ភ្នំពេញៈ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) កាលពីថ្ងៃទី ១០ ខែធ្នូ បានចុះហត្ថលេខាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុវត្ថិភាព និងសុខភាពការងាររបស់ពលករខ្មែររហូតដល់ឆ្នាំ ២០២២។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Chuil-woo LEE អនុប្រធានទីភ្នាក់ងារ KOSHA របស់សាធារណរដ្ឋកូរ៉េកាលពីថ្ងៃអង្គារនៅខេត្តសៀមរាប។
លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា គម្រោងនេះបានបន្តចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក្រោយអនុវត្តចំនួន ៣ លើកតាំងពីឆ្នាំ ២០១០ មក។
លោក តុង ថ្លែងថា៖ «ការចុះ MoU នេះគឺគាត់បញ្ជូនអ្នកជំនាញរបស់គាត់ ដែលផ្តោតទៅលើសុវត្ថិភាពសំណង់គាត់មកបណ្តុះបណ្តាលយើង ដែលមួយឆ្នាំគាត់បញ្ចូនមក ២ នាក់ ហើយក្នុង ១ ឆ្នាំ គាត់យកមន្ត្រីពីខាងយើងជាង ១០ នាក់ទៅរៀនប្រទេសគាត់។ មិនត្រឹមតែប៉ុណ្ណឹង គាត់ក៏បានឧបត្តម្ភសម្ភារផ្សេងៗទៀតដែលកូរ៉េអ្នកចំណាយទាំងអស់ ហើយក្នុងមួយវគ្គៗរាប់សិបម៉ឺនដុល្លារ»។
លោកបន្តថា គោលបំណងនៃការអនុវត្តកិច្ចសហប្រតិបត្តិការស្ដីពីសុវត្ថិភាព និងសុខភាពការងារនេះ គឺដើម្បីគាំទ្រ និងកសាងសមត្ថភាពដល់ប្រទេសកម្ពុជាក្នុងវិស័យសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៃប្រទេសទាំង ២ ផងដែរ។
លោក ឡេង តុង បានឲ្យដឹងដែរថាក្នុងគម្រោងសុវត្ថិភាព និងសុខភាពការងាររយៈពេលជាង ៩ ឆ្នាំកន្លងមកនេះកូរ៉េបានជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារជិត ១០០ នាក់នៅប្រទេសរបស់គេ និងការបញ្ជូនអ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពមកបណ្តុះបណ្តាលមន្ត្រីផ្នែកសុវត្ថិភាព និងសុខភាពការងាររាប់ពាន់នាក់នៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ជារួមនៅពេលដែលប្រទេសយើងចាប់ផ្តើមរីកចម្រើន គឺយើងផ្តោតយកចិត្តទុកដាក់ទៅលើសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។ ពេលសេដ្ឋកិច្ចរីកចម្រើន ជាពិសេសវិស័យសំណង់ និងឧស្សាហកម្មក៏កាន់តែច្រើន នោះគ្រោះថ្នាក់នៅកន្លែងធ្វើការហ្នឹងក៏មានច្រើន ដែលចៀសមិនផុតទេ។ អ៊ីចឹងយើងផ្តោតសំខាន់ទៅលើការការពារចំពោះការគ្រោះថ្នាក់របស់កម្មករយើងឲ្យហើយ»។
លោក ឡេង តុង ក៏អះអាងដែរថាគម្រោងនេះក៏បានផ្តល់ប្រយោជន៍ដល់កម្ពុជា ស្របពេលដែលប្រទេសទាំង ២ កំពុងសិក្សាបង្កើតច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដែលជួយឲ្យកម្ពុជាអាចអនុវត្តបានដោយល្អប្រសើរ និងគ្រប់ជ្រុងជ្រោយទៅថ្ងៃអនាគត។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានលើកឡើងថា ការគិតគូរក្នុងការពង្រឹងសុវត្ថិភាព និងសុខភាពការងារជាមួយកម្ពុជាគឺជាការប្រសើរ ហើយក៏ចង់ឃើញស្ថាប័នទាំង ២ នេះធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះយន្តការតាមដានឲ្យបានល្អិតល្អន់នៅតាមបណ្តារោងចក្រ សហគ្រាស ជុំវិញបញ្ហាបរិស្ថាន និងស្តង់ដាការងារនៅកន្លែងធ្វើការ។
លោកថ្លែងថា ព្រោះវាជាមូលហេតុធំធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់កម្មករ ជាពិសេសធ្វើឲ្យកម្មករនៅតែបន្តដួលសន្លប់នៅកន្លែងធ្វើការ ហើយបញ្ហាទាំងនេះមិនអាចទប់ស្កាត់បានទេ គឺនឹងធ្វើឲ្យមានការខាតបង់ និងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ ទាំងម្ចាស់ក្រុមហ៊ុន និងកម្មករផ្ទាល់។
លោកបញ្ជាក់ថា៖ «យើងពិនិត្យឃើញរង្វង់នៃបញ្ហាគ្រោះថ្នាក់ហើយ ដែលមានហេតុគ្រោះថ្នាក់ជាច្រើននាពេលកន្លងមកដូចជាការដួលសន្លប់ច្រើន និងការបាក់រលំអគារ និងហេតុការណ៍ផ្សេងៗទៀតដែលបណ្តាលឲ្យរបួស និងស្លាប់ជាបន្តបន្ទាប់។ ទាំងអស់នេះ បើសិនជាយើងមិនបានយកចិត្តទុកដាក់ទេ ករណីរីករាលដាលនៃគ្រោះថ្នាក់ការងារនេះ បន្តជះឥទ្ធិពលទៅដល់កម្មករ។ រីឯម្ចាស់រោងចក្រ សហគ្រាស គាត់ក៏អាចនឹងខាតបង់ដូចគ្នាដែរ នៅពេលបណ្តាលឲ្យកម្មករជួបគ្រោះថ្នាក់»។
លោក ឡេង តុង បានឲ្យដឹងថា ក្នុងមួយឆ្នាំៗមានកម្មករ កម្មការិនីចន្លោះពី ១០០ ទៅ ២០០ នាក់ ដែលបានចុះបញ្ចីនៅរបបសន្តិសុខសង្គមបានដួលសន្លប់នៅតាមរោងចក្រ ខណៈចំនួននេះមិនបានរាប់បញ្ចូលកម្មករ កម្មការិនីដទៃទៀតដែលមិនបានចុះបញ្ជី និងទទួលសេវាពី ប.ស.ស នោះទេ៕