ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសៀវភៅសមួយអំពីកិច្ចខិតខំប្រឹងប្រែងជីករកឫសគល់ ចំពោះអ្វីដែលត្រូវបានគេហៅថា «បដិវត្តន៍ពណ៌ដែលគាំទ្រដោយបរទេស» ក្នុងប្រទេសកម្ពុជាដោយវាយប្រហារទៅលើប្រទេសមហាអំណាចដូចជា អាមេរិក ថា ព្យាយាមបង្ក «មហន្តរាយដែលមិនអាចវាស់ស្ទង់បាន» ក្នុងប្រទេសកម្ពុជា។
សៀវភៅស ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះមាន ១៣២ ទំព័របានគូសបង្ហាញអំពីទឡ្ហីករណ៍នៃមូលហេតុដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយបានលើកឡើង និងពង្រីកការអះអាងដែលធ្វើឡើងនៅក្នុងវីដេអូរបស់គណបក្សប្រជាជនកម្ពុជា និងសុន្ទរកថាក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានឲ្យដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រីសរសេរសៀវភៅនេះ «ដើម្បីប្រាប់អំពីប្រវត្តិសាស្ត្រការពិតរបស់កម្ពុជា»។ លោក ឥសាន ថ្លែងថា៖ «វាជាគំរូល្អទៅប្រទេសដទៃៗជុំវិញពិភពលោក ដែលរងការឈឺចាប់ពីប្រទេសមហាអំណាចដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។
សារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានចុះផ្សាយសៀវភៅសនេះទាំងមូលនៅក្នុងគេហទំព័ររបស់ខ្លួននៅថ្ងៃទី ១៣ ខែកុម្ភៈ ហើយបាននិយាយថាសៀវភៅនេះនឹងត្រូវបោះពុម្ពចំនួន ៧ ម៉ឺនច្បាប់ដើម្បីចែកចាយ។
នៅក្នុងសៀវភៅនេះ រដ្ឋាភិបាលគូររូបភាពប្រទេសកម្ពុជាជិតធ្លាក់ក្នុងសង្គ្រាម ដោយសារសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល ដែលទទួលបានថវិកាពី «ប្រទេសមហាអំណាច»។
សៀវភៅនេះសរសេរថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជាដដែលៗថា សង្គ្រាមដែលទោះទើបចប់ថ្មីៗអាចនឹងកើតមានឡើងវិញនៅក្នុងប្រទេសកម្ពុជា»។ «នេះមិនមែនជាការគំរាមកំហែង ឬវិធីសាស្ត្រចិត្តសាស្ត្រ ដើម្បីឈ្នះគូបដិបក្ខនោះទេ។
គណបក្សប្រឆាំងបាននិយាយថា ពួកគេមិនមានអាវុធ ប៉ុន្តែពាក្យសម្តីរបស់ពួកគេ សកម្មភាពរបស់ពួកគេ និងហិង្សាដែលអាចកើតមានគឺជាគន្លឹះដែលអាចផ្តួចផ្តើមឲ្យមានសង្គ្រាម»។
បើទោះបីជាសៀវភៅនេះដែលផ្តល់ភ័ស្តុតាងតិចតួចអំពីការចោទប្រកាន់ថា ប្រទេសលោកខាងលិចជាមេគំនិតរៀបចំបដិវត្តន៍ពណ៌ លោក ឥសាន បានថ្លែងថា ភ័ស្តុតាងនោះគឺ «មិនអាចបដិសេធបាន»។
ទោះយ៉ាងណាក្តីក្រុមអ្នកវិភាគបានហៅការរៀបចំសៀវភៅនេះថាជាទម្រង់នៃការឃោសនាដែលរៀបចំឡើងដើម្បីបញ្ចុះបញ្ចូលសាធារណជនអំពីតម្រូវការរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកវិភាគនយោបាយលោក មាស នី ថ្លែងថារដ្ឋាភិបាលធ្វើសៀវភៅសនេះឡើង ដើម្បីបិទបាំងនូវអសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសង្គម ដូចជាការបណ្តេញចេញទាំងបង្ខំ ការរំលោភបំពានដីធ្លី និងអំពើពុករលួយ។
