ព្រះសីហនុៈ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ខេត្ត​ព្រះសីហនុ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន​ ១០ ដើម្បី​រៀបចំ​វេទិកា​ការងារ​ដែល​ផ្តល់​ឱកាស​ការងារ​គ្រប់​ប្រភេទ​ជិត​ ៤០០០ ​កន្លែង ខណៈ​មន្ត្រី​អះអាង​ថា ការងារ​ភាគច្រើន​គឺ​ផ្តល់​អាទិភាព​ដល់​ពលរដ្ឋ​ដែល​មាន​កម្រិតវប្បធម៌​ទាប និង​ទទួល​បាន​ប្រាក់ខែ​សមរម្យ​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ចុះ​ថ្ងៃទី​ ១១ មីនា បាន​ឲ្យ​ដឹងថា វេទិកា​នេះ​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​ ១៤ ខែមីនា ក្នុង​បរិវេណ​សាលាស្រុក​ព្រៃនប់​ចាប់ពី​ម៉ោង​ ៨ ​ព្រឹក ដល់​ ១២ ថ្ងៃត្រង់​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​វាលមាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

សេចក្តី​ជូនដំណឹង​ដដែល​បាន​​បន្តថា វេទិកា​ការងារ​នេះ​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ សាលាស្រុក​ព្រៃនប់ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​ស.ស.យ.ក​) ​ខេត្ត​ព្រះសីហនុ​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​ «​ក្នុង​គោលបំណង ទី​ ១- ​បង្កើតជា​ទីកន្លែង​ជួបជុំគ្នា​ដែល​ងាយស្រួល​សម្រាប់​ធ្វើការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​ដាក់​ពាក្យ​ស្វែងរក​ការងារ​ធ្វើ​គ្រប់​ប្រភេទ​។ ​ទី​ ២- ​ក្រុមហ៊ុន​ធំៗ​ចំនួន​ ១០ រួមទាំង​បង្ហាញ​ពី​ឱកាស​ការងារ និង​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​គ្រប់​ប្រភេទ​ចំនួន ៣ ៧៩៩ ​កន្លែង​។ ទី​ ៣- ​អ្នកស្វែងរក​ការងារ​ធ្វើ​នៅក្នុង​តំបន់ និង​ខេត្ត​ជុំវិញ​អាចដាក់​ពាក្យ និង​ទទួលបាន​ការងារ​យ៉ាង​ទូលំទូលាយ និង​ងាយស្រួល​»​។

លោកស្រី ម៉ុច ធឿន ប្រធាន​មជ្ឈមណ្ឌល​ការងារ​ប្រចាំខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វេទិកា​នេះ​គឺជា​ព្រឹត្តិការណ៍​ធំ​លើក​ទី ១ សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​ដែល​បាន​សហការ​រៀបចំ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​។ លោកស្រី​បន្តថា​តាម​តួលេខ​ផ្លូវការ​នៅក្នុង​ខេត្ត​ព្រះសីហនុ អត្រា​ការងារ​ដែល​កំពុង​ត្រូវការ​មាន​ដល់​ទៅ​ជាង​ ៨០០០ ​កន្លែង​ដែល​ភាគច្រើន​ស្ថិត​ក្នុង​វិស័យ​កាត់ដេរ​វាយនភណ្ឌ​។

ប៉ុន្តែ​លោកស្រី​ថា សម្រាប់​វេទិកា​ការងារ​ខាងមុខនេះ​ការងារ​ប្រមាណ​ជិត ៤ ០០០ ​នឹងត្រូវ​ប្រកាស​រើស​ដោយ​ក្នុងនោះ​ភាគច្រើន​ក្នុង​វិស័យ​រោងចក្រ វាយនភណ្ឌ ដែល​ផ្តល់ជូន​ពលរដ្ឋ​ខ្មែរ​ដែលមាន​កម្រិតវប្បធម៌​ទាប​អាចមាន​ឱកាស​ទទួល​បាន​ការងារ​ច្រើន​។

