០ ម៉ឺនគ្រឿងដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវ។
លោកថ្លែងថា៖ «អ៊ីចឹងទេ មានរថយន្តជាង ៣០ ម៉ឺនគ្រឿងទៀតដែលផុតសុពលភាព និងមិនទាន់បានចូលមកឆៀកឲ្យបានត្រឹមត្រូវ...»។
លោកបានបន្តថា តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សក្នុង ១ ថ្ងៃជាមធ្យម ៥ នាក់ និង ១១ នាក់ទៀតរងរបួស។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបង្កឡើងដោយកត្តាមនុស្ស បន្ទាប់មកកត្តាយានយន្ត និងកត្តាផ្លូវ។
ជាមួយគ្នានេះលោក ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុនពង្រីកទីតាំងបន្ថែម ថ្វីបើតាំងពីឆ្នាំ ២០០០ មកក្រុមហ៊ុនបើកបាន ១៣ កន្លែងដោយ ៤ កន្លែងនៅភ្នំពេញ និង ៩ កន្លែងទៀតនៅតាមខេត្តព្រមទាំងមានរថយន្តត្រួតពិនិត្យបច្ចេកទេសយានយន្តចល័ត ៤ គ្រឿង ដើម្បីផ្តល់សេវាសាធារណៈដល់ពលរដ្ឋក៏ដោយ៕