លោក នី បានថ្លែងថា៖ «នៅពេលរដ្ឋាភិបាលមិនចេះរបៀបគ្រប់គ្រង ឬដោះស្រាយបញ្ហាសង្គម ពួកគេប្រើពាក្យបដិវត្តន៍ពណ៌ ជាពាក្យ ឬមធ្យោបាយបង្ក្រាបប្រជាជន»។ លោក នី ក៏នៅតែមិនជឿផងដែរថា សៀវភៅនេះនឹងមានឥទ្ធិពលខ្លាំង។
លោក នី ថ្លែងថា៖ «មិនមែនប្រជាជនកម្ពុជាទាំងអស់ចូលចិត្តការអាននោះទេ»។ «...រដ្ឋាភិបាលគួរស្វែងរកវិធីផ្សេងដើម្បីនៅជិតប្រជាជន និងពង្រឹងទំនុកចិត្ត និងទំនាក់ទំនងជាមួយពួកគេ»។
សៀវភៅសនេះដែលមានរូបភាពកុបកម្មជុំវិញពិភពលោក អះអាងថាការកុបកម្ម Arab Spring និងបដិវត្តន៍នៅអឺរ៉ុបខាងកើតគឺ «រៀបចំ និងផ្តល់ហិរញ្ញវត្ថុដោយប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តរបស់ពួកគេ» គឺដូចចលនាប្រឆាំងក្នុងប្រទេសកម្ពុជា។
ជាភ័ស្តុតាងសៀវភៅនេះលើកយករូបភាពលោក John McCain នៅក្នុងការប្រមូលផ្តុំតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ុយក្រែន និងការថ្លែងរបស់លោក សម រង្ស៊ី ក្នុងឆ្នាំ ២០១១ អំពីរបៀបដែលកម្ពុជាអាចនឹងកើតមានចលាចលស្រដៀងគ្នានឹងប្រទេសអេហ្ស៊ីប និងប្រទេសទុយនីស៊ី។
សៀវភៅនេះសរសេរថា៖ «បដិវត្តន៍ពណ៌ គឺជាឧបករណ៍នយោបាយថ្មីមួយ និងជាយុទ្ធសាស្ត្រឈ្លានពានដោយមិនប្រើកម្លាំងប្រដាប់អាវុធក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ សៀវភៅនេះបន្តថា បដិវត្តន៍ពណ៌ «មិនមែនជាឆន្ទៈពិតរបស់ប្រជាពលរដ្ឋទេ»។
តាមរយៈការងារនេះទីស្តីការគណៈរដ្ឋមន្ត្រីក៏បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងវិទ្យុសំបុកឃ្មុំថាបំផ្លើស «ដើម្បីបំពុលបរិយាកាសសង្គម» និងចោទប្រកាន់អង្គការសង្គមស៊ីវិលដូចជាអង្គការសិទ្ធិមនុស្ស លីកាដូ អង្គការ អាដហុក វិទ្យាស្ថានជាតិប្រជាធិបតេយ្យ អង្គការតម្លាភាពអន្តរជាតិ អង្គការខុមហ្វ្រែល និងអង្គការនិកហ្វិច ថាជាសម្ព័ន្ធមិត្តរបស់គណបក្សប្រឆាំង។
ទីស្តីការគណៈរដ្ឋមន្ត្រីបន្តចោទសួរមូលហេតុអ្វីអង្គការឃ្លាំមើលសិទ្ធិមនុស្សបរាជ័យមិនទប់ស្កាត់វោហារស័ព្ទប្រកាន់ពូជសាសន៍របស់គណបក្សសង្គ្រោះជាតិ ដែលប្រឆាំងវៀតណាម និងអះអាងថា UNOHCHR ផ្តល់ស្ថានភាពជនភៀសខ្លួនដល់មេបញ្ជាការខ្មែរក្រហម ឌុច ព្រមទាំងស្ត្រីកំណាន់របស់លោក កឹម សុខា ក្នុងការប៉ុនប៉ងទាញយកសក្ខីកម្មក្លែងក្លាយពីនាង។
តំណាងប្រចាំប្រទេសរបស់ UNOHCHR លោក Simon Walker កាលពីថ្ងៃទី ១៣ ខែកុម្ភៈ បានបដិសេធចំពោះការអះអាងទាំងនេះ ហើយអនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី លោក Phil Robertson ក៏បានបដិសេធផងដែរ ដោយថ្លែងថាលោកបានរិះគន់ជាសាធារណៈ ចំពោះវោហារស័ព្ទប្រឆាំងជនជាតិវៀតណាម «ជាច្រើនដងហើយ»។