លោកស្រី​បន្ថែមថា​៖ «​អ្នក​ដែល​នឹងចូលរួម​ក្នុង​វេទិកា​ការងារ​នេះ​​ជា​ប្រភេទ​កម្មករ​គួរតែ​ត្រៀម​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រកំណើត​ជាដើម ហើយ​សម្រាប់​អ្នកមាន​កម្រិត​វប្បធម៌​ខ្ពស់​ដែល​បំណង​ចង់​ដាក់ពាក្យ​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ ឬ​ក្រុមហ៊ុន​ជាដើម​នោះ​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ CV​។ ពួកគាត់​គឺ​នឹងមាន​ឱកាស​ទទួល​បាន​ការចុះឈ្មោះ និង​ការសម្ភាស​ភ្លាមៗ​ហើយ​ក្នុង​ករណី​សម្ភាស​មិនទាន់ ក្រុមហ៊ុន​ទាំងនោះ​អាច​រក្សា​ឯកសារ​របស់គាត់​ដើម្បី​ណាត់​មក​សម្ភាស​នៅពេល​ក្រោយ​»​។

លោកស្រី​បាន​បន្ថែមថា​វេទិកា​នេះ​នឹង​ផ្តល់​ឲ្យ​ដល់​អ្នកចូលរួម​នូវ​ឱកាស​ងាយស្រួល​ និង​ចំណាយពេល​តិច​ដែល​អាចនឹង​ទទួល​បាន​ការងារ​ធ្វើ​ឆាប់រហ័ស​ផងដែរ​។

លោក ម៉ៅ ផេង មន្ត្រី​ផ្នែក​បណ្តុះបណ្តាល​បុគ្គល​ក្នុង​ក្រុមហ៊ុន​ជាំងស៊ី​ ៣ ​អិលមេឌីខល​ប្រូដាក់​គ្រុប​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ក្រុមហ៊ុន​ចំនួន​ ១០ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការសម្រេច​ចូលរួម​វេទិកា​នេះ​ព្រោះតែ​រំពឹងថា​នឹង​អាច​ជ្រើសរើស​បុគ្គល​តាម​តម្រូវការ​របស់​ក្រុមហ៊ុន​ដែល​ត្រូវការ​បុគ្គលិក​បន្ថែម​ជាង​ ៥០០ ​កន្លែង​។

លោក​បន្ថែមថា ក្រុមហ៊ុន​លោក​ត្រូវការ​បុគ្គលិក​បន្ថែម​ផ្នែក​រដ្ឋបាល ផ្នែក​គ្រប់គ្រង​ក្នុង​រោងចក្រ និង​ផ្នែក​នាំចេញ-នាំចូល ហើយ​ក្នុងនោះ​កម្មករ​មិនមាន​ជំនាញ​ក៏ត្រូវការ​ក្នុង​ចំនួន​មួយ​ដ៏ច្រើន​ផងដែរ​ដោយ​អាច​ទទួល​ប្រាក់បៀវត្សរ៍​ចន្លោះ​ពី ២០៩ ដុល្លារ ដល់​ ៦០០ ​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​កន្លងទៅ​យើង​ប្រកាស​រើស​ដោយ​ចុះ​ទៅដល់​ផ្ទាល់ៗ​ដល់​សហគមន៍​ដូចជា​នៅតាម​បណ្តា​ខេត្ត​​ផ្សេងៗ​ និង​មានការ​ប្រកាស​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ខ្លះ​។ ប៉ុន្តែ​ការ​រើស​នេះ​មិន​គ្រប់​នោះទេ ព្រោះ​ឥឡូវ​ពិបាក​រក​​មនុស្ស​ធ្វើការ​ណាស់​។ យើង​រំពឹងថា វេទិកា​នេះ នឹង​ជួយ​យើង​ឲ្យ​រក​បុគ្គលិក​បន្ថែម​ឲ្យ​បាន​គ្រប់​ចំនួន​»​។

បើតាម​លោកស្រី ម៉ុច ធឿន មាន​ក្រុមហ៊ុន​ចំនួន​ ១០ ដែល​នឹងចូលរួម​ដាក់​ប្រកាស​ដើម្បី​​រើស​បុគ្គលិក​នោះ​គឺ​ភាគច្រើន​មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​តែម្តង ហើយ​មានតែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​កំពត ដូច្នេះ​លោកស្រី​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្នុង​ខេត្ត​នេះ​មក​​ទទួលយក​ឱកាស​ការងារ​នេះ​ទាំងអស់​គ្នា​៕