លោក Phil Robertson បានសរសេរតាមអ៊ីមែលថា៖ «ជាជាងស្តីបន្ទោសអ្នកដទៃ គណបក្សប្រជាជនកម្ពុជាគួរក្រឡេកមើលខ្លួនឯង»។ «... ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យមានការរឹបអូសដីធ្លី ការបណ្តេញប្រជាជនចេញពីដីធ្លី ការលួចធនធានធម្មជាតិអំពើពុករលួយ និងសេវារដ្ឋាភិបាលមិនល្អ ការប្រើប្រាស់យោធា និងការចាប់ខ្លួនព្រមទាំងការរំលោភបំពានសិទ្ធិជាច្រើនទៀត ដែលទាំងនេះគឺជាកំណត់ត្រាដែលស្ទើរតែមិនមានអង្គការណាអាចគាំទ្រ»។
លោក អំ សំអាត ទីប្រឹក្សាផ្នែកច្បាប់នៅអង្គការសិទ្ធិមនុស្សលីកាដូ និងលោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជាក៏បានសង្កត់ធ្ងន់ផងដែរថា ពួកគេមិនមែនបក្ខពួកនិយមទេ។
សៀវភៅនេះក៏រិះគន់អាមេរិក និងសហភាពអឺរ៉ុបជាដដែលៗ ជាពិសេសចំពោះប្រតិកម្មរបស់ពួកគេ ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។
សៀវភៅនេះនិយាយថា៖ «អាស៊ី និងប្រទេសមួយចំនួននៅអឺរ៉ុប គឺអព្យាក្រឹត ដោយសារប្រទេសទាំងនោះបានដឹងអំពីស្ថានភាពរបស់កម្ពុជាយ៉ាងច្បាស់»។
ផ្ទុយទៅវិញ ប្រតិកម្មរបស់អាមេរិក និងសហភាពអឺរ៉ុប «មិនមែនជាការឆ្លើយតបទៅនឹងស្ថានភាពពិតប្រាកដ ក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែគឺដើម្បីបង្កើតការគាំទ្រគណបក្សប្រឆាំងដែលជារបស់អ្នកនយោបាយអាមេរិកមួយចំនួនដែលមានភាពលម្អៀង និងវាយប្រហាររដ្ឋាភិបាលជាច្រើនឆ្នាំមកហើយ»។
ដោយបង្ហាញវោហារស័ព្ទប្រឆាំងនឹងការគំរាមដាក់ទណ្ឌកម្ម រួមទាំងលទ្ធភាពនៃការបង្កកទ្រព្យសម្បត្តិ ឬលុបចោលកិច្ចព្រមព្រៀងសម្រាប់ការនាំចេញ «ទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ» ទៅអឺរ៉ុប រដ្ឋាភិបាលបានអួតថា គណបក្សប្រជាជនកម្ពុជាមាន «ការគាំទ្រយ៉ាងទូលំទូលាយ» ពីប្រជាជន។
សៀវភៅនេះបន្ដថា៖ «ពួកគេមិនគាំទ្រចលនាបំផ្លាញរបស់គណបក្សសង្គ្រោះជាតិទេ»។ សៀវភៅនេះបន្តថា គណបក្សប្រជាជនកម្ពុជាគ្រោងនឹងឈ្នះការបោះឆ្នោតខែកក្កដា «ភ្លូកទឹកភ្លូកដី»។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបដិសេធធ្វើអធិប្បាយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ជាម ចាន់នី បានថ្លែងនៅថ្ងៃទី ១៣ ខែកុម្ភៈ ថា លោកមិនយល់ស្របចំពោះការផ្តោតរបស់រដ្ឋាភិបាលទៅលើបដិវត្តន៍ពណ៌នោះទេ។ លោកថ្លែងថា៖ «ខ្ញុំគ្មានអ្វីបរិយាយទេ ពីព្រោះវាជារឿងដដែលៗ»។
លោកបន្តថា៖ «...[អាមេរិក និងអឺរ៉ុប] មិនមែននៅខាងគណបក្សសង្គ្រោះជាតិទេ ប៉ុន្តែនៅខាងប្រជាពលរដ្ឋកម្ពុជា។ យើងមិននៅជាមួយប្រទេសមហាអំណាចទេ យើងកំពុងដើរតាមផ្លូវប្រជាធិបតេយ្យ»៕ PS